លោកស្រី កែ សុវណ្ណ​រតន៍ បញ្ជាក់ថា ការទប់ស្កាត់​ឱសថ​គ្មាន​គុណ​ភាពជា​កត្តា​ដ៏​សំខាន់​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា លោកស្រី កែ សុវណ្ណ​រតន៍ ថ្មីៗ​នេះ​បានបញ្ជាក់​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ថ្នាក់ដឹកនាំ​មន្ទី​ជំនាញ​ពាក់ព័ន្ធ​ថា គណៈប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ចុះមក​កាន់​ខេត្តមណ្ឌលគិរី គឺ​ដើម្បី​ស្វែងយល់​ពី​ភាព​រីកចម្រើន និង​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុសត្រូវ​របស់​គ​ណៈ​កម្ម​ការ ដែល​ខេត្ត​បាន​ជួបប្រទះ នាពេល​កន្លងមក​។​

បន្ទាប់ពី​លើកឡើង ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ វិស័យ​ការងារ សង្គមកិច្ច និង​កិច្ចការនារី ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា លោកស្រី កែ សុវណ្ណ​រតន៍ បាន​សង្កត់ធ្ងន់​លើ​វិស័យ​សុខាភិបាល​នៅក្នុង​ខេត្តមណ្ឌលគិរី ពិសេស​លើ​ការងារ​គ្រប់គ្រង​ឱសថ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ និង​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​។ លោកស្រី កែ សុវណ្ណ​រតន៍ ដែលជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប បានបញ្ជាក់​នៅ​ចំពោះមុខ​មន្ត្រីខេត្ត​មណ្ឌលគិរី​ថា ការគ្រប់គ្រង​ឱសថ​បាន​ត្រឹមត្រូវ ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ និង​ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់​នៅលើ​ទីផ្សារ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ជម្រាបជូន​គណៈប្រតិភូ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ថា អាជ្ញាធរខេត្ត​មណ្ឌលគិរី ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​យ៉ាងសកម្ម ពិសេស​វិស័យ​សុខាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ជនជាតិភាគតិច​។ ចំពោះ​បញ្ហា​ឱសថ ក្លែងក្លាយ លោក អេង ប៊ុន​ហ៊ាង បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការនាំ​ចូល​ឱសថ​ក្លែងក្លាយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោកស្រី កែ សុវណ្ណ​រតន៍ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរជំនាញ យកចិត្តទុកដាក់​ទៅលើ​ការផ្ដល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ផ្នែក​ឯកជន​ត្រូវមាន ជំនាញ​ច្បាស់លាស់ និង​ត្រូវ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ផងដែរ​។ គួរ​បញ្ជាក់ថា​គណៈប្រតិភូ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា បាននិងកំពុង​ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​ចំនួន​បួន​គឺ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦៕

12742140_730000667101277_7205678171595829942_n 12744226_730000723767938_2845145837678639418_n