អេស ស៊ី ជី ប្រគល់ទឹកប្រាក់ មនុស្សធម៌ ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រុមហ៊ុនអេស ស៊ី ជី ប្រគល់ទឹកប្រាក់មនុស្សធម៌ ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការប្រកួត បាល់ទាត់មិត្តភាពដ៏ជក់ចិត្ត រវាងក្រុមបាល់ទាត់ថៃ SCG Muangthong United និងក្រុមហ៊ុន K-Cement Cambodian All Stars របស់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ មករា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិត ដែលមានមនុស្ស ប្រមាណ ៤៥.៦០០ នាក់ បានចូលរួមទស្សនា។

ក្នុងព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ជាលក្ខណៈអន្ដរជាតិ ដ៏ជោគជ័យបំផុតមួយ ក្នុងរយៈពេលថ្មីៗនេះ ដោយមានក្រុមហ៊ុន អេស ស៊ី ជី អ្នកឧបត្ថម្ភធំរបស់ក្រុម SCG Muangthong United ជាអ្នកផ្ចុងផ្តើម និងរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីបង្ហាញពីការប្តេជ្ញារបស់ខ្លួនថា ជាក្រុមហ៊ុនដែលមាន ការចូលរួមចំណែកខ្ពស់ក្នុងការអភិវឌ្ឍសង្គម។
អេស ស៊ី ជី បានប្រកាសថា ខ្លួននឹងបរិច្ចាគទឹកប្រាក់សរុប ៥ម៉ឺនដុល្លារ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងនោះ ទឹកប្រាក់មនុស្សធម៌ដែលរៃអង្គាស បានពីការលក់ សំបុត្រចូលទស្សនា និងវត្ថុអនុស្សាវរីយ៍ មានចំនួន ៣ម៉ឺន៨ពាន់ ដុល្លារ បូកបន្ថែមនឹងថវិកាផ្ទាល់របស់ក្រុមហ៊ុន ១ម៉ឺន២ពាន់ ដុល្លារបន្ថែមទៀត ដែលក្រុមហ៊ុនបរិច្ចាក បន្ថែមដើម្បីបង្រ្គប់ឲ្យគ្រប់ ៥ម៉ឺនដុល្លារ ។

កាលពីពេលថ្មីៗនេះ ប្រតិភូមួយក្រុម ដែលរួមមានតំណាងក្រុមហ៊ុន អេសស៊ីជី និងតំណាងស្ថានទូតថៃ បានចូលក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថសីហនុ ក្នុងព្រះបរមរាជវាំង និងថ្វាយទឹកប្រាក់មនុស្សធម៌សរុប ៥ម៉ឺនដុល្លារ ដោយព្រះមហាក្សត្រីបានប្រគល់ បន្តទៅឲ្យមន្ទីរពេទ្យ គន្ធបុប្ផាក្នុងពេលជាមួយគ្នានោះផងដែរ ។

លោក Somwang Manpimonchai នាយកប្រចាំប្រទេស ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ង់ត៍ បានមានប្រសាសន៍ថា “យើងមានក្តីរីករាយណាស់ ដែលបានរៀបចំព្រឹត្តិការណ៍ បាល់ទាត់មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជា ហើយយើងមានមហាកិត្តិយសជាពន់ពេក ដោយបានចូលក្រាប បង្គំទូល ព្រះករុណា ព្រះមហាក្សត្រី ព្រះវររាជមាតា និងប្រគល់ទឹកប្រាក់មនុស្សធម៌ដែលរៃអង្គាសបានក្នុងព្រឹត្តិការណ៍នេះ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ។ ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្រ្តមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេស ស៊ី ជី ដើម្បីក្លាយជា ក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេនៅអាស៊ាន ក៏ដូចជា ចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍ និងសង្គម ដែលយើងធ្វើប្រតិបត្តិការ ”។

លោកបន្ដថា ទឹកប្រាក់ដែលក្រុមហ៊ុន អេសស៊ីជី បានបរិច្ចាគនេះ នឹងចូលរួមចំណែកទ្រទ្រង់ប្រតិបត្ដិការនៃមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយលើកកម្ពស់សុខមាលភាព កុមាររាប់រយពាន់នាក់នៅទូទាំងប្រទេស ដែលរំពឹងលើការព្យាបាល និងជួយសង្គ្រោះពីមន្ទីរពេទ្យគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ។
 
សូមបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយក្នុងតំបន់អាស៊ាន ដែលបានធ្វើប្រតិបត្ដិការក្នុងតំបន់អាស៊ានអស់រយៈពេល ជាង១០០ឆ្នាំមកហើយ ។ នៅក្នុងប្រទេសកម្ពុជា ផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី ជាច្រើន សុទ្ធតែមានការទទួលស្គាល់គុណភាព ។ បន្ថែមពីនេះ ក្រុមហ៊ុនបន្ត ពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកអាជីវកម្ម និងសកម្មភាពសង្គម តួយ៉ាងដូចជាព្រឹត្តិការណ៍បាល់ទាត់មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៦ ៕