ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖ ​​សព​ជនបរទេស​ម្នាក់ ត្រូវ​បាន​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​មូ​យ​កន្លែង នៅ​ក្រុងព្រះសីហនុ ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ ​កុម្ភៈ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មិត្ត​ភក្តិ​ និងសមត្ថកិច្ច​មូលដ្ឋាន ​។

យោង​តាម​​ប្រភព​ពី​មេការ​មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល​​ខាង​លើ​បាន​រៀបរាប់​ថា​ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​កើតហេតុ ខ​ណៈ​​​គាត់​ដើរ​ត្រួតពិនិត្យ​ផ្ទះ​ជួល​ក៏​​ប្រទះ​ឃើញជនបរទេស​​ដេក​ស្លាប់​ផ្ងា​ប់​មុខ ក្នុង​សូន​ច្បារ​ម្នាក់ឯង ហើយ​​​គាត់​ក៏​​ស្រែកហៅ​អ្នក​ជួល​ផ្ទះ​​ជា​ជនបរទេស​ដូច​គ្នា​ និង​ត្រូវជា​មិត្ត​ភក្តិ​ ​ប៉ុន្តែ​មិត្ត​​ភក្តិដែល​នៅ​លើ​ផ្ទះ​ពុំ​​ជឿ​​គាត់​ទេ ក្រោយមក​ទើប​ចុះ​មក​មើល​ទើប​ដឹង​ថា មិត្ត​ភក្តិ​​​គាត់​បាន​ស្លាប់​មែន​ ។

ជនបរទេស​ដែល​​ស្លាប់​នោះ ​ភេទប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​បារាំង ​​​ស្នាក់​នៅ​បឹង​កា​ឡូ អូ​ត្រេះ ស្ថិត​ក្នុងភូមិ​៦​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ។ នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​​បាន​មក​លេង​ផ្ទះ​មិត្ត​ភក្តិ​ ទីតាំង​កើតហេតុ​​​ខាង​លើ ។​

​​មិត្ត​ភក្តិ​​សព​បានឱ្យ​​ដឹង​ថា ​នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​របស់​ខ្លួន ហើយ​បាន​អង្គុយ​ផឹក​រហូត​ម៉ោងជាង​១​រំលង​អធ្រា​ត្រ​​ទើប​ឈប់ ហើយ​ខ្លួន​បាន​ហៅ​ជន​រង​គ្រោះឱ្យ​​ចូល​​សម្រាក​​ក្នុងផ្ទះ ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​ព្រម​​​ ​លុះ​ព្រឹក​ឡើង​​​​ស្រាប់​តែ​បង្ក​ការ​ភ្ញាក់​​​ថា មិត្ត​ភក្តិ​​ស្លាប់​ ។

​យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន បាន​គូសបញ្ជាក់​ថា យោង​តាម​ការ​​​ត្រួត​ពិនិត្យ​និង​ធ្វើ​កោសល្យ​​លើ​សព​ជន​រង​គ្រោះ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​គាំងបេះដូង ​ព្រោះ​នៅ​លើ​ខ្លួន​ និង​ជុំវិញ​កន្លែង​កើតហេតុ​ពុំ​មាន​អ្វី​គួរឱ្យ​​ចាប់​អារ​ម្ម​ណ៏​នោះ​ទេ​ ៕