ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​លើ​អធិការនគរបាល​ក្រុង​បាត់ដំបង​ជាបន្ទាន់​

រឿងអាស្រូវ​របស់លោក យឹម វិចិត្រ អធិការនគរបាល​ខេត្តបាត់ដំបង កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ដូច្នេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិនត្រូវ​មើលរំលង​នោះទេ​។ មន្ត្រីនគរបាល​ធ្វើការ​នៅ​អធិការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​ថា សំណុំរឿង​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវបាន​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចោល​មិន​ចាត់ការ​ជា​ថ្នូរ​នឹង​លុយ​២០០០​ដុល្លារ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ហើយ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត មិនត្រូវ​ទុក​ឲ្យ​លោក យឹម វិចិត្រ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​។​

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​អធិការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ករណី​រំលោភ​សេពសន្ថវៈ​ខាងលើនេះ​បាន​កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​កន្លងទៅ នៅ​ភូមិ​ក្ដុល សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ក្មេងស្រី​រងគ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ជាមួយ​យាយ​តា​របស់ខ្លួន​។ ជនសង្ស័យ​អាយុ​២១​ឆ្នាំ ត្រូវបាន​គេ​លាក់​ឈ្មោះ ហើយ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​។ នៅក្នុង​សំណុំ​រឿងនេះ​ក្រោយពេល​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ស្រាប់តែ​លោក យឹម វិចិត្រ បញ្ជា​ឲ្យ​កូនចៅ​ជំនិតៗ​របស់ខ្លួន​សួរនាំ​រឿងនេះ ហើយ​បង្ខំ​ឲ្យ​ឪពុកម្ដាយ​ជនសង្ស័យ​បង់ប្រាក់​ជាង​២០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការបិទ​សំណុំរឿង​មិន​បញ្ជូនទៅ​តុលាការ​។

មន្ត្រីនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា ទង្វើ​របស់លោក យឹម វិចិត្រ កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​តាមច្បាប់​ទៅលើ​អធិការនគរបាល​ក្រុង​បាត់ដំបង​។ ដោយហេតុថា រឿងអាស្រូវ​របស់លោក យឹម វិចិត្រ កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​យ៉ាងខ្លាំង ម្យ៉ាងទៀត​ក្នុងនាម​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង លោក យឹម វិចិត្រ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ក៏បាន​រិះគន់​ដែរ​ថា លោក យឹម វិចិត្រ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពី​ការពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ឡើយ​៕

12644964_1551267155187650_2102684710360585579_nលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង