ល្បែង​កន្ទុយលេខ​រាលដាល​ក្នុង​ខេត្តស្ទឹងត្រែង មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប​

គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ មិនត្រូវ​បាន​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន និង​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង យកចិត្តទុកដាក់​អនុវត្តន៍​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ប្រការ​នេះហើយ​ដែល​នាំ​ឲ្យ​ខេត្តស្ទឹងត្រែង កើតមាន​បទល្មើស​យ៉ាង​ពេញបន្ទុក​ដូចជា ល្បែងស៊ីសង អំពើចោរកម្ម និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​។ ជាក់ស្តែង​នៅក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង មាន​បើក​លេងល្បែង​កន្ទុយលេខ​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​មេ​កន្ទុយលេខ​ដ៏​ធំ​២​នាក់​ប្ដី​ប្រពន្ធ​កំពុងបើក​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​ស្ទឹងត្រែង ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ ទើប​មិន​បង្ក្រាប​មេ​កន្ទុយលេខ​ឈ្មោះ សុខ ងី ជា​ប្ដី និង​ឈ្មោះ លៀង សុ​ឡាង ជា​ប្រពន្ធ នៅ​ភូមិ​កណ្ដាល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ក្នុង​មួយថ្ងៃៗ​មាន​អ្នក​ចាក់​កន្ទុយលេខ​ជាច្រើន​នាក់ ហើយ​មាន​អ្នកចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។

ទាក់ទង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​បង្ក្រាប​មេ​កន្ទុយលេខ​ឈ្មោះ សុខ ងី និង​ប្រពន្ធ​ឈ្មោះ លៀង សុខ​ឡាង តាមច្បាប់​ជាបន្ទាន់​។ ដោយហេតុថា កន្លងមក​មេ​កន្ទុយលេខ​២​នាក់​ប្ដី​ប្រពន្ធ​នេះ មិន​ញញើត​នឹង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នគរបាល​ឡើយ ហើយ​ពួកគេ​នៅតែ​បន្តសកម្មភាព​បើក​ល្បែងស៊ីសង​ខុសច្បាប់​។ មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើងថា ផ្ដើមចេញពី​ល្បែង​កន្ទុយលេខ​នោះ​ហើយ​ទើប​បច្ចុប្បន្ន​ក្នុង​ក្រុង​ស្ទឹងត្រែង មាន​អំពើចោរកម្ម​លួច​ឆក់​ប្លន់ កើត​ឡើងជា​បន្តបន្ទាប់​ក្នុងខណៈដែល​មេ​កន្ទុយលេខ​ឈ្មោះ សុខ ងី និង​ប្រពន្ធ​ឈ្មោះ លៀង សុខ​ឡាង ប្រមូលបាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

99c52c3a-80dc-439e-a248-575cef1766e6លោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង