អភិបាល​ខេត្ត​មណ្ឌល​គិរី​ត្រូវ​បាន​ដកចេញ​ដោយការ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋមូលដ្ឋាន

យោង​តាម​​ក្រុម​មន្ត្រី​​បាន​ឲ្យ​ដឹង​ថា លោក អេង ប៊ុនហៀង អភិបាល​ខេត្ត​មណ្ឌលគិរី​​ដែល​​​​រង​ការ​រិះគន់​ច្រើននោះ ​​នឹង​ត្រូវ​​ជំនួស​ដោយ​អភិបាល​រង​នៅ​ថ្ងៃ​នេះនៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ជា​អធិបតី​ដោយ​​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

​បើ​ទោះ​ជា​រដ្ឋាភិបាល​អះអាង​ថា លោក​​ អេង ប៊ុនហៀង ​ត្រូវ​បាន​ជំនួស​ដោយ​​សារ​លោក​​​ដល់​អាយុ​ចូល​និវត្តន៍​​គឺ​អាយុ​៦០​ឆ្នាំ​ក៏​ដោយ ក៏​សកម្មជន​​​ និង​បុគ្គលិក​សិទ្ធិ​មនុស្ស​​សង្ស័យ​ថា ការ​ដក​រូប​លោក​​ចេញ​ទាក់​​​​ទង​​​ទៅ​នឹង​​​ការមិនពេញ​ចិត្តក្នុង​ចំណោម​សហ​​​គមន៍​​ជន​ជាតិ​ដើមភាគតិច​ និងការ​ដែល​​លោក​មិន​បាន​​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏រាល​ដាលនៅ​​​​ក្នុង​ខេត្ត​ភាគបូពា៌នេះ​​។

លោក អេង ប៊ុនហៀង ​​ជាអ្នក​ស្មោះត្រង់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​​​អភិបាល​​រង ​​ត្រូវ​បាន​តែងតាំង​​​ជា​អភិបាល​ខេត្ត​ក្នុង​ឆ្នាំ​២០១៣។ យោង​តាម​លោក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​​មិន​ដល់​៣​ឆ្នាំ​ផង​ លោក​នឹង​ត្រូវ​ជំនួស​ដោយ​អភិបាល​រង​​គឺ​លោក ស្វាយ សំអ៊ាង។ ​

លោក​បាន​ថ្លែង​ថា “​អាយុ​របស់​គាត់​តម្រូវ​​​ឲ្យ​គាត់​ចូល​និវត្ត​។ លោក​​​ អេង ប៊ុនហៀង នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​ ប៉ុន្តែ​ថ្នាក់​លើ​មិន​​ទាន់​បាន​តែងតាំង​លោក​​ឲ្យ​កាន់​តួនាទី​ជាក់​លាក់​នៅ​ឡើយ​ទេ”។

នៅ​ពេលស្នើ​​សុំ​ឲ្យ​ពន្យល់​​ពី​មូលហេតុ​ដែល​លោក អេង ប៊ុនហៀង ​​អាយុ​ច្រើន​​មិន​អាច​ដឹកនាំ​​ការ​ងារ​ថ្នាក់​ខេត្ត​​បាន​ ប៉ុន្តែ​លោក​នៅអាច​បម្រើ​ប្រទេស​ជាតិ​បាន​នោះ ឧត្ដម​សេនីយ៍​ ខៀវ សុភ័គ ​មាន​ប្រសាសន៍​ត្រឹមតែ​ថា ការ​ផ្ទេរ​នេះ​គឺ​ជា​ “រឿង​ធម្មតា​” ទេ។

លោក អ៊ាង ម៉េងលី អ្នក​ស៊ើបអង្កេត​​អង្គការ ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា ចំណាត់​ការ​នេះមិន​​​​ទំនង​សោះ។​​​

លោក​ ម៉េងលី បាន​ថ្លែង​ថា “យើង​មិន​ដឹង​មូលហេតុ​​ពិត​ប្រាកដ​ចំពោះ​ការ​ដក​​រូប​លោក​ទេ។ ប៉ុន្តែ​កាលពី​ឆ្នាំ​មុន សហគមន៍ទាំងនេះ​​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួងមហាផ្ទៃ និង​រដ្ឋសភា ព្រមទាំង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ស្នើ​​សុំ​ឲ្យ​ដក​អភិបាល​ខេត្ត​រូប​នេះ​ ពីព្រោះ​ពួក​គាត់​​​ខឹង​ការ​ដែល​ថា គាត់​បាន​ដក​ហូត​សេរីភាព​ និង​​​​រំលោភ​សិទ្ធិ​មនុស្ស​”។

កាលពី​ខែ​​តុលា សមាជិក​ប្រហែល​៩០០​នាក់មកពី​សហគមន៍​​ជនជាតិ​ដើម​ភាគតិច​ព្នង​​១៧​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​ញត្តិ​ដោយ​មាន​ផ្ដិត​មេដៃ​ផង​ ស្នើ​សុំ​​ឲ្យ​​បណ្ដេញ​លោក ​អេង ប៊ុនហៀង​ ចេញ ហើយ​បាន​បញ្ជូន​ញត្តិ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ។

ញត្តិ​នេះ​​បាន​ចោទ​​អភិបាល​ខេត្ត​រូប​នេះ​ថា បាន​រារាំង​​សហគមន៍​មិន​ឲ្យ​ហែក្បួន​​នៅ​ទិវា​​​អន្តរជាតិ​​​ជនជាតិ​ដើមភាគតិច​ពិភព​លោក ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​វិវាទ​ដីធ្លី​ជាច្រើន​​​របស់​ពួកគាត់​។ ក្រសួង​បាន​ឆ្លើយ​តប​ដោយ​សុំឲ្យ​​អភិបាល​ខេត្ត​រូប​នេះ​ធ្វើ​ការ​ពន្យល់​ពី​សកម្មភាព​របស់គាត់​​។

យោង​តាម​លោក ម៉េងលី​ បាន​ឱ្យ​ដឹង​ថា ការ​អំពាវ​នាវ​ផ្សេង​ទៀត​ដែល​បានផ្ញើ​​​ជូន​​​រដ្ឋាភិបាល​ បាន​រៀប​​​រាប់​​​អំពី​​​ការ​​​មិន​​​​​​ពេញ​​​ចិត្ត​​​របស់​​​​សហគមន៍​ទាំងនេះចំពោះ​​​ការ​ដែល​ថា លោក អេង ប៊ុនហៀង​ មិន​បាន​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​ដែល​បាន​បំផ្លិញ​បំផ្លាញ​​ព្រៃឈើ​​ដែល​ក្រុម​សហគមន៍​បាន​ពឹងផ្អែក។

លោក គ្រឿង តុលា តំណាង​សហគមន៍​ជន​​ជាតិព្នង​ជាច្រើន​​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា លោក អេង ប៊ុនហៀង ត្រូវ​បាន​ដក​​ចេញ​ដោយ​សារ​សកម្ម​​ភាព​របស់​ក្រុមទាំង​​នេះ ជា​ពិសេស​ការ​គំរាម​​​​ផ្ដាច់​ខ្លួន​​​​របស់ពួកគាត់​​​​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នាពេល​​​​ខាង​មុខ​ ​​​ព្រោះ​​​ពួក​​​គាត់​​​ជាអ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​ចំពោះ​​​​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ​បោះ​ឆ្នោតមុនៗ។

លោក​បាន​ថ្លែង​ថា ”​ប្រជាពលរដ្ឋ​របស់​យើង​​បាន​បោះ​ឆ្នោត​​ដើម្បី​ជួយ​ដល់​អភិបាល​ខេត្ត​រូប​នេះ។ ប៉ុន្តែ​ទីបំផុត​ អភិបាល​ខេត្ត​រូប​នេះ​​បែរ​ជា​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅវិញ។ ខ្ញុំ​គិត​ថា ការ​ដក​អភិបាល​ខេត្ត​រូប​នេះ​ ពីព្រោះ​​​ជនជាតិ​​ភាគតិច​របស់យើង​បាន​គំរាម​​មិន​បោះ​​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ដក​អភិបាល​ខេត្តរូប​នេះ​ចេញទេ​នោះ”។

គេ​មិន​អាច​ទាក់​ទង​លោក អេង ប៊ុនហៀង ​និង​លោក ​ស្វាយ សំអ៊ាង ដែលត្រូវ​ជំនួស​រូបលោក​បាន​ទេ​កាលពី​ម្សិលមិញ៕ សារុន​

The post អភិបាល​ខេត្ត​មណ្ឌល​គិរី​ត្រូវ​បាន​ដកចេញ​ដោយការ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋមូលដ្ឋាន appeared first on ខេមបូឌា ដេលី.