អ្នកបើកបរ​លួច​រថយន្ត​ថៅកែ​រត់​មក​ភ្នំពេញ

អ្នកបើកបរ​លួច​រថយន្ត​ថៅកែ​រត់​មក​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក NISSAN NAVARA ១​គ្រឿង​ពី​ខេត្តសៀមរាប ខណៈ​ពេល​ដែល​បើក​ជូន​ថៅកែ​ទៅ​ទិញ​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង ហើយ​បាន​លួច​បើក​រត់​មក​ភ្នំពេញ ប៉ុន្តែ​ត្រូវ​ម្ចាស់​តាម​រក​ឃើញ​និង​ស្រែក​ឆោឡោ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​អ្នកដំណើរ​តាម​ផ្លូវ​ជួយ​ដេញចាប់​បាន​នៅ​ក្នុងផ្ទះ​មួយ​កន្លែង និង​ថែម​ទាំង​មានការ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​ផង​ដែរ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ កុម្ភៈ  នៅ​មុខ​ផ្ទះ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ទល់មុខ​ផ្សារ​ទំនើប​ផាក​វ៉េ លើ​កំណាត់​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​រូប​នេះ​ឈ្មោះ ស៊ឹ​ម សា​រុន អាយុ​៤៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​មាន​ទីលំនៅ​ក្នុងភូមិ​លេខ​១ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ពេល​ដែល​ម្ចាស់​តាម​រក​ឃើញ ពេល​កំពុង​តែ​បើករថយន្ត​នៅ​តាម​ផ្លូវ ហើយ​បាន​ស្រែក​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​ដេញចាប់ ។

ម្ចាស់​រថយន្ត​ឈ្មោះ សុខ គឹ​ម​សុង អាយុ​៦៧​ឆ្នាំ ជា​ឈ្មួញ​ទិញ​លក់​ដំឡូង​មី មាន​ទីលំនៅ​ក្នុងភូមិ​ស្រ​យូ​ង ឃុំ​ស្រ​យូ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​បាន​អ្នកបើកបរ​លួច​រថយន្ត​បើក​រត់​មក​ដល់​ភ្នំពេញ គឺជា​រថយន្ត​ម៉ាក NISSAN NAVARA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-7523 មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ កន្លង​មកនេះ ខណៈ​ពេល​ដែល​រូប​គាត់​ឱ្យ​បើក​ជូន​ទៅ​ទិញ​គ្រឿងបន្លាស់​រថយន្ត​មួយ​កន្លែង​នៅ​ឯ​ខេត្តសៀមរាប ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​ជា​ម្ចាស់​រថយន្ត​កំពុង​តែ​ជិះ​ម៉ូតូ​ជាមួយ​និង​ក្មួយ​ប្រុស​ម្នាក់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​វ​៤៣០ នៅ​ម្តុំ​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​នោះ ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់ កំពុង​តែ​បើកបរ​ដោយ​ជនសង្ស័យ​ដែល​លួច​រថយន្ត​របស់​គាត់​មក​នោះ ។ ពេល​បានឃើញ​ហើយ ពួក​គាត់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ហៅ​ឱ្យ​ឈប់ ប៉ុន្តែ​ជន​នេះ​មិន​បាន​ឈប់​ឡើយ ថែម​ទាំង​បង្កើន​ល្បឿន​រថយន្ត​ព្យាយាម​បើក​រត់ ។

លុះ​មក​ដល់​ផ្លូវ​ចង្អៀត​ក៏​តាម​ទាន់​ហើយ បុរស​ជា​ក្មួយ​ក៏​បានរ​ត់ទៅ​ឡើង​ជិះ​នៅ​ខាងក្រោយ​រថយន្ត​នោះ និង​នាំ​គ្នា​ស្រែក​ឆោឡោ​ថា «​ចោរ​» ។ ភ្លាម​នោះ​ក៏​មានការ​ភ្ញាកផ្អើល​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ជួយ​ធ្វើ​អន្តរាគមន៍​ដេញ​តាម និង​ប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យ​កម្លាំង​នគរបាល​ទាំងអស់​ក្នុង​ខណ្ឌចំការមន​ជួយ​ស្ទាក់​ចាប់ ។

ពេល​ដែល​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ធ្វើការ​ដេញ​តាម​ឃាត់​រថយន្ត​១​គ្រឿង​នោះ​ឱ្យ​ឈប់ ប៉ុន្តែ​អ្នកបើកបរ​រូប​នោះ ក៏​នៅ​តែ​ព្យាយាម​បើករថយន្ត​រត់គេច​ទៀត ។ លុះ​បើក​មក​ដល់​ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ដែល​មាន​ចរាចរណ៍​កកស្ទះ​ទៅ​មិន​រួច​នោះ អ្នកបើកបរ​ដែល​ជា​ចោរ​ក៏​បាន​ចុះ​ពី​រថយន្ត ហើយ​រត់​ចូល​ទៅ​ក្នុងផ្ទះ​គេ​នៅ​ជិត​នោះ ដែល​ទីបំផុត​ក៏​ឃាត់ខ្លួន​បាន និង​ឈាន​ទៅ​ដល់​ការ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​ផង​ដែរ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​រថយន្ត​របស់​កម្លាំង​នគរបាល​ខណ្ឌចំការមន​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​តាម​ដងផ្លូវ​យ៉ាង​ខ្លាំង ដែល​ខ្លះ​មាន​បំណង​ប្រើ​ហិង្សា​ពេល​ដែល​ជនសង្ស័យ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​ប៉ូលិស ។

ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ជនសង្ស័យ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត ។ ចំណែកឯ​រថយន្ត​ក៏​ត្រូវ​ប្រគល់​ទៅ​ឱ្យ​បុរស​ជា​ម្ចាស់​វិញ​ផង​ដែរ ៕