ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ពី​ស្រុក​កំពង់​សីលា​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ កុម្ភ​: ២០១៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក តុ​ប ពេញ អភិបាលរង​ស្រុក បាន​ចុះ​ទៅ​ចម្ការ​ដ៏​ធំ​មួយ មា​នទី​តាំងនៅ​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គោលបំណង​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​រដ្ឋបាល​ក្នុងភូមិ​សាស្ត្រ​មូលដ្ឋាន ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ពេល​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ចុះ​ទៅ​ដល់ ស្រាប់តែ​កំលាំងយោធា​ចាំចម្ការ​បាន​ផ្ទុះអាវុធ​ចំនួន​៨​គ្រាប់ ដោយ​កាំភ្លើង​AK៤៧ ធ្វើ​ឱ្យ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​រត់​ជាន់​ជើង​គ្នា ។ ក្រោយ​កើត​មាន​ករណី​ផ្ទុះអាវុធ​នោះ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព ដែល​មានចិត្ត​អង់អាច​ក្លាហាន បាន​ឃាត់ខ្លួន​អ្នក​ចាំចម្ការ​២​នាក់​នោះ ដែល​ម្នាក់​ឈ្មោះ​ហ៊ុន
ហ៊​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ឋាន​:​អនុសេនីយ៍ឯក ជា​យោ​ធាង​៧០ មាន​ទីលំនៅ​ភូមិ​តា​ស្អាង ឃុំ​ចំលង ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយ​រៀង និង​ម្នាក់​ទៀត​ឈ្មោះ​ជឹ​ម សុភាព ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ឋាន​:​ពលទោ​ជា​យោធា​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ។

យោធា​ចាំចម្ការ​២​នាក់​នោះ ត្រូវ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​នាំ​ខ្លួន​យក​ទៅ​សួរ ហើយ​អាច​ប្រគល់​ឱ្យទៅ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​ស្រុក​ចាត់ចែង​តាម​នីតិវិធី ។