សុខភាព &raquo សុខភាព

តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ហូ​ឡង់​បាន​រក​ឃើញ​ថា បន្ទាប់​ពី​មិន​បាន​ដេក​អស់​មួយ​យប់ បុគ្គល​គ្រប់​រូប​សូ​ម្បី​ខួរក្បាល​របស់​ខ្លួន​ដែល​ធ្លាប់តែ​មាន​សុខភាព​ល្អ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​ប្រឈម​ខ្ពស់​ទៅ​នឹង​ជំងឺ​ភ្លេចភ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់ ។

វេជ្ជបណ្ឌិត Jurgen Claassen មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ Radboud នៅ​ក្រុង Nijmegen និង​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ថ្លែង​ថា យើង​គិត​ថា​ការ​ទទួលទានដំណេក​ប្រកបដោយ​សុខភាព​អាច​ជួយ​កាត់​បន្ថយ​ចំនួន (Amyloid) បេ​តា​នៅ​ក្នុង​ខួរក្បាល តែ​ប្រ​សិន​ដំណេក​របស់​អ្នក​ត្រូវ​បាន​រំខាន ការ​ថយ​ចុះ​នេះ​ត្រូវ​បាន​រារាំង ។

លោក​បាន​បន្ត​ថា ចំពោះ​បុគ្គល​ដែល​បរាជ័យ​ដេក​ពុំ​លក់​ក្នុង​ពេល​យប់​ម្តង​ហើយ​ម្តងទៀត ការ​ផ្តោតអារម្មណ៍​របស់ Amyloid-beta អាច​នឹង​ពូន​ផ្តុំ​ឡើង ហើយ​នោះ​គឺជា​កត្តា​មួយ​នៃ​ការ​អភិវឌ្ឍ​របស់​ជំងឺ​ភ្លេចភ្លាំង ។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ភ្លេចភ្លាំង​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា ការ​ភ្លេច​ច្រើន​ឬ​វង្វេង​រង្វាន់ គឺជា​ទម្រង់​ទូទៅ​ដ៏​សាមញ្ញ​បំផុត​របស់​ជំងឺ​ភ្លេចភ្លាំង ហើយ​វា​គឺជា​មូលហេតុ​នៃ​ការ​ស្លាប់​នាំមុខ​គេ​លំដាប់​ទី​៦​ក្នុង​ចំណោម​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​វ័យ​ចំណាស់ ។ ជនជាតិ​អា​មេ​រិ​ករ​ហូត​ដល់​ទៅ​៥​លាន​នាក់​កើត​មាន​ជំងឺ​នេះ ។

ជំងឺ​វង្វេង​ភ្លេចភ្លាំង​ត្រូវ​បាន​កំណត់​ដោយ​ការ​ប្រមូលផ្តុំ​ប្រូ​តេ​អីុ​ន Amyloid-beta ក្នុង​ខួរក្បាល ។ មូលហេតុ​ជំងឺ​នេះ​មិន​ត្រូវ​បានដឹង​នៅឡើយ​ទេ ប៉ុន្តែ​បន្ទះ Amyloid-beta ជា​យូរ​មក​ហើយ​ត្រូវ​បាន​គេ​គិត​ថា វា​ដើរតួ​នាទី​យ៉ាង​សំខាន់​មួយ ។

នៅ​ក្នុង​ការ​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ វេជ្ជបណ្ឌិត Claassen និង​មិត្ត​រួមការ​ងារ​របស់​គាត់​បាន​ចង្អុលបង្ហាញ​តាម​រយៈ​ព្រឹត្តិបត្រ JAMA Neurplogy ថា បន្ទាប់​ពី​ការ​ដេក​លក់​ស្កប់ស្កល់​អស់​ពេញ​មួយ​យប់​មក ចំនួន Amyloid-beta ក្នុង​ខួរក្បាល​កណ្តុរ​មាន​សុខភាព​ល្អ​គួរ​ឱ្យ​កត់សម្គាល់ ។ នោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ដំណេក​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លាង​សម្អាត​ប្រូ​តេ​អុ​ី​ន​ដែល​នៅ​សេសសល់​ពី​ពេល​យប់ ។

ដើម្បី​មើល​ឱ្យ​ប្រាកដ​ថា​តើ​វា​មាន​ប្រសិទ្ធភាព​បែប​ណា​ទៅ​លើ​មនុស្ស ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ជ្រើសរើស​បុរស​វ័យ​កណ្តាល​២៦​នាក់​យក​មក​ពិសោធ​និង​ពិនិត្យ​តាមដាន​លើ​ទម្លាប់​ទទួលទានដំណេក​របស់​ពួក​គេ ។ ជា​លទ្ធផល គេ​បាន​រក​ឃើញ​ថា បុរស​ដែល​ទទួលទានដំណេក​ពេល​យប់​ស្កប់ស្កល់ កម្រិត Amyloid-beta ក្នុង​ទឹក​ខួរឆ្អឹងខ្នង​របស់​ពួក​គេ​នៅ​ពេល​ព្រឹក​ទាប​ជាង​ពេល​ដែល​ពួក​គេ​ចូល​ដេក​ប្រហែលជា​៦​ភាគរយ ។ រីឯ​បណ្តា​បុរស​ដែល​ឧ​ហ្សា​ហ៍​ដេក​ភ្ញាក់​ៗ​ពេញ​មួយ​យប់ កម្រិត Amyloid-beta របស់​ពួក​គ​មិន​ប្រែប្រួល​ឡើយ ។

គុណភាព​ដំណេក​ដែល​បុរស​ទាំងនោះ​ទទួល​បាន​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​Amyloid-beta ផង​ដែរ ។ អាស៊ីត​អា​មី​ណូ​ដែល​មាន​ចំនួន​យ៉ាងច្រើន​ត្រូវ​បាន​លាង​ជម្រះ​ចេញ​អំឡុង​ពេល​ដំណេក​កំពុង​លង់លក់​ស្កប់ស្កល់ ៕