ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​កុ​ម្ភៈ ​​នេះ​ លោក ​ម៉ៅ ធនិន​ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​លោក​ជំទាវ ​ហ៊ុន ចាន់​ធី បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​របស់​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត​ ទៅ​ចែក​ជូន​ដល់​ជន​រង​គ្រោះ​ចំនួន​៣​គ្រួសារ ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង ​នៅ​ភូមិ​ដូង​ជ្រុំ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​១៧​​ កុម្ភៈ ​​កន្លង​មកនេះ​ ​។​

គ្រួសារ​ទាំង​៣​ខាង​លើ ​មាន​ ​១.​ឈ្មោះ ​សៀង សុ​ខុន ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ២.​ឈ្មោះ​ អៀង ស្រី​ណៃ​ ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ ​(​អ្នក​​ជួល​ផ្ទះ​លោក ​សៀង សុ​ខុន​ ស្នាក់​នៅ​) និង​​៣.​ឈ្មោះ​ អ៊ុ​ង សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ ជា​ភ្នាក់ងារ​របស់​សារព័ត៌មាន​សុ​ជីវ​ធម៌ ​។ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម ​តង់​១ ​ចានស្រាក់​មួយ​​សម្រាប់​  មី​១​​កេស  ទឹកត្រី​១យួរ  ទឹកស៊ីអ៊ីវ​១យួរ ​ត្រីខ​១០​កំប៉ុង ​ឃី​ត​១​កញ្ចប់​ធំ និង​​ប្រាក់​​៥០​ម៉ឺន​រៀល​​ផង​ដែរ ។​

​លោក​ ម៉ៅ ធនិន​ បាន​​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ផ្ទះ​ទាំង​២​ខ្នង ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នេះ​ ពោល​គឺ​អស់ទាំង​ផ្ទះ​ អស់ទាំង​ទ្រព្យសម្បត្តិ ​ដែល​ខិតខំ​រក​ទទួលទាន​យ៉ាង​លំបាក​កន្លង​មក ​មិន​ខុស​ពាក្យចាស់​ពោល​ថា «​ស៊ូ​លិច​ទូក​កណ្ដាលទន្លេ​ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ​» ​។​ នេះ​ជា​គ្រោះ​ធម្មជាតិ​ដែល​មាន​គ្រប់​ទីកន្លែង ដូច្នេះ​សូម​បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ ដូច​ជា​​ភ្លើង​អគ្គិស​នី ​​ភ្លើងចង្ក្រាន និង​ភ្លើងទៀន​ធូប​ជាដើម ​ព្រោះ​រដូវ​នេះ​ជា​រដូវរំហើយ​ងាយ​បង្ក​គ្រោះ​អគ្គិ​ភ័យ​ខ្លាំង​ណាស់​ ៕