សុខភាព &raquo សុខភាព

រាជធានី​ភ្នំពេញ ​៖ លោក នូ សុវណ្ណ មន្ត្រី​អង្គការ​ខ្មែរ​​​បម្រើ​សុខភាព​ប្រជាជន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ អង្គការ​ខ្មែរ​​បម្រើ​​សុខភាព​ប្រជាជន​ហៅ​កាត់​ថា PSK's Condom បាន​បែងចែក​ស្រោមអនាម័យ​តាម​ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ហាង​តូច​ធំ ទី​ប្រជុំ​ជន និង​តាម​សហ​គម​ន៏​បណ្តា​ខេត្ត​​-​រាជ​ធានី​ ទូ​ទាំង​ប្រទេស​អស់​ជាង​១៩​លាន​៦​សែន​ស្រោម ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ចូលរួម​ទប់ស្កាត់​ និង​​បង្ការ​ការ​ឆ្លង​រាលដាល​​មេរោគ​អេ​ដ​ស៏​នៅ​កម្ពុជា និង​អាច​ជួយ​ពន្យា​រកំណើត ការ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន​កូន​ផង​ដែរ​ ។

លោក​​បាន​បន្ត​ថា ក្រៅពី​នេះ ​នៅ​មាន​ក្រុម​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាម​ទីប្រជុំជន បណ្តា​ខេត្ត​-​​រាជ​ធានី​ ដើម្បី​ឲ្យ​អ្នក​ប្រើ​​ប្រាស់​បាន​យល់​ពី​វិធី ​​និង​​ចុះ​ដល់​កន្លែង​ដែល​ប្រឈម​ដូច​ជា ផ្ទះសំណាក់ ស​ណ្ឋា​គារ ដែល​ជា​កន្លែង​អាទិភាព​មាន​ហានិភ័យ​ខ្ពស់ និង​តាម​ហាង ​បៀរ​ហ្គា​ឌិន ទី​​កម្សាន្ត​​នានា ពិសេស​​​តាម​​ក្លឹប​​​ខារាអូខេ ដែល​ជា​កន្លែង​ណាត់ជួប​គ្នា និង​អាច​ឈាន​ទៅ​រក​សេវា​ផ្លូវភេទ​ជាដើម ។

​​លោក នូ សុវណ្ណ បាន​​​​បន្ត​ទៀត​​ថា ក្រុម​យុវជន​អង្គការ​​នឹង​បន្ត​ចេញ​ទៅ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​ខេត្ត ​មាន ​ខេត្ត​បាត់ដំបង ក្រុងព្រះសីហនុ ​ប៉ៃលិន ​​រាជ​ធានី​ភ្នំពេញ កំពង់ចាម កំពត ស្វាយ​រៀង និង​ខេត្តសៀមរាប ​ជាដើម ដើម្បី​ឲ្យ​អ្នក​ប្រើ​​ប្រាស់​កាន់តែ​យល់​​ដឹង​ និង​ចូលរួម​ទប់ស្កាត់​​​បង្កា​រការ​ឆ្លង​រាលដាល​មេរោគ​អេ​ដ​ស៏ ។​

លោក​​​បាន​បញ្ជាក់​ថា ស្រោមអនាម័យលក់​ចេញ​បាន​ច្រើន​ជាងគេ​ គឺ​​​រាជ​ធានីភ្នំពេញ អាច​ស្រូប​យក​ស្រោម​ពី PSK's ៥០% សម្រាប់​បែងចែក​​​នៅ​ក្នុង​ប្រទេស មាន​ន័យ​ថា ​រាជ​ធានី​ភ្នំពេញ​ មាន​សេវា​រកស៊ី​ផ្លូវភេទ​ច្រើន​ជាងគេ​ ។ ការ​លក់​ស្រោម​នៅ​ទីផ្សារ​ ​ក្នុង​តម្លៃ​​ថោក​ ធ្វើ​យ៉ាងណា​ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ​សម្រាប់​​បង្កា​រការពារ​ខ្លួន​​​បញ្ចៀស​​ជំងឺ​កាមរោគ​ផ្សេង​ៗ ។ ដូច្នេះ​និន្នាការ​របស់​អង្គការ គឺ​ធ្វើ​​យ៉ាង​ណា​​ឲ្យ​អ្នក​ប្រើប្រាស់​ស្រោម​ជាមួយ​ដៃគូ​ក្នុង​ការ​រួម​ភេទ​របស់​ខ្លួន​មាន​ទំនុកចិត្ត បច្ចុប្បន្ន​ស្រោម​អនាម័យ​មាន​ច្រើន​ប្រភេទ​គឺ OK Number1 និង Number1​ថ្មី មាន​ក្លិន​ស្តូ​បូ​រី ក្លិន​ចេក និង ​Ok ហ្លា​ស់ ហើយ​តាម​រយៈ​ប្រើ​ស្រោម​នេះ បាន​ធ្វើ​ឲ្យ​អត្រា​ឆ្លង​រាលដាល​មេរោគ​អេ​ដ​ស៏​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង ​។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដ​ស៏ ធ្លាប់​លើក​ឡើង​ថា ស្រោមអនាម័យ ពិតជា​បានចូលរួម​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ និង​ជំងឺ​អេ​ដ​ស៏​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ពិសេស​ចូលរួម​​តម្រង់​​ទិ​ស​នៃ​ការ​ឆ្លើយ​តប​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធ​ភាព ឈាន​ឆ្ពោះ​ទៅ​​កាត់​ផ្តាច់​ទាំងស្រុង ការ​ចម្លង​​មេរោគ​អេ​ដ​ស៏ពី​ម្តាយ​ទៅ​កូន ។

បុគ្គលិក​របស់​​អង្គការ​​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​អាច​បង្ការ ​ឬ​ជួយ​ទប់ស្កាត់​ជំងឺ​អេ​ដ​ស៏ និង​ការ​រីក​រាលដាល​ឆ្លង​​​ជំងឺ​អេ​ដ​ស៏ ជំងឺ​​កាមរោគ និង​ការពារ​មាន​ផ្ទៃពោះ តាម​រយៈ​ប្រើ​ស្រោមអនាម័យ ។​ អង្គការ​នេះ​​បម្រើ​សុខភាព​ប្រជា​ពលរដ្ឋ​ ​អស់​​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដែល​ក្នុង​មួយ​ឆ្នាំ​អង្គការ​ត្រូវ​ចំណាយ​​ទឹក​ប្រាក់​​អស់​ជាង​២​លាន​ដុល្លារ ​​៕