ពេជ្រ​យក្ស ៤០៤ ការាត់ រកឃើញ​នៅ Angola

Doliprane TVC

​បើតាម​ការប្រកាស​រប​ស់​ក្រុមហ៊ុន Lucapa កាលពី​ថ្ងែ​ច័ន្ទ​នោះ ពេជ្រ​យក្ស​មួយ​គ្រាប់ ដែលមាន​ទំហំ ដល់​ទៅ ៤០៤ ការាត់ ត្រូវបាន​រកឃើញ​នៅ​ប្រទេស Angola ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បួ​ង​នៃ​ទ្វីប អាហ្វ្រិក ។​

​ក្រុមហ៊ុន​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ពេជ្រ​យក្ស ដែលមាន​ទំហំ​ដល់​ទៅ ៤០៤.២ ការាត់​នេះ គឺជា​ពេជ្រ​ដ៏​ធំ​បំផុត​មិន​ធ្លាប់បាន​រកឃើញ​នៅក្នុង​ប្រទេស Angola ពីមុនមក​ឡើយ ហើយ​វា​ក៏ត្រូវ បាន​គេ​កត់ត្រា​ចូលទៅក្នុង​កំណត់ត្រា​ពេជ្រ​យក្ស​ទី ២៧ របស់​ពិភពលោក​ផងដែរ ។ ក្រុមហ៊ុន​នេះ បាន​បន្ថែមទៀតថា ប្រទេស Angola គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​កំពូល​លើ​លោក​ទាំង ៤ ដែល​សម្បូរ​ពេជ្រ​ធម្មជាតិ​ជាងគេ ។​

​ក្រុមហ៊ុន​អូស្ដ្រាលី​បានប្រកាសថា ពេជ្រ​យក្ស​នេះ ត្រូវបាន​រកឃើញ​ដោយ​គម្រោង Lulo Diamond Project Mine ដែល​ស្ថិតនៅ​ខេត្ត Lunda Norte របស់​ប្រទេស Angola ។ ក្រុមហ៊ុន​នេះ​បាន និយាយថា ផលិតកម្ម​ប្រចាំឆ្នាំ​ប្រមាណ​ជា ៧៥ ភាគរយ​របស់​ប្រទេស Angola គឺជា​ផលិតផល ត្បូង​ពេជ្រ​នេះ​តែម្ដង ។​

​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ដ្រាលី បាន​ឲ្យ​ដឹងថា នាយក​ក្រុមហ៊ុន Lucapa លោក Miles Kennedy បាន​និយាយថា «​ពេជ្រ​ស​មួយ​គ្រាប់​នេះ ពិតជា​អស្ចារ្យ​ខ្លាំងណាស់ ហើយ​វា​អាចមាន​តម្លៃ ច្រើនជាង ២០ លាន​ដុល្លារ​ទៅទៀត​» ។​

​ដោយឡែក អ្នកតំណាង​របស់​ក្រុមហ៊ុន​ខាងលើ មិនបាន​បញ្ជាក់​ពី​តម្លៃពិត​ប្រាកដ​នៃ​ពេជ្រ​យក្ស នេះឡើយ ដោយ​សុំ​ឲ្យ​រង់ចាំ​ដល់​វា​លក់​ចេញ​សិន ។ នេះ​ជា​លើក​ទី​បួន​ហើយ ដែល​ពេជ្រ​ទំហំ​យក្ស ១០០ ការាត់​ឡើង ត្រូវបាន​រកឃើញ​ដោយ​ក្រុមហ៊ុន Lucapa នេះ ៕ ខេមរា​

ពេជ្រ​យក្ស ៤០៤ ការាត់ រកឃើញ​នៅ Angola

​ប្រភព​៖ abcnews.go.com