ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សន្តិសុខ​ក្លិបកម្សាន្ត​​យីហោ Relax​ បាន​នាំ​គ្នា​ដេញ​វាយ​ភ្ញៀវ​២​នាក់ ​ដែល​ចូល​រាំ​លេង​កម្សាន្ត​​ក្នុង​ក្លិប រ​ហូត​ដល់​ក្នុងផ្ទះ​ បណ្តាល​​ឱ្យ​ភ្ញៀវ​ម្នាក់​សន្លប់ ​និង​ម្នាក់​ទៀត​​បែកក្បាល​ហូរ​ឈាម​ស្រោច​​ខ្លួន បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨​​​យប់​ថ្ងៃ​ទី​១៧​ ​កុម្ភៈ ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ២០១១ ភូមិ​តា​ងួ​ន​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​​២​​នាក់​​ដែល​រង​របួសធ្ងន់​នោះ​ ១-ឈ្មោះផល ​មុន្នី​ទិ​ត្យា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជា​អ្នក​បើករថយន្តជួល​ដឹក​អីវ៉ាន និង​មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០ ផ្លូវ​២០១១ សង្កាត់​កា​កាប ​ខណ្ឌ​ពោ​ធ​សែន​ជ័យ (​របួស​បែកក្បាល) ​ដោយសារ​ក្រុម​សន្តិសុខ​វាយ​មួយ​អាយ​​កូ​ម ចំ​កណ្តាល​ក្បាល ២-ឈ្មោះ​ហុត ក​ក្ត​ដា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​​​អ្នក​លក់​ឈើ​​នៅផ្ទះ​គ្មាន​លេខ ​​​តាម​បណ្តោយ​ផ្លូវ​រថ​ភ្លើង​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​ចិន​តុង រង​របួស​ពក​ក្បាល ហើយ​សន្លប់ ។

បើ​តាម​សម្តី​​របស់​ជន​រង​គ្រោះ​​ឈ្មោះ​មុន្នី​ ទិ​ត្យា ដែល​រង​របួស​បែកក្បាល​បាន​ឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ រូបគេ​និង​មិត្ត​ភក្តិ​ម្នាក់​ទៀត (​ជន​រង​គ្រោះ​ដែល​សន្លប់​) ​បាន​នាំ​គ្នា​ចូល​រាំ​លេងកម្សាន្ត​​ក្នុង​ក្លឹ​ប Relax ​។ លុះ​ពេល​ចូល​ផឹកស៊ី ​និង​​រាំ​លេង​បាន​​មួយ​សន្ទុះ
ស្រាប់​តែ​មាន​​សន្តិសុខ​​ចូល​មក​ចាប់​ក្រៀក​​មិត្ត​របស់​គេ​ចេញ​​មក​ក្រៅ ​ដោយ​ចោទ​ថា ​រាំ​រញ៉េរញ៉ៃ​​ឃើញ​ដូចនេះ​ រូបគេ​បាន​ចូល​​ទៅ​ឃាត់​និង​បាន​សួរ​ថា ​មានរឿង​អ្វី​បានជា​ចាប់​ក្រៀក​​មនុស្ស​ទាំង​រស់ ។ ​ដូចនេះ​ស្រាប់តែ​មាន​សន្តិសុខ​ម្នាក់​​ក្នុង​ចំណោម​សន្តិសុខ​ទាំង​អស់​​ប្រហែល​ជាង​១០​នាក់ ​បាន​វាយ​រូបគេ​មួយ​ដៃ ទើប​ធ្វើ​​ឱ្យ​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​មួយ​ប្រាវ ។

​ជន​រង​គ្រោះ​​​បន្ត​ទៀត​ថា ដោយ​មើលឃើញ​ស្ថានភាព​មិន​ស្រួល ព្រោះ​គេ​មាន​គ្នា​ច្រើន​ជាង​ខ្លួន ​ទើប​រូបគេ​​​ស្រែក​ប្រាប់​មិត្ត​ភក្តិ​​គេ​ថា រត់​ទៅ​ផ្ទះ​ទៅ​ ទើប​រូបគេ​បាន​រត់គេច​ចេញពី​បរិវេណ​ក្លិប​​សំដៅ​មក​ផ្ទះ​ ដែល​នៅ​ក្បែរ​នោះ​ដែរ​ តែ​ពេល​រត់​ចូល​ដល់​ផ្ទះ​ហើយ​ក្រុម​សន្តិសុខ​ នៅ​តែ​រត់​តាម​មក​ពីក្រោយ​រហូត​វាយ​ក្បាល​គេ​មួយ​អាយ​កូ​​ម​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ថែម​ទាំង​ស្រែ​កថា​ ចោរ​ៗ​ទៀត​ផង ។

​បើ​តាម​សម្តី​ជន​រង​គ្រោះ​ម្នាក់​ទៀត ​ដែល​រង​របួស​សន្លប់​នោះ​វិញ​បាន​ឱ្យ​​ដឹង​ថា ពេល​មានរឿង​ភ្លាម​ រូបគេ​ប្រឹង​រត់គេច​ចេញពី​ក្លិប​សំដៅ​មក​​ផ្ទះ​នៅ​ក្បែរផ្លូវ​រថភ្លើង តែ​ត្រូវ​ក្រុម​សន្តិសុខ​មាន​គ្នា​ច្រើន​ រត់​តាម​ពីក្រោយ​ដោយ​ស្រែ​កថា​ ចោរ​ៗ​ធ្វើ​​ឱ្យ​​រូបគេ​ភ័យ​រត់​ចូល​​បូ​រី​មួយ​​កន្លែង​ ដែល​នៅ​ក្បែរ​នោះ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​តាម​ទាន់​ព្រួត​វាយ​រហូត​សន្លប់​ និង​ត្រូវ​បាន​បងប្អូន​ជន​រង​គ្រោះ​យក​ទៅ​គ្លី​និ​ច​ក្បែរ​នោះ​ភ្លាម​ៗ​ដែរ ។

ជន​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​ដែល​ក្រុម​សន្តិសុខ​នោះ​ត្រឡប់​ទៅ​វិញ​ ពួក​គេ​បាន​និយាយ​ថា ម្តុំ​នេះ​បើ​អ្នក​ណា​ខ្លាំង​លោត​​មក ។ ​ភ្លាម​ៗ​នោះ​ដែរ​ យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​ក្លិបិកម្សាន្ត​​នោះ​បាន​​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ទាំង​២​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាបឯក​ជន​ដៃដល់​ មិន​ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន​បាន​ទេ​ តែ​ជន​រង​គ្រោះ​បាន​អះអាង​ថា​ បាន​ស្គាល់​ភិន​ភាគ​​ជន​ដៃដល់​អស់ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្លឹ​ប​កម្សាន្ត​​ខាងលើ​នេះ​ តែងតែ​វាយ​ភ្ញៀវ​ជា​ញឹកញាប់ តែ​ភាគច្រើន​គ្រាន់តែ​របួស​តិចតួច​ ទើប​មិន​បាន​ដាក់​ពាក្យបណ្តឹង ព្រោះតែ​ក្លឹ​ប​នេះ អះ​​អាង​មាន​ខ្នង​ជា​មន្ត្រី​ធំ​នៅ​ពីក្រោយ ទើប​មិន​មានការ​កោតខ្លាច​ច្បាប់​អ្វី​សោះ ។