ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្ដា​ហ៍​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្ដិ៍​លេខ​៥ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​​ទស្សនិកជន ។ កីឡាករ​កម្ពុជា​២​រូប គឺ​មាស ច័ន្ទ​មាន និង​ភុំ សា​រ៉ា​យ នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ខណៈ​ដែល​កីឡាករ​៤​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក Tiffy Fight  ក៏​ឈាន​ដល់​ដំណាក់កាល​តានតឹង​ផង​ដែរ ។

នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី​២១ កុម្ភៈ កីឡាករ​មាស ច័ន្ទ​មាន នឹង​ត្រូវ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រៀបចំ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Soun Tepheap នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ពេល​ព្រឹក​ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៨​។ កីឡាករ​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់ ដោយសារ​តែ​ភាគី​នីមួយ​ៗ​គឺ​សុទ្ធតែ​មិន​ចង់​ចាញ់​នៅ​លើ​សង្វៀន ។ កីឡាករ​មាស ច័ន្ទ​មាន គឺជា​ម្ចាស់​ខ្សែក្រវាត់​ K-Cement ដែល​មាន​ថ្វីដៃ​មិន​អាច​មើល​ស្រាល​បាន ។

យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ ហាក់​មិន​ទទួល​បាន​ផ្លែ​ផ្លា​ប៉ុន្មាន​នោះ​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន​ចង់​ឃើញ​ការ​ប្រកួត​របស់​គេ​ជាមួយ​កីឡាករ​ថៃ Soun Tepheap  ថា​ តើ​ទៅ​រួច​ឬ​ក៏​មាន​លទ្ធផល​អាក្រក់​ម្ដងទៀត ។ ការ​ប្រកួត​របស់​គេ​កន្លង​មក​ពេល​ខ្លះ​ល្អ​ក៏​ទទួល​បាន​ជោគជ័យ ហើយ​ក្នុង​កាលៈទេសៈ​ខ្លះ​សឹង​នឹង​រង​ការ​រិះគន់​ពេញបន្ទុក​ថា​ប្រកួត​មិនកើត ។ លោក​តឹក ឡៃ និង​ឡុ​ង ស៊ី​លី​ន ជា​គ្រូបង្វឹក​បាន​ត្រឹមតែ​អះអាង​ថា ​កូនសិស្ស​របស់​ខ្លួន​នឹង​ឡើង​រេញ​បាន​ល្អ​សម្រាប់​ព្រឹក​ថ្ងៃអាទិត្យ​ខាង​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឲ្យ​ធានា​ថា ​ឈ្នះ​១០០%​វិញ ក៏​លោក​ទាំង​ពីរ​ទទូច​ឲ្យ​រង់ចាំ​មើល​ច្រើននោះ​ដែរ ដែល​នេះ​បណ្ដាល​មក​ពី​កីឡាករ​ថៃ​ជា​គូប្រកួត​មិន​ទាន់​មានការ​ប្រកាស​ឲ្យ​ដឹង​ពី​សមាសភាព ហើយ​គ្រូបង្វឹក​ទាំង​ពីរ​ក៏​មិនជា​ទុកចិត្ត​ខ្លាំង​ទៅ​លើ​កូនសិស្ស​របស់​ខ្លួន​។ ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់​បាន​អះអាង​ថា កីឡាករ​ថៃ​ដែល​បាន​ឡើង​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នា​ពេល​ចុង​ក្រោយ​គឺ​កាន់តែ​ល្អ​ទើប​កីឡាករ​Soun Tepheap ដែល​មិន​ធ្លាប់​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​របស់​ប្រទេស​កម្ពុជា​ទំនង​មិន​អាច​មើល​ស្រាល​បាន​ទេ​សម្រាប់​កីឡាករ​មាស ច័ន្ទ​មាន ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​កីឡាករ​កម្ពុជា​ខ្លួនឯង​ក៏​ខ្លាំង​មិនសូវ​នឹង​ដៃ​បែប​នេះ ។

កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក ស្មើ​១​លើក ចំណែកឯ​កីឡាករ​កម្ពុជា​ធ្លាប់ ប្រកួត​បាន​១១៧​លើក ឈ្នះ​៩៤​លើក និង​ចាញ់​២៣​លើក ដែល​មាន​ន័យ​ថា​មាន​តួលេខ​ឡើង​ប្រកួត​នាំមុខ​ដាច់​ឆ្ងាយ​ជាមួយនឹង​គូប្រកួតតែ​ម្ដង ។  បើ​ផ្អែក​តាម​បទ​ពិសោធន៍​គឺ​កីឡាករ​មាស ច័ន្ទ​មាន នឹង​អាច​មាន​ប្រៀប​ប៉ុន្តែ​គេ​មានការ​បារម្ភ​ពី​កម្លាំង​ស៊ុ​ហ្វ​និង​ជំហរ​រឹង​មាំ​របស់​កីឡាករ​ថៃ​ដូច​គ្នា ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ថ្វី​ដ្បិត​មិន​ដែល​ឡើង​រេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​កីឡាករ​ថៃ​Soun Tepheap មិនមែន​ជា​កីឡាករ​ជើង​ថ្មី​ហើយ​មិន​មាន​ថ្វីដៃ​នោះ​ទេ ទើប​ការ​យកឈ្នះ​សម្រាប់​ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា ដាច់ខាត​ត្រូវ​តែ​ប្រឹង​បន្តិច ។ មិន​ខុស​គ្នា​ដែរ លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ក៏​រាង​ទុកចិត្ត​ចំពោះ​កីឡាករ​របស់​ខ្លួន​ជាង​ពេល​ណា​ផង​ដែរ សម្រាប់​ជំនួប​ជាមួយនឹង មាស ច័ន្ទ​មាននៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ ។ យ៉ាងណា​គេ​ជឿជាក់​ថា​ប្រសិនបើ​កីឡាករ​កម្ពុជា​មានការ​ត្រៀម​ទុកជា​មុន​គឺ​ពិតជា​ធ្វើ​ឲ្យ​កីឡាករ​ថៃ​បាក់មុខ​ជាក់​ជា​មិន​ខាន​ទេ ដោយសារ​តែ​បច្ចេកទេស​វាយ​របស់​កីឡាករ​កម្ពុជា​គឺ​ល្អ អន់​តែ​កម្លាំង​នៅ​ពេល​ឈាន​ដល់​ទឹក​ទី​៤ និង​ទី​៥​បន្តិច​ប៉ុណ្ណោះ ។ កីឡាករ​មាស ច័ន្ទ​មាន ពិតជា​មើល​ស្ថានការណ៍​ហើយ​ប្រឹង​រក្សា​កម្លាំង​វាយលុក​ចុង​ក្រោយ បើ​ពិបាក​ស៊ី​គូប្រកួត​ដោយសារ​តែ​ការ​ប្រកួត​របស់​គេ​កន្លង​មក​គឺ​គេ​ឆ្លាត​ខ្លាំង​ណាស់​នៅ​ពេល​ប៉ះ​គូប្រកួត​ជា​ជើង​ខ្លាំង ។

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ កីឡាករ​ជើង​ចាស់ ភុំ សា​រ៉ា​យ ក៏​ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pha Yak Noy​ផង​ដែរ ។ គូ​នេះ​គេ​ទុកចិត្ត​កីឡាករ​ថៃ​រឹតតែ​ច្រើន​ទៅ​ទៀត​ដោយសារ​តែ​ការ​ប្រកួត​កន្លង​មក​គឺ​ភាគី​ខាង​ថៃ​បាន​បន្សល់​ឲ្យ​កីឡាករ​ខ្មែរ​នូវ​ភាព​អាម៉ាស់់​លើ​រេញ​រួច​មក​ហើយ ហើយ​ភាគី​ខាង​កីឡាករ​កម្ពុជា​ហាក់ដូចជា​មិន​ខ្លាំង​ដូច​មុន​នោះ​ឡើយ​។ កីឡាករ​ភុំ សា​រ៉ា​យ ធ្លាប់​ប្រកួត​បាន​១៨០​ដង ឈ្នះ​១៥០​ដង ចាញ់​២៥​ដង និង​ស្មើ​៥​ដង ខណៈ​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៧​ដង​ឈ្នះ​៦៥​ដង ចាញ់​១១​ដង និង​ស្មើ​១​ដង ប៉ុន្តែ​បើ​និយាយ​ពី​បច្ចេកទេស និង​កម្លាំង​គឺ​កីឡាករ​ជើង​ចាស់​សុំ​ខ្មាស ។

យ៉ាងណា​ក៏​ដោយ​គឺ​មានតែ​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​ទើប​អាច​កាត់ក្ដី​បាន​ថា​តើ​រវាង ភុំ សា​រ៉ា​យ និង Pha Yak Noy អ្នក​ណា​ជា​អ្នក​ឈ្នះ ?

នៅ​ថ្ងៃអាទិត្យ​ទី​២១ កុម្ភៈ​នោះ​ដែរ នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​មានការ​ប្រកួត​ញាក់សាច់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​របស់ក្រុមហ៊ុន​Tiffy នៅ​សង្វៀន​ជ្រោយចង្វា​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ។ កីឡាករ​៤​រូប ដែល​សុទ្ធតែ​បាន​ឆ្លងកាត់​ក្នុង​វគ្គ​៣២​នាក់​យក១៦​នាក់ នឹង​ឡើង​ប្រកួត​ជម្រុះ​ក្នុង​ជើង​ទី​២​ជម្រុះ​ពី​១៦​នាក់ យក​៨​នាក់ បោះ​ជំហាន​ទៅ​កាន់​វគ្គ​បន្ត។ កីឡាករ​ជើងខ្លាំង​២​គូ​នឹង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​នេះ ដែល​កីឡាករ​ម្នាក់​ៗ​អត់​មាន​អ្នក​ចង់​បាត់​ឱកាស​នោះ​ទេ សម្រាប់​ការ​ប្រកួត ។ កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹង​ត្រូវ​ឡើង​ជម្រុះ​ជាមួយ​កីឡាករ​ឆាយ ម៉េ​ត មក​ពី​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ខណៈ​ដែល​មួយគូ​ទៀត​គឺ​កីឡាករ សេន កុសល មក​ពី​ក្លិប​មោងឫស្សី​មករ​តក​គុន​ខ្មែរ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថន វាសនា មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ ។ អ្នក​ទាំង​៤​នេះ​គឺ​ប្រកួត​ឈ្នះ​បាន​ឡើង ហើយ​សម្រាប់​អ្នក​ចាញ់​ហាលអាវ ។

អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​ទាំងមូល​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​ភាព​តានតឹង​និង​មាន​អ្នក​ចង់​ទស្សនា​ភាគច្រើន​ដើម្បី​ចង់​ដឹង​ថា អ្នក​ណា​បាន​ឡើង​អ្នក​ណា​ធ្លាក់​ដេក​ផ្ទះ ៕