លោក ស៊ុន ចាន់ថុល និយាយ​ពី​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ជា​អាទិភាព ក្រោយពេល ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​

ភ្នំពេញ: ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន តំណាង​ប្រទេស​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ក្រោម​ប្រធានបទ “​ទីតាំង​ភូមិសាស្ត្រ​អាស៊ាន​នៅ​ឆ្នាំ​២០១៦ និង ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០២៥” នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក​។

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​លោក​ឯកអគ្គរដ្ឋទូត Michael Froman តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​មានការ​ចូលរួម​ដោយ​វិនិយោគិន​អាមេរិក​ជាច្រើនរូប​ទៀត​។​

​វាគ្មិន​ទាំងឡាយ​បាន​ផ្តាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ដែល​ត្រូវបំពេញ​ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៦​នេះ ក៏ដូចជា ពាណិជ្ជកម្ម​និង​ការវិនិយោគ​ជា​អាទិភាព នៅក្នុង​របៀបវារៈ ក្រោយពេល​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​។
​ជាមួយគ្នានេះ ពួកគេ​ក៏បាន​ពិភាក្សា​ផងដែរ អំពី​របៀប​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អាច​គាំទ្រ​ដល់​បណ្តា​ប្រជាជាតិ​នានា នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​ក្រោម របស់​អាស៊ាន​ដូចជា​៖ កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា សម្រាប់​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។
​ការពង្រឹង​អាស៊ាន ជាទី​តាំង​ពាណិជ្ជកម្ម​និង​វិនិយោគ​ពិភពលោក​មួយ ដ៏​រឹងមាំ​មួយ និង​បញ្ហាសំខាន់ៗ​ដែល​ពាណិជ្ជករ និង​សហគ្រិន​សហរដ្ឋអាមេរិក គួរ​ពិចារណា​មុនពេល​ដាក់ទុន​វិនិយោគ​នៅក្នុង​តំបន់​អាស៊ាន ក៏ត្រូវ​បាន​លើក​មក​ពិភាក្សា​ផងដែរ ក្នុង​វេទិកា​ពិគ្រោះ​យោបល់​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សង្ខេប​ជូន​អង្គប្រជុំ​អំពី ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​កំណែទម្រង់​សំខាន់ៗ​នានា ដែល​បាន​បំពេញ និង​កំពុង​អនុវត្ត​នៅ​ក្រសួងពាណិជ្ជកម្ម​។ លោក​បាន​គូសបញ្ជាក់​អំពី​សារសំខាន់ នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នៃ​ទំនិញ និង​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែល​ដាក់​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​ផងដែរ​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​កត់សម្គាល់​ផងដែរ អំពី​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដូចជា​គម្រោង​អ្វីៗ​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) (​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​) និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​(GSP) ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជាច្រើន​ដល់​កម្ពុជា និង​អំពី​សារសំខាន់​នៃ​គោលនយោបាយ​ស្តីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដែល​ទើបត្រូវ​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត​៕​