ក្រសួងវប្បធម៌ មិនព្រួយបារម្ភ ពីការហូរចូល វប្បធម៌បរទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា មិនបានសម្តែងការព្រួយបារម្ភ ចំពោះការហូរចូលវប្បធម៌ពី ប្រទេសជិតខាងមកកម្ពុជា ខណៈកម្ពុជាបានបើកទ្វារសមាហរណកម្មអាស៊ាន កាលពីចុងឆ្នាំ២០១៥។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធី បើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេស នៅសាលសន្និសីទចតុមុខ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានអ្នកចូលរួម ប្រមាណជាង១០០០នាក់។

ថ្លែងនៅអង្គពិធីនោះ លោកស្រី ភឿង សកុណា បានឲ្យដឹងថា លំហូរចូលនៃវប្បធម៌រវាងគ្នាទៅវិញទៅមក នៃប្រទេសជិតខាងតែងតែមាន ហើយតាំងពីបុរាណកាលមក ឃើញមានលំហូរវប្បធម៌ពីប្រទេសឥណ្ឌា និងចិន ចូលមកប្រទេសកម្ពុជា ចំណែកវប្បធម៌កម្ពុជា ក៏មានហូរចូលទៅប្រទេសគេដែរ ក៏ប៉ុន្តែទោះជាយ៉ាងណា ត្រូវតែប្រុងប្រយ័ត្នផងដែរ សម្រាប់យុវជនកម្ពុជា ដែលជាកម្លាំងស្នូលត្រូវយល់ច្បាស់ ពីវប្បធម៌ខ្លួនឯងសិន មុននឹងយល់ពីវប្បធម៌ របស់ប្រទេសជិតខាង។

លោកស្រីបញ្ជាក់ថា «ដូច្នេះអាហ្នឹង មិនមែនជារឿងអ្វីមួយ ដែលយើងអាចហាមឃាត់ទប់បាន ដូចភ្លៀងធ្លាក់ហ្នឹង យើងមិនអាចទប់ភ្លៀងបានទេ ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺយើងពង្រឹងវប្បធម៌របស់យើង»។ លោកស្រីបន្តថា បច្ចុប្បន្នសង្កេតឃើញថា យុវជនបានចាប់ផ្ដើមយកចិត្តទុកដាក់ លើវប្បធម៌ កាន់តែច្រើនឡើង ហើយនេះជាចំណុចវិជ្ជមានមួយ ដែលត្រូវលើកទឹកចិត្ត នូវស្មារតីស្រលាញ់វប្បធម៌ ស្រឡាញ់ជាតិ តាមរយៈសកម្មភាពសង្គមដូចជា ការផ្ដល់ឈាម ការលើកទឹកចិត្តដល់ជនក្រីក្រតាមមន្ទីរពេទ្យ និងតាមសហគមន៍នានា។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងវប្បធម៌ បានរៀបចំពិធីមហោស្រពសិល្បៈយុវជន ទូទាំង ប្រទេស ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ០៣ មិនា លើកទី១៨ ឆ្នាំ២០១៦ ដែលជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំមួយរបស់ជាតិ៕

ក្រសួងវប្បធម៌ មិនព្រួយបារម្ភ ពីការហូរចូល វប្បធម៌បរទេស

ក្រសួងវប្បធម៌ មិនព្រួយបារម្ភ ពីការហូរចូល វប្បធម៌បរទេស