យ៉ាងហោចណាស់ស្លាប់ ២៨នាក់ និងរបួស៦១នាក់ ដោយសារការបំផ្ទុះ គ្រាប់បែកនៅតួកគី

អង់ការ៉ា៖ នៅចំកណ្តាល ទីក្រុងអង់ការ៉ា ប្រទេសតួកគី មានករណីបំផ្ទុះគ្រាប់បែក មួយបានកើតឡើងបណ្តាលឲ្យ មានអ្នកស្លាប់យ៉ាងហោចណាស់ ២៨នាក់ និងអ្នកផ្សេងទៀត រងរបួសចំនួន ៦១នាក់ កាលពីថ្ងៃពុធម្សិលមិញ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា ករណីបំផ្ទុះគ្រាប់បែក នៅអង់ការ៉ា បានបណ្តាលឲ្យមាន អ្នកស្លាប់រហូតដល់ ២៨នាក់ ហើយរបួស ៦១នាក់ ដែលនេះជាការវាយប្រហារ មួយដែលធ្វើឲ្យរំជើបរំជួល ដល់ប្រទេសតួកគីតែម្តង ។

បើតាមការថ្លែងឲ្យដឹង ពីសំណាក់លោក Numan Kurtulmus ឧបនាយករដ្ឋមន្ត្រីរបស់ ប្រទេសនេះបានឲ្យដឹងថា ការបង្កឲ្យមានផ្ទុះគ្រាប់បែកនេះ គឺបានធ្វើឡើងសំដៅលើយោធា ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ជាក្រុមណាមួយដែលបង្កឡើង ។

ទាក់ទិននឹងករណី បំផ្ទុះគ្រាប់បែកនេះដែរ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានថ្លែងដោយសន្យាថា នឹងធ្វើការប្រឆាំងនឹង ការវាយប្រហារនេះ ព្រោះវាជាការបង្កនូវការ សម្លាប់យ៉ាងច្រើនមក លើពលរដ្ឋតួកគី ហើយតួកគី ក៏បានបរិហារទៅលើក្រុមជីហាដ ក៏ដូចជាឧទ្ទាម ឃឺដ ដែរ ជុំវិញករណីនេះ៕