ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ប៉ៃលិន ៖  ឱ្យ​តែ​ឈាន​ចូល​ដល់​រដូវ​ប្រមូល​ផល​ម្តង​ៗ ​គេ​តែង​សង្កេត​ឃើញ​មាន​កម្មករក្មេង​ចាស់​ប្រុស​ស្រី​រាប់រយ​នាក់ ​​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា មក​កាន់​ខេត្ត​ប៉ៃលិន ដើម្បី​​​កាច់​ពោត និង​ដក​ដំឡូង​មី ជា​ពិសេស​ចិញ្ច្រាំ​មើមដំឡូង​មី បាន​ផល​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ក្រី​ក្រ​របស់​ពួក​គាត់ ។ ជាមួយ​គ្នា​នោះ​ដែរ ពួកគេ​ក៏​​​នាំ​យក​កូន​ៗរបស់​ខ្លួន​​​ដែល​កំពុង​​​សិក្សាមក​តាម​ខ្លួន​ផ​ង​ដែរ​ ដោយ​អ្នកខ្លះ​សុំ​ច្បាប់​សាលា​ចាប់ពី​២​ខែ​ទៅ​៤​ខែ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​រៀនសូត្រ​ដល់​កុមារ​តូច​ៗ​ ពេល​ត្រឡប់​ទៅ​វិញ រៀន​មិន​ទាន់​គេ​ត្រូវ​​រៀន​ត្រួតថ្នាក់ ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ទាំង​វ័យ​កុមារ​ថែម​ទៀត​ផង ។ បញ្ហា​ទាំងនេះ​​ នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ពួក​គេ ដែល​អាច​ក្លាយទៅជា​មនុស្ស​មានការ​យល់​ដឹង​តិចតួច បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ ។

​អ្នកស្រី សាន់ ផល អាយុ​៣២​ឆ្នាំ មានកូន​៣​នាក់​ មក​តាម​ជាមួយ​ផង​នោះ បាន​និយាយ​​ថា គាត់​មក​ពី​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដោយសារ​នៅ​ស្រុក​កំណើត​របស់​ខ្លួន នា​រដូវ​នេះគ្មាន​ការងារ​អ្វី​ធ្វើ​នោះ​ទេ ទើប​នាំ​គ្នា​ទាំង​គ្រួសារ​មក​ស្នាក់​នៅ​ចំណុច​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​ចិញ្ច្រាំ​មើមដំឡូង​មី ប្តូរ​យក​លុយ​ទៅ​ផ្គត់​ផ្គង់​​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ ។ ​ចំណែក​កូន​​គាត់ទាំង​បី​នាក់​ ​កូន​ទី​១ ភេទ​ប្រុស អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៤ កូន​ទី​២ ភេទ​ស្រី អាយុ​៩​ឆ្នាំ រៀន​ថ្នាក់​ទី​៣ និង​កូន​ទី​៣ ភេទ​ប្រុស អាយុ​៧​ឆ្នាំ មិន​ទាន់​បាន​ចូល​រៀន​នៅឡើយ​ទេ ដោយសារ​មក​ស្នាក់​នៅ​ធ្វើការ ទើប​គាត់​សុំ​ច្បាប់​​គ្រូ​របស់​ពួក​គេ​ចំនួន​៣​ខែ​​ទៅ​៤​ខែ ទើប​ត្រឡប់​ទៅ​ស្រុក​កំណើត ដើម្បី​​រៀន​វិញ ។ គាត់​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ខណៈ​មក​ធ្វើ​ការ​ឱ្យ​គេ​​​នៅ​ក្នុង​​ខេត្ត​ប៉ៃលិន​ធ្វើ​ឱ្យ​​ពួក​កូន​ៗ​​មិន​បាន​ចូល​​រៀនសូត្រ​នឹង​គេ ។

ចំណែក​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ណា​ក់ ​ឃី​ម អាយុ​១២​ឆ្នាំ បាន​រៀបរាប់​ទាំង​សោកស្តាយ​ថា រូបគេ​ពិតជា​ចង់​រៀនសូត្រ​យកចំណេះ​វិជ្ជា​ខ្លាំង​ណាស់ ដោយ​មិន​ចង់​ស្នាក់​នៅ​ទី​នេះ​ទេ ព្រោះ​នៅ​ឯ​ស្រុកធ្លាប់តែ​ព្រឹក​ឡើង​ទៅ​សាលារៀន​ជួបជុំ​មិត្តភក្តិ បងប្អូន និង​លោកគ្រូ​ អ្នកគ្រូ ។ តែ​មក​ដល់ទី​នេះ ក្នុង​១​ថ្ងៃ​ៗ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច គិតតែ​ពី​ចិញ្ច្រាំ​ដំឡូង​មី​ មិន​បាន​រៀនសូត្រ​អ្វី​នោះ​ទេ ប្រហែលជា​រូបគេ មិន​អាច​សម្រេច​គោលបំណង​របស់​ខ្លួនដោយធំ​ឡើង​ចង់​ធ្វើ​ជា​មន្ត្រី​ប៉ូលិស ។

​ចំណែក​អ្នកស្រី សាន់ ផល អាយុ​៣៧​ឆ្នាំ បាន​និយាយ​ថា គាត់​​ក៏​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ដែល​ត្រូវ​បង្ខំចិត្ត​នាំ​កូន​តូច​ៗ​មក​ស្នាក់​នៅ​ទី​នេះ​​រំ​ខាន​ដល់​ការ​សិក្សា​ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ពួក​គាត់​ក្រីក្រ ហើយ​ជំពាក់​បំណុល​គេ បើ​មិន​ធ្វើ​ដូច្នេះ​​ទេ មាន​តែ​ស្លាប់ ។ អ្នកស្រី​បន្ថែម​ថា គាត់​មាន​បំណង​សុំ​សាលារៀន​នៅ​ក្បែរ​នោះ​ឲ្យ​កូន​ៗ​ចូល​រៀន​នឹង​គេ​ដែរ ប៉ុន្តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូន​របស់​ខ្លួន ខណៈ​ដើរ​ឆ្លងផ្លូវ​ពី​កន្លែងធ្វើការ​ទៅ​រៀន ។ ម្យ៉ាងវិញទៀត​ក្រែង​ខាង​នាយក​សាលា​មិន​ទទួល​កូន​គាត់ ព្រោះ​ជន​ចំណាកស្រុក​មក​ពី​ខេត្ត​ឆ្ងាយ គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ។

លោក អន ប៊ុ​ន​ធឿ​ន នាយក​សាលា​អនុ​វិទ្យាល័យ​ប៉ា​ង​រលឹម បានឱ្យ​​ដឹង​ថា សាលារៀន​របស់​លោក​ព្រម​ទទួលយក​សិស្ស​ចំណាកស្រុក​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​ដោយ​គ្មាន​ការ​បង់​លុយកាក់​អ្វី​នោះ​ទេ ។ មិន​ថា រយៈពេល​យូរ ឬ​ឆាប់​ក៏​បាន​ដែរ តែបើ​យូរ​សុំ​ឱ្យ​​មាន​ឯកសារ​បញ្ជាក់​ការ​សិក្សា​មក​ពី​ស្រុក​កំណើត ។ តែបើ​រយៈពេល​ឆាប់​ៗ ចាប់ពី​១​ខែ​ដល់​៦​ខែ មិនបាច់​មាន​ឯកសារ​អ្វី​បញ្ជាក់​ក៏​បាន​ដែរ ដោយ​គ្រាន់តែ​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ​សុំ​ឱ្យ​រាយការណ៍​ជូន​ទៅ​សាលា​ប៉ុណ្ណោះ ដើម្បី​​ចៀសវាង​ការ​អវត្តមាន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ ។

លោក​បញ្ជាក់​ថា សាលា​អនុ​វិទ្យាល័យ​នេះ មាន​ទាំង​សាលា​បឋម​សិក្សា​នៅ​ជាមួយ​គ្នា​ដែរ ហើយ​ធ្លាប់​ទទួល​សិស្ស​ចំណាកស្រុក​ជា​ច្រើន​នាក់​រួច​មក​ហើយ ។ សាលា​នេះ​មាន​សិស្ស​សរុប​ចំនួន​ជាង​៧០០​នាក់ ដោយ​បាន​កសាង​ចាប់តាំងពី​ឆ្នាំ​២០០៧ ។ លោក​ក៏​សូម​អំពាវនាវដល់​មាតាបិតា​សិស្សានុសិស្ស ដែល​ជា​កម្មករ​មក​ពី​ស្រុក​ឆ្ងាយ សុំ​យក​កូន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា ដែល​នៅ​ជិត​បំផុត ដើម្បី​កុំ​ក្មេង​ទាំងនោះគ្មាន​ចំណេះវិជ្ជា​ខូចអនាគត ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​អបាយមុខ​ផ្សេង​ៗ ពិសេស​​ការ​សេព​គ្រឿងញៀន ដែល​រាជរដ្ឋាភិបាល​បាន​និង​​កំពុង​​យកចិត្តទុកដាក់ ដើម្បី​អភិវឌ្ឍធនធាន​មនុស្ស សម្រាប់​ប្រទេស​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ ៕​