សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់

យោង​​​តាម​​​មេធាវី​​​របស់​​​លោក​​​ វ៉ែន ​​​វ៉ន​​​សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី បាន​ឲ្យ​ដឹងថា ​អំឡុង​​​ពេល​​​​បើក​​​សវនាការនៅ​​​សាលា​​​ ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​​​​កាល​​​ពី​​​ម្សិលមិញ​ សកម្មជន​រូប​នេះ​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ដែល​​​គេ​​​បាន​ចោទ​​​​មក​លើក​​​រូប​​គាត់​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ទាក់​​​ទិន​​​ការ​​​ជាប់​ពាក់​​​ព័ន្ធ​​​របស់​​គាត់​នៅ​​​ក្នុង​​​ការ​​​សាង​​​សង់​​​​​​មណ្ឌល​​​សហគមន៍​​​ដែល​​​ធ្វើ​​​អំពី​​​ឈើ ​​​។

កាល​​​ពី​​​ខែ​​​តុលា​​​ លោក វ៉ែន វ៉ន ត្រូវ​​​បាន​​​ចាប់​​​ខ​​​្លួន និង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ ដែល​​​ត្រូវ​​​មានទោស​ជាប់​​​ពន្ធនាគារ​​​រហូត​​​ដល់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ ពាក់​​​ព័ន្ធ​​​នឹង​​​ឈើ​​​ដែល​​​គាត់​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ជួយ​​​សាង​​​សង់​​​មណ្ឌល​​​សហគមន៍​​​សម្រាប់​​​ភូម​ិ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាលថា ​​​​​​​ប្តឹង​​​លោក វ៉ែន វ៉ន ដោយ​​​សារ​​​គាត់​​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ប្រឆាំង​​​​​​គម្រោង​​​​បង្កើត​ទំនប់​​​វារីអគ្គិសនី​​​ដែល​​​គាំទ្រ​​​ដោយ​​​រដ្ឋាភិ​​​បាល​​​នៅ​ក្នុង​​​តំបន់​​​នេះ​​​។

លោក វ៉ែន វ៉ន ក៏​​​ត្រូវ​​​បានចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំផ្លាញ​​​ភ័ស្តុ​​​តាង​​​ទាក់ទិនបទ​ព្រហ្មទណ្ឌ​​​ផង​​​ដែរ​​​។ ប៉ុន្តែ បន្ទាប់​​​ពី​​​​​​ការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ លោក​ អ៊ូត្រាយ​​​​ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​​​​​​​​​​​​​មាន​​​ការ​​​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។

ដោយ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ លោក​​​បន្ត​​​ថា “ខ្ញុំ​​​បាន​​​ស្នើ​​​ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ឲ្យ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់ ​​​មួយ​​​លើ​​​លោក​​​វ៉ែន វ៉ន ព្រោះ​​​ខ្ញុំ​​​គិត​​​ថា គ្មាន​​​ [ភ័ស្តុតាង​​​]​​​ គ្រប់​​​គ្រាន់​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ឡើយ​​​។ ​​​ប៉ុន្តែ ​​​យើង​​​គួរ​​​តែ​​​រក្សា​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រមូល​​​​​​អនុផល​​​ព្រៃឈើ​​​”។

លោក​​​ស្រី អិុត មធុរ៉ា​​​ មេធាវី​​​របស់​​​ លោក ​​​វ៉ែន វ៉ន បាន​​​លើក​​​ឡើង​​​ថា អំឡុង​​​ពេល​បើក​​​សវនាការ ​​​កូនក្តី​​​របស់​​​លោក​​​ស្រី​​​បាន​​​បដិ​​​សេធ​​​ ថា មិន​​​បាន​​​កាប់​​​ឈើ​​​​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់ ​​​ដើម្បី​​​សាង​​​សង់​​​មណ្ឌល​​​សហគមន៍​​​ទេ។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​បាន​​​ពន្យល់​​​​តុលាការ​​​ថា គាត់​​​មិន​​​បាន​​​កាប​​​់ឈើ​​​​​​ក្នុង​​​តំបន់​​​ព្រៃ​​​ការពារ​​​​​ទេ គាត់​​​គ្រាន់​​​តែ​​​ទិញ​​​ឈើ​​​ពី​​​អ្នក​​​ផ្សេង​​​ប៉ុណ្ណោះ​​​”។

ប៉ុន្តែ ទោះ​​​បី​​​ជា​​​គាត់​​​បាន​​​ទិញ​​​ឈើ​​​​ពីអ្នក​​​ផ្សេង​ក៏​​​ដោយ​​​ តែ​​​លោក​​​ស្រី បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​ក្នុង​​​តំបន់​​​នេះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ព្រៃ​​​ការ​​​ពារ​​​ដែល​​​ស្ថិត​​​នៅ​​​តំបន់​​​របស់​​​ពួក​​​គាត់​​​សម្រាប់​​​តម្រូវ​​​ការ​​​ផ្ទាល់​​​ខ្លួន​​​ដោយ​​​ស្រប​​​ច្បាប់​​​។

លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា ” គាត់​​​បាន​​​សាង​​​សង់​​​ផ្ទះ​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​​​របស់​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​នៅក្នុង​​​​សហគមន៍​​​ ហេតុ​​​ដូច្នេះ​​​គាត់​​​មិន​​​ចាំ​​​បាច់​​​តម្រូវ​​​ឲ្យ​​​​​​មាន​​​ការ​​​អនុ​​​ញ្ញាត​​​​​​ពី​​​អាជ្ញាធរ​​​ឡើយ​​​”។

លោក អុិន គង់​​​ចិត្រ​​​ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ដែល​​​បាន​ចូល​​​​​​រួម​​​នៅក្នុង​ការ​​​បើក​​​សវនាការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក វ៉ែន វ៉ន ​​​បាន​​​ប្រាប់​​​តុលាការ​​​ថា គាត់​​​ប្រញាប់​​​ប្រញាល់​​​សាង​​​សង់​​​មណ្ឌល​​​សហ​​​ គមន៍​​​ដើម្បី​​​បម្រើ​​​សេវាកម្ម​​​ជូន​​​ភ្ញៀវ​​​ទេស​​​ចរ ដែល​​​កំពុង​​​មាន​​​ចំនួន​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​បាន​​​ជា​​​លោក​​​ទិញ​​​ឈើ​​​ពី​​​អ្នក​​​លក់​​​ដែល​​​គ្មាន​​​អាជ្ញា​​​ប័ណ្ណ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”លោក ​​​វ៉ែន ​​​វ៉ន បានប្រាប់​​​ចៅ​​​ក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​​​​​​​ ជំនុំ​​​ជម្រះ​​​ថា គាត់​​​ទិញ​​​ឈើ​​​ពី​​​ឈ្មួញ​​​​ម្នាក់​​​ព្រោះ​​​តំបន់​​​នេះ​​​គ្មាន​​​កន្លែង​​​លក់​​​ឈើ​​​ស្រប​​​ច្បាប់​​​ទេ​​​ហេតុ​​​ដូច្នេះ​​​គាត់​​​បាន​​​ទិញ​​​ឈើ​​​ពី​​​អ្នក​​​ផ្សេង​​​ដោយ​​​សារ​​​គាត់​​​ត្រូវ​​​ការ​​​​​​ឈើ​​​ឲ្យ​​​បាន​​​ឆាប់​​​ដើម្បី​​​សាង​​​សង់​​​មណ្ឌល​​​សហគមន៍​​​”។

យោង​​​តាម​​​លោក អុិន គង់​​​ចិត្រ បាន​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ថា លោក វ៉ែន វ៉ន ក៏​​​បាន​​​​​​លើក​​​ឡើង​​​ផង​​​ដែរថា អាជ្ញាធរ​​​ស្រុក​​​ថ្ម​​​បាំង​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មានការ​​​សាង​​​សង់​​​មណ្ឌល​​​នេះ​​​ ប៉ុន្តែ គ្មាន​​​ឯកសារ​​​បញ្ជាក់​​​ឡើយ​​​។

ចៅក្រម​​​ប្រធាន​​​ក្រុមប្រឹក្សា​​​ជំនុំជម្រះ ​​​អាំង ចន្តា​ ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ប្រកាស​​​​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​៣​​​ ខែ​​​មីនា ។

នៅ​​​ក្នុង​​​ឆ្នាំ​​​​​​​​​មុន​មាន​​​ការ​​​ចាប់​​​ខ្លួន ​​​លោក ​​​វ៉ែន វ៉ន គឺជា​​​អ្នក​​​រិះ​​​គន់​​​អត់​​​សំចៃ​​​មាត់​​​​​ប្រឆាំង​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង​​​ដែល​​​នឹង​​ធ្វើ​​​ឲ្យ​​​លិច​​​លង់​​​តំបន់​​​នេះ​​​យ៉ាង​​​ខ្លាំង​​​ និង​​​ដែល​​​នឹង​បង្ខំ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​រាប់​​​រយ​​​គ្រួសារ​​​ត្រូវ​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​សល់​​​ពីដូន​​​តា​​​របស់​​​ខ្លួន ហើយ​​​គាត់​ក៏​បាន​​​ចូល​​​រួម​​​​​​នៅក្នុង​​​​ការ​​​តវ៉ា​​​ជា​​​ច្រើន​​​ដែល​​​រៀបចំ​​​ដោយ​​​អង្គការ​​​មាតាធម្មជាតិ ដែលជា​អង្គការ​មិន​​​មែន​​​រដ្ឋាភិបាល​​​ផងដែរ​។

រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​វិធីសាស្ត្រ​​​ខុស​​​ច្បាប់​​​ដើម្បី​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី និង​​​ការ​​​បូម​​​ខ្សាច់​​​នៅ​​​ខេត្ត​​​កោះ​​​កុង។ លោក​​​ អាឡិច​​​ហ្គនហ្សាឡេស ដេវីដសុន ជនជាតិ​​​​​​អេស្ប៉ាញ​​​ ដែល​​​ជា​​​សហ​ស្ថាបនិក​​​នៃ​​​អង្គការ​​​នេះ​​​ត្រូវ​​​បាន​​​និរទេស​​​ខ្លួន​​​មួយ​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ ​​​បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​បាន​​​​​​បដិសេធ​​​​​​មិន​​​បន្ត​​​ទិដ្ឋាការ​​​របស់​​​គាត់​​​ ដោយសារ​​​គាត់​បាន​ជួយ​នៅក្នុងការ​​​​ដាក់​​​របាំង​​​បិទ​​​ផ្លូវ​​​ដែល​​​គ្មាន​​​ការ​​​អនុញ្ញាត​​​នៅ​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​មួយ​​​ឆ្ពោះ​​​មក​​​កាន់​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​នេះ​​​៕ស៊ុយឈាង​​​​​​​​​​​​​

 

The post សកម្មជន​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ appeared first on ខេមបូឌា ដេលី.