​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​JQA​បើក​សវនកម្ម លើ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

ភ្នំពេញ: ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​JQA បើក​សវនកម្ម​ប្រចាំឆ្នាំ​លើ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ពិធី​បើក​ដំណើរការ​សវនកម្ម បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Kozo Sakurada ប្រធាន​សវន​ករ​នៃ​ស្ថាប័ន​JQA​។​

​ក្នុង​បទ​បង្ហាញ​ដល់​អង្គប្រជុំ លោក Kozo Sakurada ពន្យល់ថា សវនកម្ម​លើក​នេះ​ជា​ប្រភេទ​សវនកម្ម​តាមដាន ទៅលើ​ភាព​អនុលោម​នៃ​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបាន​វិញ្ញាបនបត្រ ISO14001 ជាថ្មី​ម្តងទៀត​កាល​ឆ្នាំ​២០១៥​កន្លងទៅ​។ តាមរយៈ​សវនកម្ម​នេះ នឹងធ្វើ​ឲ្យ​ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន និង​ក្រុម​ជំរុញ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាន់តែ​យកចិត្តទុកដាក់​និង​មាន​ស្មារតី​បន្ថែមទៀត ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក​នេះ លោក​បណ្ឌិត​លើកឡើងថា អាជ្ញាធរ​ជាតិ​អប្សរា​ពិតជា​មាន​មោទនភាព​ណាស់ ដែល​អង្គរ​ទទួលបាន​វិញ្ញាបនបត្រ ISO14001 ពី​ស្ថាប័ន​ធានា​គុណភាព​របស់​ជប៉ុន​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៦​មក​។ អង្គរ​ជា​បេតិកភណ្ឌ​ពិភពលោក​មុនគេ​បង្អស់​ដែល​ទទួលបាន​វិញ្ញាបនបត្រ​នេះ​។ ការងារ​នេះ មិនមែន​បានមកពី​បុគ្គល​ណា​ម្នាក់​នោះទេ តែ​វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា ការទទួលបាន​វិញ្ញាបនបត្រ​ISO14001 នេះ​មិនទាន់​គ្រប់គ្រាន់​ទេ យើង​ពិត​ជាមាន​ម​ហិ​ច្ឆិ​តា​លើស​ហ្នឹង​ទៀត​។ យើង​ចង់​ឲ្យ​បរិស្ថាន​អង្គរ​រឹងរឹត​មាន​ភាពស្រស់​បំព្រង ព្រោះ​បេតិកភណ្ឌ​អង្គរ មិនមែន​មានន័យ​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រួមបញ្ចូល​ទាំង​ទេសភាព​វប្បធម៌​ក្នុង​តំបន់​អង្គរ​ផង​។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើកទូលាយ​បន្ថែមទៀត ដើម្បី​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឲ្យ​បរិស្ថាន​អង្គរ​កាន់​តែមាន​ភាពល្អ​ប្រសើរ​ជាង​នេះ​។
​លោក​បណ្ឌិត​ក៏បាន​ដាស់តឿន​ឲ្យ​នាយកដ្ឋាន​និង​អង្គភាព​ចំណុះ​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងអស់ យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​លើសពី​តម្រូវការ​ចាំបាច់​របស់​ស្ថាប័ន​JQA ព្រោះ​យើង​មិនមែន​ធ្វើ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​សោភណភាព និង​ចីរភាព​នៃ​រមណីយដ្ឋាន​អង្គរ​របស់​យើង​៕

​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​JQA​បើក​សវនកម្ម លើ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​JQA​បើក​សវនកម្ម លើ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​JQA​បើក​សវនកម្ម លើ​ការងារ​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​