គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា វ័ន ប៊ុន​ថៃ មេ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧកញ៉ា វ័ន ប៊ុន​ថៃ បាន​កប់​ឈើ​ប្រណីត​ជាច្រើន​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​និង​រោងចក្រ​កែច្នៃ​ឈើ​របស់ខ្លួន​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ផ្គើន​ទៅនឹង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​ក្រអឺតក្រទម​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​ឧកញ៉ា វ័ន ប៊ុន​ថៃ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។

​គួរ​រំលឹក​ដែរ​ថា ឈើ​ដែល​ឧកញ៉ា វ័ន ប៊ុន​ថៃ កាយ​ដី​កប់​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​ឈើ​របស់ខ្លួន​នៅ​ស្រុក​អូររាំងឪ​នោះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៦ ខែមករា និង​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ រង់ចាំ​មើល​ចំណាត់ការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ទៅលើ​មេ​ឈ្មួញ វ័ន ប៊ុន​ថៃ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ទើប​មជ្ឈដ្ឋាន​មួយចំនួន​វាយតម្លៃថា វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ពុំមាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឧកញ៉ា វ័ន ប៊ុន​ថៃ គឺជា​ដៃស្ដាំ​ដ៏​សំខាន់​របស់​ឧកញ៉ា លឹម ប៊ុន​ណា ហៅ​ខ្នា ដែលជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ដ៏​ធំ​នៅ​តំបន់​ភូមិភាគ​ឦសាន​។ ជាងនេះទៅទៀត​ឧកញ៉ា វ័ន ប៊ុន​ថៃ ក៏​ជា​មនុ​ស្សមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​(​ផ្កាយ​៣) ជឿន សុវណ្ណ​ថា មេបញ្ជាការរង​កង​ទ័​ព្ទ​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​២​ផងដែរ​។ ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ​ទើប​មជ្ឈដ្ឋាន​មួយចំនួន​វាយតម្លៃថា ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា វ័ន ប៊ុន​ថៃ នោះទេ​គឺ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ វាយតម្លៃ​ទុកជាមុន​ថា ឆាប់ៗ​ខាងមុខនេះ​ឧកញ៉ា វ័ន ប៊ុន​ថៃ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដូច​មុន​ជាមិនខាន​៕

Wood-b Wood-d Wood-c