ប្រធានព្រឹទ្ធសភា រុស្ស៊ីនឹងមក បំពេញទស្សន កិច្ចកម្ពុជា ខណៈរុស្ស៊ីសន្យានឹងពង្រឹង ទំនាក់ទំនងជាមួយ កម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្សីវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា លោក Dmitry Tavetkor បានលើកឡើងក្នុងជំនួបទ្វេភាគីជាមួយសម្តេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាថា រុស្ស៊ី នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងគ្រាដែលប្រធានព្រឹទ្ធសភាប្រទេសនេះ នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជានៅខែក្រោយ។

លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភា បានឱ្យដឹងក្រោយជំនួប នាព្រឹកថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៦ ដោយបានលើកឡើង ពីប្រសាសន៍របស់ទូតរុស្ស៊ីថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្សី ជាគោលដៅដ៏មានសារសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយលោកទូតក៏សន្យាជំរុញគោលដៅនេះ បានរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរលោកបញ្ជាក់ថា «នៅខែក្រោយនេះនឹងមានដំណើរ ទស្សនកិច្ចរបស់ប្រធាន ព្រឹទ្ធសភាសហព័ន្ធរុស្សីនៅកម្ពុជា ដែលទស្សនកិច្ចនេះគឺជា គោលដៅ មួយដ៏មានសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរកម្ពុជា-សហព័ន្ធរុស្សី ហើយកិច្ចសហប្រតិបត្តិការ នេះមិនត្រឹមតែកិច្ចសហប្រតិបត្តិការ ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិផងដែរ»។
លោកសង្កត់ធ្ងន់ថា សភារុស្សី និងសភានៃប្រទេសកូរ៉េ បានមានគំនិតផ្តួចផ្តើមរៀបចំមហាសន្និបាតប្រធានសភានៃតំបន់អាស៊ី និងប្រធានសភា នៃប្រទេសអឺរ៉ុប ជាពិសេសសម្រាប់ប្រធានសភានៃបណ្តាប្រទេសអាស៊ាននឹងចូលរួម នៅពិធីដែលនឹងរៀបចំនៅទីក្រុងមូស្កូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
 លោកបន្តថា មហាសន្និបាតនេះ មានប្រធានបទសំខាន់៣ គឺទី១-ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សេដ្ឋកិច្ច និងមនុស្សធម៌ ទី២-ការពង្រឹងនូវសំណាញ់សន្តិសុខ ក្នុងតំបន់ និងទី៣-កិច្ចខិតខំប្រឹងប្រែង រួមគ្នាដើម្បីប្រឆាំងភេរវកម្ម។

ជាមួយគ្នានេះដែរលោកឯកអគ្គរ ដ្ឋទូតក្នុងនាមឱ្យប្រធានរដ្ឋសភានៃសហព័ន្ធរុស្សី បានអញ្ជើញសម្តេច ហេង សំរិន ទៅចូលរូមមហាសន្និបាតនេះដែរ។  លោកបញ្ជាក់ថា« ការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាទៅចូលរួមមហាសន្និបាតនេះ ជាស្នូលមួយជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរដ្ឋសភា នៃប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំក្លាថែមទៀត»។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតរបស់លោក ឯកអគ្គរដ្ឋទូតរុស្សីនៅកម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។

សម្តេចបានបញ្ជាក់ថា« កម្ពុជាបានចាត់ទុកប្រទេសរុស្សី ជាមិត្តល្អនៅគ្រប់កាលៈទេសៈ។ ខ្ញុំស សម្តែងនូវការគាំទ្រចំពោះ វរៈភាពរបស់រដ្ឋាភិបាល រដ្ឋសភា នៃប្រទេសទាំងពីរកម្ពុជា-សហព័ន្ធរុស្សី ហើយកិច្ចសហប្រតិបត្តិការនេះ បានគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ»។
ឆ្លើយតបនឹងការអញ្ជើញ របស់លោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា សម្តេចសន្យាថា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល ប្រធានសភានៃប្រទេស អាស៊ី និងប្រទេសអឺរ៉ុប ដែលជាកិច្ចប្រជុំលើកដំបូងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានសភាសហព័ន្ធរុស្សី និងប្រធានសភាកូរ៉េ៕

ប្រធានព្រឹទ្ធសភា រុស្ស៊ីនឹងមក បំពេញទស្សន កិច្ចកម្ពុជា ខណៈរុស្ស៊ីសន្យានឹងពង្រឹង ទំនាក់ទំនងជាមួយ កម្ពុជាបន្ថែមទៀត

ប្រធានព្រឹទ្ធសភា រុស្ស៊ីនឹងមក បំពេញទស្សន កិច្ចកម្ពុជា ខណៈរុស្ស៊ីសន្យានឹងពង្រឹង ទំនាក់ទំនងជាមួយ កម្ពុជាបន្ថែមទៀត