ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុមហ៊ុន​ឱសថ​អា​មេ​រិ​ក INOVIO PHARMACEUTICALE ដែល​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស ZIKA ប្រកាស​នា​ថ្ងៃ​ទី​១៧ កុម្ភៈ ពី​ការ​សាកល្បង​វ៉ាក់សាំង​នេះ​លើ​មនុស្ស​មុន​ដំណាច់ឆ្នាំ​២០១៦ នេះ​ញ៉ាំង​ឱ្យ​មាន​ក្តី​សង្ឃឹម​ប្រឆាំង​ការ​ឆ្លង​រាលដាល​វីរុស​នេះ​ទៅ​ទ្វីប​អា​េ​ម​រិ​ក ។

លោក JEFF RICHARDSON អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​នេះ​ថ្លែងប្រាប់ AFP ថា បច្ចុប្បន្ន​យើង​កំពុង​ផលិត​វ៉ាក់សាំង​ប្រឆាំង​វិ​រុស ZIKA ដើម្បី​ធ្វើការ​សាកល្បង​លើ​មនុស្ស​មុន​ដំណាច់ឆ្នាំ​នេះ ។ ការ​សាកល្បង​នោះ​នឹង​ធ្វើ​បន្ទាប់​ពី​ការ​សាកល្បង​លើ​សត្វ​មក ។

ម្យ៉ាងវិញទៀត ក្នុង​សេចក្តី​ប្រកាស​មួយ ក្រុមហ៊ុន INOVIO អះអាង​ថា ការ​សាកល្បង​មុន​គ្លីនិក​ទាំងឡាយ​បង្ហាញ​ថា វ៉ាក់សាំង​សំយោគ​ប្រឆាំង​វីរុស ZIKA ផ្តល់​ចម្លើយ​គួរ​ឱ្យ​កក់ក្តៅ ដើម្បី​ឈាន​ទៅ​បង្ការ និង​ព្យាបាល​ការ​ឆ្លង​បណ្តាល​មក​ពី​វីរុស​នេះ ។ ក្រុមហ៊ុន​នោះ​បាន​សាក​វ៉ាក់សាំង​នេះ​លើ​សត្វ​កណ្តុរ ហើយ​ទទួល​ចម្លើយ​ល្អ​មួយ ព្រោះ​អាច​បង្កើត​ភាពស៊ាំ ។ វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្តើម​ភ្លាម​ៗ​ធ្វើតេស្ត​លើ​សត្វ​ស្វា មុន​ឈាន​ទៅ​ធ្វើតេស្ត​លើ​មនុស្ស​មុន​ដំណាច់ឆ្នាំ​នេះ ។ ដំណាក់កាល​ចុង​ក្រោយ​នោះ​នឹង​នាំ​ទៅ​ដល់​ការ​ស្នើ​ដាក់​លក់​លើ​ទីផ្សារ ។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក WHO ថា ក្រៅពី​ក្រុមហ៊ុន INOVIO ក្រុមហ៊ុន​ឱសថ​ជាង​១០​ទៀត ក្នុង​នោះ​មាន​ក្រុមហ៊ុន​បារាំង SANOFI PASTEUR និង​ក្រុមហ៊ុន BHARAT BIOTECH របស់​ឥណ្ឌា ក៏​ធ្វើការ​ស្រាវជ្រាវ​លើ​វ៉ាក់សាំង​ប្រឆាំង​វីរុស ZIKA ដែរ​។

WHO គិត​ថា វីរុស ZIKA នឹង​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ក្នុង​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​ជាមួយ​អ្នក​ឆ្លង​ពី​៣​ទៅ​៤​លាន​នាក់​នា​ឆ្នាំ​នេះ ។ នៅ​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​១,៥​លាន​នាក់​រួច​ហើយ ៕