មន្ត្រី​ជំនាញ​របស់​អប្សរា​ទទួល​ការបណ្តុះបណ្តាល​លើ​ការងារ​អភិរក្ស​ប្រាសាទពី​ប្រទេស​អាល្លឺម៉ង់​

​សៀមរាប​៖ មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ទទួល​វគ្គ​បណ្តុះបណ្តាល ក្រោម​គម្រោង​អភិរក្ស​ចម្លាក់​អប្សរា របស់​ប្រទេស​អាល្លឺម៉ង់ ក្នុង​រមណីយដ្ឋាន​អង្គរ (GACP)​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ឲ្យ​ប​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាន់តែច្បាស់​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​។​

​លោក​សាស្ត្រាចារ្យ Han Leisen អ្នកជំនាញ​ផ្នែក​ធម្មជាតិវិទ្យា មកពី​ប្រទេស​អាល្លឺម៉ង់​ដែលមាន បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​ការជួសជុល​ជុល និង​អភិរក្ស​ថ្ម​នៅ​អង្គរ កំពុងមាន​វត្តមាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ នៅ​អាជ្ញាធរ​ជាតិ​អប្សរា​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ កុម្ភៈ ឆ្នាំ​២០១៦ ។​

​ខ្លឹមសារ​សំខាន់​នៅក្នុង​វគ្គ​សិក្សា​នេះ ផ្តោតលើ​សិល្បៈ​នៃ​ការ​តែង​លម្អ លក្ខណៈ​ថ្ម បច្ចេកទេស​នៃ​ការរៀបចំ​ឯកសារ តម្រូវការ​សម្ភារៈ​សម្រាប់​ការងារ​អភិរក្ស និង​វិធីសាស្ត្រ​នៃ​ការស្រាវជ្រាវ​ជាដើម​។ វគ្គ​សិក្សា​នេះ​មាន​ទាំង​ទ្រឹស្តី និង​ការចុះទៅ​សិក្សា​ផ្ទាល់​នៅតាម​ប្រាសាទ​គោលដៅ​ដែល​បានកំណត់​ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាកែវ ប្រាសាទក្រវ៉ាន់ ប្រាសាទបាគង ប្រាសាទ​ព្រះ​គោ និង​ប្រាសាទលលៃ ដើម្បី​សិក្សា​វិភាគ​អំពី​លក្ខណៈ​នៃ​ប្រភេទ​ថ្ម​តាម​ប្រាសាទ​ទាំងនោះ​។

​លោកស្រី ម៉ម វណ្ណ​រតន៍ ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ បាន​លើកឡើងថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​មូលដ្ឋាន​ដល់​មន្ត្រី​បច្ចេកទេស​ទាំង​៣០​នាក់​ក្នុងការ​អភិរក្ស​ថ្ម​តាមបែប​បច្ចេកទេស ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​នៅក្នុង​តំបន់​អង្គរ​។ វគ្គ​សិក្សា​នេះ ក៏មាន​បំណង​ឱ្យ​សិក្ខាកាម​យល់ដឹង​ពី​លក្ខណៈ​ធម្មជាតិ​របស់​ថ្ម ដំណើរ​សឹក​រិច​រិល​របស់​ថ្ម​ប្រាសាទ និង​បច្ចេកទេស​នៃ​ការរៀបចំ​ឯកសារ ព្រមទាំង​វិធីសាស្ត្រ​នៃ​ការអភិរក្ស​តាមបែប​វិទ្យាសាស្ត្រ​ផងដែរ ហើយ​ការបណ្តុះបណ្តាល​នេះ គឺជា​វគ្គ​សិក្សា​ដំបូង​នៃ​កិច្ចសហការ​រវាង​គម្រោង​អភិរក្ស​ចម្លាក់​អប្សរា របស់​ប្រទេស​អាល្លឺម៉ង់​នៅ​រមណីយដ្ឋាន​អង្គរ (GACP) និង​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក​សាស្ត្រ​ចា​រ្យ Han Leisen គ្រូ​បណ្តុះបណ្តាល​ក្នុង​វគ្គ​សិក្សា​នេះ បាន​និយាយថា អ្នកចូលរួម​ទាំងអស់ គឺ​សុទ្ធសឹង​ជា​អ្នកទទួលខុសត្រូវ​នៅតាម​ប្រាសាទ​ផ្សេងៗ​គ្នា​។ ហើយ​ពួកគេ ត្រូវ​ចេះ​លើ​ការងារ​ជួលជុល​ប្រាសាទ មាន​ជួសជុល​ថ្ម​ជាដើម ដើម្បី​បង្កើន​ប្រសិទ្ធិភាព​លើ​ការទទួលខុសត្រូវ​ក្នុង​តំបន់​របស់ខ្លួន​។ លោក Han Leisen រំពឹងថា សិក្ខាកាម​ទាំងអស់ នឹង​ចេះ​ជំនាញ​ទាំងនេះ និង​ត្រូវ​បន្ត​ផ្ទេរ​ចំណេះដឹង​នេះ​ទៅ​អ្នក​ដទៃទៀត​។​

​កាលពី​ថ្ងៃទី​១៧ កុម្ភៈ​ម្សិលមិញ ក្រុម​សិក្ខាកាម​បាន​ចុះទៅ​មើល​ការអនុវត្ត​ផ្ទាល់​នៅ​ប្រាសាទបាគង និង​ប្រាសាទ​ព្រះ​គោ​។ នៅ​ទីនោះ សិក្ខាកាម​កាន់តែច្បាស់​លើ​មេរៀន ដែល​សិក្សា​នៅក្នុង​ថ្នាក់​។

​កញ្ញា មាស សុភាព សិក្ខាកាម​មួយរូប​បាន​និយាយថា ការចុះ​មើល​សកម្មភាព​នៅតាម​ប្រាសាទ​នេះ ធ្វើ​ឲ្យ​កញ្ញា​ដឹង​ពី​របៀប​នៃ​ការជួសជុល​ប្រាសាទ បច្ចេកទេស លើកដាក់​ថ្ម​ជាដើម​។ កញ្ញា សុភាព រំពឹងថា ក្រោយពី​បញ្ចប់​វគ្គ​បណ្តាល​នេះ គេ​នឹង​កាន់តែច្បាស់​លើ​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការងារ​អភិរក្ស ជួសជុល និង​គ្រប់គ្រង​រមណីយដ្ឋាន​ដែលជា​តំបន់​បេតិកភណ្ឌ​ពិភពលោក បានជា​ច្រើន​មកហើយ​។ ដោយឡែក វគ្គ​សិក្សា​ក្នុង​ពេលនេះ គឺជា​ការ​ផ្តល់នូវ​ជំនាញ​បន្ថែមទៀត ដល់​អ្នកបច្ចេកទេស​ទាំង​អស់ ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ យកទៅអនុវត្ត​លើ​ការងារ​ប្រចាំថ្ងៃ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​