អ៊ុក ដូ​រិន្ទ ប្រធានការិយាល័យ​បសុពេទ្យ ខេត្តកណ្ដាល កំពុង​សប្បាយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា លោក អ៊ុ​ល ដូ​រិន្ទ ប្រធានការិយាល័យ​បសុពេទ្យ និង​ផលិតកម្ម​ខេត្តកណ្ដាល កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក អ៊ុ​ល ដូ​រិន្ទ ហ៊ាន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​បើកដៃ​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ផងដែរ ទើប​ប្រធាន​មន្ទីរ​កសិកម្ម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ឥឡូវនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុ​ល ដូ​រិន្ទ ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ ហើយ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល ក៏​អាច​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ផងដែរ​នៅក្នុង​រឿងនេះ​។

តាម​ការអះអាង​របស់​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​សាច់ជ្រូក​មាន់​ទា​ពី​បណ្ដា​ខេត្ត​នានា​ចូលមក​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លោក អ៊ុ​ល ដូ​រិន្ទ ប្រធានការិយាល័យ​បសុពេទ្យ ខេត្តកណ្ដាល បាន​ចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគេ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឬ​អាជីវក​រដឹក​សាច់ជ្រូក​មាន់​ទា​ចូលមក​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​នានា ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ដឹក​សត្វ​ជ្រូក​មាន់​ទា​តាម​ម៉ូតូ សុទ្ធតែ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បសុពេទ្យ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​។ មន្ត្រី​បសុពេទ្យ​ក្រោម​បញ្ជា​របស់លោក អ៊ុ​ល ដូ​រិន្ទ បាន​ឆែកឆេរ​សួរនាំ​រក​លិខិតស្នាម ហើយ​បើ​គ្មាន​លិខិត​ទេនោះ​ត្រូវគេ​កំណត់​ឲ្យ​បង់លុយ​ចាប់ពី​៥​ម៉ឺន​ដល់​២០​ម៉ឺន​រៀល​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​អ្វី​ឡើយ​។

មួយរយៈ​ពេល​ចុង​ក្រោយនេះ មន្ត្រីក្រោមឱវាទ​លោក អ៊ុ​ល ដូ​រិន្ទ ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ហេតុនេះហើយ​ទើប​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​មាន់​ទា​ជ្រូក​ចូលមក​រាជធានី​ភ្នំពេញ​បាន​លាតត្រដាង​រឿងអាស្រូវ​នេះ​ជា​សាធារណៈ​។ បញ្ហា​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ហួសចិត្ត​នោះ គឺ​ករណី​មន្ត្រី​ពេទ្យសត្វ​ខេត្តកណ្ដាល បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជំរិត​យកលុយ​ពី​ឈ្មួញ​អាជីវករ​និង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត គឺ​ធ្វើតាម​លិខិត​បេសកកម្ម​ដែល​ចេញ​ដោយ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​។ មានន័យថា អំពើអាក្រក់​របស់លោក អ៊ុ​ល ដូ​រិន្ទ ប្រធានការិយាល័យ​បសុពេទ្យ និង​ផលិតកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​ផងដែរ​៕

mao-phirun1លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល a1-copyរថយន្តដឹកសត្វត្រូវបង់លុយឲ្យមន្ត្រីបសុពេទ្យខេត្តកណ្ដាល