​ប្លន់​​ម៉ូតូ​បានសម្រេច ជួប​នៅ​មន្ទីរពេទ្យ​ដោយចៃដន្យ​ ប្តឹងក្របួច​បាន​ម្នាក់​

Doliprane TVC

​ភ្នំពេញ : ជនសង្ស័យម្នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់ និង  វាយ​ជនរងគ្រោះ​បណ្តាលឱ្យ​បែកក្បាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​យប់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ពេទ្យ​វិសាល​សុខ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌចំការមន ។​

ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ុន គីម​ស្រៀ​ង អាយុ ៣២ ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង ២ ខណ្ឌចំការមន ចំណែក​ជនសង្ស័យ​មានឈ្មោះ ហេង សុវណ្ណ​រ័ត្ន អាយុ ១៦ ឆ្នាំ ជា​សិស្សសាលា AIS បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​បឹង​កេងកង ១ ខណ្ឌចំការមន ។​

​ប្លន់​​ម៉ូតូ​បានសម្រេច ជួប​នៅ​មន្ទីរពេទ្យ​ដោយចៃដន្យ​ ប្តឹងក្របួច​បាន​ម្នាក់​

​ ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល 1R 0950 ជិះ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្សា​របឹង​កេងកង បំណង​ត្រឡប់ទៅផ្ទះ ខណៈ​មកដល់​ខាងមុខផ្ទះ​ហើយ​នោះ ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់ បាន​ជិះ​មក​ឈប់ និង ដក​កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង វាយ​មួយ​ស្នាប់​កាំភ្លើង​បណ្តាលឱ្យ​បែកក្បាល រួច​យក​ម៉ូតូ​ទៅ​បាត់​តែម្តង ។

​ភ្លាមនោះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិសាល​សុខ គាប់​ជួន​ពេលទៅដល់​មន្ទីរពេទ្យ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​យក​ម៉ូតូ​របស់ខ្លួន​ទៅ​ផ្ញើរ​នៅ​ចំណត​ម៉ូតូ​របស់មន្ទីរពេទ្យ ហើយដោយ​ក្រុមគ្រួសារ​ជា​សមត្ថកិច្ច​ដែរនោះ​ ក៏បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ កងរាជអាវុធហត្ថ​ខណ្ឌចំការមនឱ្យមកជួយអន្តរាគមន៍ ។ ប្រភព​បន្តថា ប្រមាណ​កន្លះ​ម៉ោង​ ក្រុម​ជនសង្ស័យ​បាន​ត្រឡប់មក​យក​ម៉ូតូ​វិញ ភ្លាមនោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចូលទៅ​ឃាត់​ ក៏បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ពេលនោះ​បក្សពួក​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ពី​ចង្កេះ តែ​ត្រូវ​បងប្អូន​ជនរងគ្រោះ​ដែលជា​សមត្ថកិច្ច​ដែល​នោះ ឃើញ​បាន​បាញ់​ឡើងលើ​គំរាម ១ គ្រាប់ ទើប​បក្សពួក​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ប៉ុន្តែ​ឃាត់​បាន​ម្នាក់​ដែល​ចូល​ទៅយក​ម៉ូតូ ។​

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូនទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ដើម្បី​ធ្វើការ​សួរនាំដើម្បីស្វែងរក​តាម​ចាប់​បក្សពួក​បន្ត រួច​កសាង​សំណុំរឿង​បញ្ចូនទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញរង់ចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

សុខា​