ប្រធាន​ក្រុម Spurs អវត្តមាន​ប្រកួត Europa យប់​នេះ​ជាមួយ Fiorentina

ប្រធាន​ក្រុម​មាន់​ខ្នាយ​មាស Tottenham Spurs កីឡាករ Hugo Lloris នឹង​អវត្តមាន​ក្នុងការ​ប្រកួត Europa League វគ្គ ៣២ក្រុម​ចុងក្រោយ ជើង​ទីមួយ​នៅ​ទឹកដី Fiorentina នា​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មាន​បញ្ហា​របួស​ស្មា កាលពី​ប្រកួត​ជាមួយ Manchester City កាលពី​ថ្ងៃអាទិត្យ។

hugoបញ្ហា​នេះ ក៏​នឹងធ្វើ​ឲ្យ​អ្នកចាំទី​សញ្ជាតិ​បារាំង​រូបនេះ អវត្តមាន​លេង​ក្របខណ្ឌ FA Cup ជុំ​ទី៥ ដែល Spurs ធ្វើជា​ម្ចាស់ផ្ទះ ទទួលភ្ញៀវ Crystal Palace នា​ថ្ងៃអាទិត្យ​នេះ​ផងដែរ។ គ្រូបង្វឹក លោក Mauricio Pochettino នឹង​យក​កីឡាករ Michel Vorm មក​ជំនួស ប៉ុន្តែ​ក៏បាន​ទទួលស្គាល់​ដែរ​ថា អត់​ប្រធាន​ក្រុម​រូបនេះ ក៏​នឹង​ប៉ះពាល់​ដល់​ក្រុម​ផងដែរ។ លោក​និយាយថា «វា​មិនមាន​ជា​បញ្ហា​ធំ​ទេ ប៉ុន្តែ​ជា​របួស​តូច​មួយ​មែន វា​នឹង​តែងតែមាន​ផលប៉ះពាល់។ Hugo គឺជា​ប្រធាន​ក្រុម​របស់​យើង ពួកយើង​មាន​ក្រុម។ ពួកយើង​ជឿជាក់ថា Michel ក៏​ជា​អ្នកចាំទី​ដែល​ល្អ​ផងដែរ។ យើង​ជឿជាក់​លើ​គាត់»។ ជាមួយនឹង​ឳ​កាស​កំពុងដណ្តើម​ជើងឯក​ពាន Premier League, Tottenham អាច​នឹង​បំភ្លេចចោល មិន​យក​ភ្នែក​មើល Europa League គឺ​ដូចគ្នា​និង​ពេលវេលា កាលពី​ឆ្នាំមុន​ដែរ ដែល​ពេលនោះ​ត្រូវ​ក្លិប​អ៊ីតាលី Fiorentina ជម្រុះ​ចោល​នៅ​វគ្គ​នេះដែរ៕