ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់  កាលពី​ម៉ោង​០៥ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ស្ថិត​នៅ​ភូមោ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពស់ ខណ្ឌដង្កោ រាជធានី​ផ្នំ​ពេញ ពាក់ព័ន្ធ​ចាប់​ក្មេង​ប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ ជម្រិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​ចំនួន​៣​លាន​រៀល និង​បាន​រំដោះ​ក្មេង​ប្រុស​រង​គ្រោះ​មក​វិញ​ដោយ​សុវត្ថិភាព ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សួ​ស វ៉ា​ណូ អាយុ​២២​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​តាំង សុ​ហទ័យ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជា​សិស្សសាលា​បឋម​សិក្សា​បច្ចេកវិទ្យា​សម្តេចឪ ក្នុងភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។ មាន​ឪពុក​ឈ្មោះ​តាំង សង្គម អាយុ​៣៩​ឆ្នាំ មានមុខ​របរ​ស្មូន​រូប និង​ម្តាយ​ឈ្មោះ​ម៉ូ​វ រម្យ​ទ​ម្យ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ​តូច ឃុំ​កំពង់​ហ្លូ​ង ស្រុក​ពញាឮ ខេត្តកណ្តាល ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ C125 ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF-4254 និង​ប្រាក់​​ខ្មែរ​៤,២៥០០​រៀល ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​០១ និង​១០​នាទី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៥ ជនសង្ស័យ​បាន​ប្រាប់​ក្មេង​ប្រុស​រង​គ្រោះ​ថា ប៉ា​ម៉ាក់​ទៅ​កំពង់ចាម​៤​ថ្ងៃ និង​បាន​លួងលោម​ក្មេង​ប្រុស​រង​គ្រោះ​ថា ឱ្យ​ទូរស័ព្ទ​១​គ្រឿង​ជា​កាដូ រួច​ជនសង្ស័យ​បាន​ឌុ​ប (​ជិះ​ម៉ូតូ​) ធ្វើ​ដំណើរ​តាម​ភ្នំ​អដ្ឋារស្ស ចេញ​តាម​ព្រែក​ព្នៅ​មក​ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ដើម​ថ្កូវ​ចំនួន​២​យប់ ។ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ជនសង្ស័យ​បាន​ទូរស័ព្ទ​ទារប្រាក់​ចំនួន​២​លាន​រៀល​ពី​អាណាព្យាបាល​ក្មេង​ប្រុស​រង​គ្រោះ ។ លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧​កុម្ភៈ ជនសង្ស័យ​បាន​នាំ​ក្មេង​រង​គ្រោះ​ទៅ​ភ្នំ​តា​ម៉ៅ រហូត​ដល់​ម៉ោង​០២​រសៀល ទើប​ត្រឡប់​មក​ផ្តុំ​ផ្សារ​សៀមរាប​កន្ទួត ហើយ​បាន​ទូរស័ព្ទ​មក​អាណាព្យាបាល​ឱ្យ​វេរ​ប្រាក់​តាម Wing ចំនួន​៣​លាន​រៀល តែ​អាណាព្យាបាល​សុំ​ឱ្យ​តែ​២​លាន​រៀល ។

ដោយ​មានកា​រៀ​រប​ចំ​ផែន​ពង្រាយ​កម្លាំង​អាវុធហត្ថ​ស៊ី​វិល​តាម​ដងផ្លូវ ផ្ទះ​សេវា​ផ្ទេរ​ប្រាក់ Wing តាម​ផ្ទះ (​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២) ចាប់តាំងពី​ស្រុក​បាទី ខេត្តតាកែវ រហូត​ដល់​ក្រុង​តា​ខ្មៅ និង​មានការ​តាម​តំបន់​សេវា​ទូរស័ព្ទ (Location) របស់​ជំនាញ​អហ​ផ​ទ ជា​ប្រច​ឈាំ កម្លាំង​យើង និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក៏​ប្រទះ​ជនសង្ស័យ និង​ជន​រង​គ្រោះ​នៅ​ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​រំដោះ​ក្មេង​រង​គ្រោះ ។ ពេល​នោះ ជន​ស​ង្ស័​តយ​រត់​កាត់​វាលស្រែ តែ​ក៏​ត្រូវ​កម្លាំង សហការ​ជាមួយ​ក​ន្លាំ​ង​នគរបាល​ប៉ុស្តិ៍​ព័ទ្ធ​ចាប់ខ្លួន​បាន​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​បាន​យក​មក​សួរនាំ​តាម​នីតិវិធី​នៅ​ទីបញ្ជាការដ្ឋាន អហ​ខេត្តកណ្តាល ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ កម្លាំង​យើង​បាន​ប្រគល់​ជូន​អាណាព្យាបាល​យក​ទៅ​លំនៅ​ឋាន ។