ក្រុមហ៊ុន Nike ផ្តាច់​ទំនាក់ទំនង​ជាមួយ Pacquiao


ក្រុមហ៊ុន Nike ផ្តាច់​ទំនាក់ទំនង​ជាមួយ Pacquiao

ក្រុមហ៊ុន​ផ្គត់ផ្គង់​ឯកសណ្ឋាន និង​សម្ភារៈ​កីឡា​ដ៏​ធំ​របស់​ពិភពលោក NIKE បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនងជាមួយស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ក្រោយ​ពី​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៦​សម័យកាល​​រូប​នេះ បាន​ហៅ​អ្នក​ស្រលាញ់​ភេទដូចគ្នា​ថា “អាក្រក់​ជាង​សត្វ​ធាតុ​ទៅ​ទៀត”។

 

ក្រុមហ៊ុន Nike ផ្តាច់​ទំនាក់ទំនង​ជាមួយ Pacquiaoក្រុមហ៊ុន Nike ផ្តាច់​ទំនាក់ទំនង​ជាមួយ Pacquiao

 

ទាក់ទង​នឹង​រឿងរ៉ាវ​ខាងលើ ​កីឡាករ​វ័យ ៣៧ឆ្នាំ​ដែល​កំពុង​ឈរ​ឈ្មោះ​ក្នុង​សភា​ហ្វីលីពីន បាន​បកស្រាយ​លើគណនី Instagram ថាខ្លួន​មិន​បាន​ថ្កោលទោស​ចំពោះ​ការ​ស្រលាញ់​ភេទ​ដូចគ្នា​នោះ​ទេ គ្រាន់​តែ​និយាយ​ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ប៊ីប (Bible គម្ពីរ​សាសនា​គ្រិស្ត) ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ​ក្រោយ​មក Pacquiao នៅ​តែ​សូមទោស​ជា​សាធារណៈ​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន។

 

ដោយឡែក​សេចក្ដី​ថ្លែងការណ៍​របស់ Nike បាន​សរសេរ​ថា៖ “ពួក​យើង​មើល​ឃើញ​ថា ការ​បញ្ចេញ​មតិ​របស់ Pacquiao គឺ​បង្ហាញ​ពី​ការរើសអើង។ ក្រុមហ៊ុន Nike ដែល​មាន​ប្រវត្តិ​គាំទ្រ និង​ការពារ​ការ​ស្រលាញ់​ភេទដូច​គ្នា​តាំង​ពី​ដើម​មក សូម​ធ្វើការ​ប្រឆាំង​គ្រប់​រូបភាព ដែល​ប៉ះពាល់​ដល់​សិទ្ធ សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដូច្នេះពួក​យើង​នឹង​បញ្ចប់​ការ​ឧបត្ថម្ភ និង​ទំនាក់ទំនង​ជាមួយកីឡាករ Manny Pacquiao ត្រឹម​នេះ”។

 

Pacquiao កាល​ពី​ខែ​ឧសភា​ឆ្នាំមុន បាន​ចាញ់​ក្រោម​ថ្វី​ដៃ​អ្នកប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ហើយ​ប្រកួត​បន្ទាប់ ​ជា​ប្រកួត​ចុង​ក្រោយ​របស់​គេ​ នឹង​ត្រូវ​ប៉ះ​កីឡាករTimothy Bradley Jr នៅ​ទី​ក្រុង Las Vegas ក្នុង​ខែ​មេសា​ខាងមុខ៕

 

ចុចអាន៖ Pacquiao ​ចេញ​សូម​ទោស ​ក្រោយ​និយាយ​​ប្រមាថ​ភេទ​ទី​៣

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC