លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន មិនអាច​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​បានទេ​

​បន្ទាប់ពី​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ទឹកដី​ខណ្ឌចំការមន​រួចមក គឺ​រឿងអាស្រូវ​របស់លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ក៏ត្រូវ​មន្ត្រីនគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​នានា​លាតត្រដាង​ជា​សាធារណៈ​ផងដែរ​។ បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ចាត់វិធានការ​តាម​វិន័យ​នគរបាល​ទៅលើ​លោក យិន សាន ជាបន្ទាន់​។ ដោយហេតុថា លោក យិន សាន កន្លងមក​ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ហើយ​មាន​ជំនាញ​ខាង​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​ផងដែរ​។

មន្ត្រីនគរបាល​តាម​ប៉ុស្តិ៍​នៃ​បណ្ដា​សង្កាត់​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគេ​មាន​បញ្ហាលំបាក​ក្នុងការ​បំពេញការងារ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​បម្រើ​ប្រជាពលរដ្ឋ ព្រោះ​ខ្វះ​កម្លាំង​សម្រាប់ធ្វើ​ការងារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ខ្វៈក​ម្លាំ​ង​ធ្វើការ​ងារ​គឺ​ដោយសារ​លោក យិន សាន បាន​ដក​កម្លាំង​មន្ត្រីនគរបាល​ក្នុង​មួយ​ប៉ុស្តិ៍​២​ទៅ​៣​នាក់ យកទៅ​ល្បាត​តាម​គោលដៅ​សំខាន់ៗ​ជំនួស​នគរបាល​អន្ត​រាគ​មន៍ និង​កម្លាំង​ប្រយុទ្ធ​មួយចំនួនទៀត​។ ចំណែក​មន្ត្រីនគរបាល​អន្តរាគមន៍​(​ខ្លាហោះ​) និង​កម្លាំង​ប្រយុទ្ធ​ត្រូវបាន​លោក យិន សាន យកទៅ​យាម នៅតាម​បណ្ដា​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​សណ្ឋាគារ​មួយចំនួន​នៅពេល​យប់ ហើយ​ពេល​ថ្ងៃ​មន្ត្រីនគរបាល​ទាំងនោះ​មិន​មក​ធ្វើការ​ទេ​។ ការដែល​លោក យិន សាន ដក​កម្លាំង​នគរបាល​ពី​តាម​ប៉ុស្តិ៍​ធ្វើ​ឲ្យ​តាម​ប៉ុស្តិ៍​ខ្វះ​កម្លាំង​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ហេតុនេះហើយ​ទើប​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។

បញ្ហា​នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនត្រូវ​មើលរំលង​រឿងអាស្រូវ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន​នោះទេ ព្រោះ​អធិការ​រូបនេះ​ធ្វើ​អ្វី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។ លើស​នេះ​ទៅទៀត​នៅពេល​រឿង​អាក្រក់​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ ស្រាប់តែ​លោក យិន សាន ព្រមាន​យ៉ាង​កំរោល​ថា បើ​លោក​រកឃើញ​មេ​ប៉ុស្តិ៍​ណាមួយ​និយាយ​រឿងនេះ លោក​នឹង​ដក​ក្រវាត់ចោល​។ ទោះជា​យ៉ាងណា​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​រឿង​ដក​កម្លាំង​តាម​ប៉ុស្តិ៍​ឲ្យ​ទៅ​បំពេញការងារ​ជំនួស​នគរបាល​អន្តរា​គម​ន៍ និង​នគរបាល​ប្រយុទ្ធ ហើយ​ទុក​កម្លាំង​នគរបាល​អន្តរាគមន៍ និង​នគរបាល​ប្រយុទ្ធ​ឲ្យ​ទៅ​យាម​តាម​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​សណ្ឋាគារ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវបាន​មន្ត្រីនគរបាល​តាម​ប៉ុស្តិ៍​នានា​លាតត្រដាង​រួចទៅហើយ​៕

Pic15លោក យិន សាន អធិការនគរបាលខណ្ឌចំការមន