ខែមីនា និង មេ​សា ធាតុអាកាស​ក្តៅ​ហួតហែង ឯ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រា​ក់កើត​ឡើង​ច្រើន

ខែមីនា និង មេ​សា ធាតុអាកាស​ក្តៅ​ហួតហែង ឯ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រា​ក់កើត​ឡើង​ច្រើន

រាជធានី​ភ្នំពេញ ៖ នៅ​រដូវប្រាំង​នេះ អាកាសធាតុ​បន្ត​ក្តៅ​ហួតហែង​សម្រាប់​ខែមីនា និង​មេ​សា ចំណែក​បរិមាណ​ទឹកភ្លៀង​កក់ខែ​មាន​ចំនួន​តិចតួច ប៉ុន្តែ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​នឹង​កើតឡើង​ច្រើន ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​។

តាម​ការ​ព្យាករ​ក៏​បានឱ្យ​ដឹង​ដែរ​ថា នៅ​ដើមរដូវ​វស្សា​គឺ​ចាប់ពី​ខែឧសភា​និង​ខែកក្កដា ក៏​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​តិចតួច ឯ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​មាន​ច្រើន​ដដែល ។ ជាមួយ​គ្នា​នេះ ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ក៏​ជា​កូន​រដូវប្រាំង​រហូត​ដល់​ចុងខែ​នេះ​ដែរ ។

សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹង​ដែរ​ថា របាយ​ទឹកភ្លៀង​ដែល​អាច​ធ្លាក់​ច្រើន គឺ​ចាប់ពី​ខែសីហា​រហូត​ដល់​ចុងខែ​វិច្ឆិកា ។ យោង​តាម​ការ​ព្យាករណ៍​ដដែល សម្រាប់​ប្រជា​កសិករ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ពិសេស​ការ​ខ្វះ​ទឹក​ស្រោចស្រព ខណៈ​ដែល​តំបន់​ខ្លះ​ខ្វះខាត​ទឹក​ប្រើប្រាស់​រួច​ទៅ​ហើយ ។

អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ផង​នោះ គឺ​ខ្យល់​កន្ត្រាក់​ដែល​តែងតែ​បង្ក​មហន្តរាយ​ដល់​លំនៅ​ឋាន​អស់​រាប់រយ​ខ្នង នៅ​តាម​បណ្តា​ខេត្ត​នានា ហើយ​រន្ទះ​ក៏​តែងតែ​យាយី​ដល់​អាយុជីវិត​ផង​ដែរ​។ ការ​ទទួល​បាន​ព័ត៌មាន​នេះ​សង្ឃឹមថា ប្រជាពលរដ្ឋ​នឹង​ត្រៀម​បម្រុង​សម្រាប់​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​នេះ ៕