ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​អតីត​អធិការរង​នគរបាល​ក្រុង​ច្បារមន​ ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​មើល​ដីចម្ការ​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤-១៥ ក្នុងភូមិ​អូរ​នាង​ហ៊ីង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​មៀ​ច តុ​ន អាយុ​៤៤​ឆ្នាំ ជា​អតីត​អធិការរង​នគរបាល​ក្រុង​ច្បារមន និង​ម្នាក់​ទៀត​ឈ្មោះ​នួន ឈុ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ (​ជា​អ្នក​រួម​ដំណើរ​)​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កំប៉ូត​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-1590 ។ ចំណែក​ខាង​រថយន្ត​អ្នកបើកបរ​ឈ្មោះ​យ៉េន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​ខាង​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ទឹកមាស ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ក៏​ជ្រុល​បុក​ជាមួយ​ម៉ូតូ​នៅ​ខាង​ស្តាំ​ដៃ  (​រថយន្ត​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ម៉ូតូ​ទៅ​ស្តាំ​ដៃ​) បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​ធ្លាក់​ពី​ផ្លូវ​តែ​ម្តង ។