ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា តម្លៃ​ប្រេងឥន្ធនៈ​មាន​ទាប​ជាងគេ​បំផុត​នៃ​ពិភពលោក តែ​ពេល​នេះ​ប្រធានាធិបតី​ប្រទេស​នោះ​លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​សម្រេច​ដំឡើង​យ៉ាង​ខ្លាំង​បំផុត​នូវ​តម្លៃ​ប្រេងសាំង​ដែល​ជា​វិធានការ​យ៉ាង​រសើប​បំផុត​ក្នុង​ប្រទេស​ផលិត​ប្រេង​នេះ ហើយ​ធ្វើ​ឱ្យ​តម្លៃ​ប្រាក់​ជាតិ​ប៉ូ​លី​វ៉ា​ធ្លាក់​ចុះ ។

ក្នុង​សុន្ទរកថា​យ៉ាង​វែង​មួយ លោក​ម៉ា​ឌូ​រ៉ូ ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា នេះ​ជា​វិធានការ​ចាំបាច់​មួយ ។ លោក​បញ្ជាក់​ថា តម្លៃ​ប្រេងសាំង​ថ្មី ប្រេង​ស៊ុប​ពែរ នឹង​ឡើង​ដល់​៦​បូ​លី​វ៉ា (០,៦​ដុល្លារ​) ក្នុង​មួយ​លី​ត្រ ទល់​នឹង​០,០៩៧ បូ​លី​វ៉ា ០,០១​ដុល្លារ​នា​ពេល​មុន ។ ចំណែក​តម្លៃ​ប្រេងសាំង​ធម្មតា​នឹង​ឡើង​ដល់​មួយ​លី​ត្រ​១​បូ​លី​វ៉ា (០,១​ដុល្លារ​) ទល់​នឹង​០,០៧​បូ​លី​វ៉ា នា​បច្ចុប្បន្ន ។ ការ​ដំឡើង​នេះ​ចំពោះ​ប្រេងឥន្ធនៈ​ដែល​ថោក​ជាងគេ​បំផុត​លើ​ពិភពលោក​នឹង​មាន​ដល់​១.៣២៨,៥% សម្រាប់​ប្រេង​ធម្មតា និង​៦.០៨៥% សម្រាប់​ប្រេង​ស៊ុប​ពែរ ។

វិធានការ​នេះ​ដែល​ពន្យារពេល​ជា​ច្រើន​លើក​ដោយ​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ ត្រូវ​បាន​ចាត់ទុកជា​រឿង​មហា​រសើប ដែល​នាំ​ឱ្យ​គេ​រំលឹក​ដល់​ការ​បះបោរ​ហៅ CARACAZO ជា​ឈ្មោះ​នៃ​ការ​បះបោរ​យ៉ាង​បង្ហូរឈាម​កាលពី​ឆ្នាំ​១៩៨៩ ពេល​រដ្ឋាភិបាល​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​ប្រេងសាំង​មក ។ តម្លៃ​ប្រេងឥន្ធនៈ​នៅ​ទ្រឹង​ចាប់តាំងពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​១៩៩០​មក រួច​ពុំ​មាន​រដ្ឋាភិបាល​ណាមួយ​ហា​៊​ន​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​ប្រេង​ឡើយ ៕