Yahoo នឹងកាត់បន្ថយ បុគ្គលិកជាង ៣០០នាក់

អាមេរិក៖ ក្រុមហ៊ុនអ៊ីនធើរណេត ដ៏ល្បីឈ្មោះ ពាសពេញ ពិភពលោក Yahoo Inc បានប្រកាស ឲ្យដឹងនៅថ្ងៃពុធ ម្សិលមិញថា គិតចាប់ពីថ្ងៃទី១៨ ខែមេសា ខាងមុខ ក្រុមហ៊ុននឹង ធ្វើការកាត់បន្ថយ បុគ្គលិកប្រមាណ ជាង៣០០នាក់ នៅសាន់ហ្វ្រាន់ស៊ីស្កូ ខណៈដែល ការប្រកាស មុនមានរហូតដល់ ១.៥០០ នាក់ឯណោះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា សម្រាប់ការកាត់ បន្ថយបុគ្គលិក នៅស្នាក់ការ កណ្តាលក្រុមហ៊ុន Yahoo នៅសាន់នីវែល រដ្ឋកាលីហ្វ័រនីញ៉ា នោះគឺមានប្រមាណ  ១២៨នាក់ ៤៦នាក់ នៅសាន់ហ្វ្រាន់ស៊ីស្កូ និង៦០នាក់ នៅរដ្ឋ ឡូសអ៊ែនជីឡេស ។

ប្រភពព័ត៌មានបានចុះផ្សាយថា ក្រុមហ៊ុននេះ ក៏មានគម្រោងការ បិទស្នាក់ការ មួយកន្លែង ឈ្មោះថា Burbank ដែលអាចប៉ះពាល់ ដល់ការងារបុគ្គលិក ប្រមាណ៩០ នាក់ដែរ ។

របាយការណ៍ ចេញដោយ San Francisco Chronicle បានបញ្ជាក់ថា ការកាត់បន្ថយ បុគ្គលិក វាធ្វើឲ្យប៉ះពាល់ ដល់បណ្តាញ ចែកចាយរបស់ Yahoo ព្រោះថាបុគ្គលិក ជាអ្នកដើរតួ យ៉ាង សំខាន់ ក្នុងនោះមានវិស្វកម្ម ឬស្រាវជ្រាវ ។ ចំពោះការបញ្ជាក់ ខាងលើនេះ ក្រុមហ៊ុន Yahoo មិនទាន់មានការ ធ្វើអត្ថាធិប្បាយ ណាមួយ ភ្លាមៗនោះទេ ។

គេបានដឹងថា កាលពីសប្តាហ៍មុន Yahoo បានប្រកាសនឹង កាត់បន្ថយបុគ្គលិក ចំនួន ១០៧ នាក់ ហើយអាចឈានដល់ កាត់បន្ថយជាង ១.៥០០នាក់ ដែលកាត់បន្ថយ ធ្វើឡើងជា ដំណាក់កាលៗ ៕

Yahoo នឹងកាត់បន្ថយ បុគ្គលិកជាង ៣០០នាក់