យកទូរស័ព្ទគេ ពេលម្ចាស់ទាន់ គប់ចោលត្រូវទ្រោមខ្លួន

ភ្នំពេញ៖ ឃើញទូរស័ព្ទគេ ទុកចោលនៅម៉ូតូ រពិសដៃលូកយក ត្រូវម្ចាស់ទាន់ ស្រែកឆោឡោ ផ្អើលអ្នកដំណើរ នាំគ្នាដេញចាប់ វាយឡើងប៉ោងមុខ ទើបប្រគល់ទៅ អោយនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ករណីចាប់អ្នកលួចទូរស័ព្ទដៃនេះ កើតឡើង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៨និង៣០នាទី នៅចំណុចមុខហាង លក់ទំនិញ២៥០០ ផ្លូវបេតុង ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

លោក តេង ស៊ីណូ អធិការខណ្ឌ បានអោយដឹងថា ជនសង្ស័យឈ្មោះ ឃុន ខាយហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រីសណ្តាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរម្ចាស់សិប្បកម្មកធ្វើតុ.ទូ ស្នាក់នៅផ្ទះលេខ ៩៤៣ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទូរស័ព្ទដៃ ០១គ្រឿងម៉ាកអាយហ្វូនស៊ិក (IPhone 6) ពណ៍ទឹកមាស ។

បើតាមលោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍រដ្ឋបាល ស្ទឹងមានជ័យ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡេង ស្រីសណ្តាប់ បានជិះម៉ូតូ០១គ្រឿង ប្រភេទ ស្គូបពីជាមួយប្តីឈ្មោះ វ៉ា ស៊ីចិន្តា មកចតទុកមុខហាង លក់ទំនិញ២៥០០ (ចំណុចកើតហេតុ) ដោយទុក ទូរស័ព្ទដៃ០១គ្រឿងអាយហ្វូនស៊ិក (IPhone 6) នៅក្នុងថតម៉ូតូផ្នែកខាងមុខ រួចក៏នាំគ្នាចូលទៅទិញទំនិញក្នុងហាង ក្នុងពេលនោះជនសង្ស័យឈ្មោះ ឃុន ខាយហាក់ បានដើរម្នាក់ឯងចូលមក ធ្វើសកម្មភាពលួចយក ទូរស័ព្ទដៃរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបាន ចេញពីក្នុងហាងមកឃើញទាន់ ក៏ស្រែកឆោឡោឡើង ជនសង្ស័យបានគប់ទូរស័ព្ទចោល (បាត់រកមិនឃើញ) ហើយរត់គេចខ្លួន ភ្លាមនោះអ្នកជិតខាងនាំគ្នា ដេញចាប់បានជនសង្ស័យ ហើយព្រួតគ្នាវាយបណ្តាលឲ្យ របួសហើមប៉ោងផ្ទៃមុខ រួចទើបយកមកប្រគល់ ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ចាត់ការតាមច្បាប់តែម្តង ។ បច្ចុប្បន្នជនសង្ស័យ (ឃុន ខាយហាក់) ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

យកទូរស័ព្ទគេ ពេលម្ចាស់ទាន់ គប់ចោលត្រូវទ្រោមខ្លួន