កម្ពុជា​រំពឹង​ទទួល​ប្រយោជន៍​ច្រើន​ពី គំនិត​ផ្តួចផ្តើម​ថ្មី​របស់​អាមេរិក

​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​៖ លោក អូ​បា​ម៉ា​បានប្រកាស​ក្រោយ​កិច្ចប្រជុំ​ពិសេស​អាមេរិក​អាស៊ាន​ថា ថា​អាមេរិក​និង​អាស៊ាន​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដើម្បី​ជួយ​ឲ្យ​អាស៊ាន​លូតលាស់​រហ័ស និង​ជួយ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​អាច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ផងដែរ​។ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​ទាំងនេះ ហើយ​លោក​រំពឹងថា​វា​នឹង​នាំ​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ដែរ​។

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរកិច្ច​នៅ​ទីក្រុង សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា​ស្វាគមន៍​និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​អាមេរិក​ថ្មី​មាន​ទាំង​សិក្ខាសាលា​ពាណិជ្ជកម្ម (Trade Workshop)  និង​ការផ្សាភ្ជាប់​អាមេរិក អាស៊ាន (US-ASEAN connect) ព្រោះ​វា​សំខាន់​និង​ផ្តល់​សារប្រយោជន៍​ដល់​កម្ពុ​ជាច្រើន​។

​លោក​ថា​៖«​នៅពេល​ខាងមុខ​អាមេរិក​នឹង​រៀបចំ​សិក្ខាសាលា​ពាណិជ្ជកម្ម​ជាច្រើន​ដើម្បី​ពន្យល់​បន្ថែម​ទៅកាន់​បណ្តា​សមាជិក​អាស៊ាន​ដែល​មិនទាន់​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​យល់ច្បាស់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តង់ដា​ខ្ពស់​នេះ​។ គម្រោង​ទាំងនេះ​យើង​គាំទ្រ​»​។

​ស្របពេល​ជាមួយគ្នា​នោះ​លោក ក៏បាន​បង្ហើប​ផងដែរ​ថា ខាង​អាស៊ាន​បានស្នើ​សុំ​ឲ្យ​អាមេរិក​រៀបចំ​សិក្ខាសាលា​ពន្យល់​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​បញ្ហា​សុវត្ថិភាព​ចំណីអាហារ និង​បញ្ហា​ធុរកិច្ច​ជាដើម​ដែរ​។​

​ក្រៅពី​គាំទ្រ​សិក្ខាសាលា​ពាណិជ្ជ​កម្មនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​បង្ហាញ​ការគាំទ្រ​ខ្លាំង​ដល់​គម្រោង​ថ្មី​មួយទៀត​«​គំនិត​ផ្តួចផ្តើម​ការផ្សាភ្ជាប់​អាមេរិក​និង​អាស៊ាន​»​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ គំនិត​ផ្តួចផ្តើម​នេះ​បើតាម​ការពន្យល់​របស់​លោក ស៊ុន ចាន់ថុល តាម​ការយល់ឃើញ​ផ្ទាល់​របស់លោក  គំនិត​ផ្តួចផ្តើម​នេះ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច សហគ្រិនភាព ការច្នៃប្រឌិត ចែករម្លែក​បច្ចេកវិទ្យា និង​ថែមទាំង​ពង្រឹង​ចំណង​នយោបាយ​ផង​រវាង​អាមេរិក​និង​អាស៊ាន​។ តែ​កម្ពុជា​និង​សមាជិក​អាស៊ាន​ផ្សេងទៀត ស្នើ​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន​រៀបចំ​សរសេរ​ឯកសារ​គោល​មួយ​ដែល​អាច​ពន្យល់​និង​បញ្ជាក់​ច្បាស់​ថា​មាន​គោល​គំនិត​អ្វីខ្លះ​ក្នុង​គំនិត​ផ្តួចផ្តើម​ការផ្សាភ្ជាប់​អាស៊ាន​និង​អាមេរិក​នេះដែរ​នៅពេល​ខាងមុខនេះ​។

​ដោយឡែក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ក៏​ជឿជាក់​ផងដែរ រាល់​គម្រោង​ថ្មី​នឹង​ជួយ​ដល់​កម្ពុ​ជាច្រើន​ពាក់ព័ន្ធ​ការត្រៀមខ្លួន​ដើម្បី​ចាប់​ឱកាស​នានា​ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច និង​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​ចំណុច​ស្នូល​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​។

​លោក​ពន្យល់ថា​៖ « យើង​អត់​សូវ​ដឹង​ពី​ព័ត៌មាន​ទាំងនេះ​ទេ​។ ចឹ​ង​គេ​នឹងធ្វើ​សិក្ខាសាលា​ពន្យល់​ដល់​អ្នក​វិនិយោគ ខាង​សហគ្រាស​ធុន​តូច​មធ្យម ខាង​បរិស្ថាន​និង​ភាគី​ផ្សេងទៀត ដើម្បី​ឲ្យ​យល់ថា​តើ បើ​យើង​ចូលរួម​ជាមួយ​គេ វា​ពាក់ព័ន្ធ​អ្វីខ្លះ​។ ហើយ​ទាន់ពេល​អ្នកចេះ​គេ​មក​ពន្យល់​យើង​វា​លឿន​។ ដូច្នេះ​គំនិត​ផ្តួចផ្តើម​ទាំងពីរ​នេះ​វា​សំខាន់​ណាស់​»​។​

​តាមពិតទៅ​កម្ពុ​ជាមាន​ចំណាប់អារម្មណ៍​ដែរ​ចំពោះ​ការចូលរួម​ក្នុង​គម្រោង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ទើប​ភាគី​ឯកភាពគ្នា​សម្រេចបាន​កាលពី​ដើមខែ​តុលា​ឆ្នាំមុន​។ មាន​សមាជិក​អាស៊ាន​តែ​បួន​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ តែ​កិច្ចព្រមព្រៀង​នេះ​បើកទូលាយ​ស្វាគមន៍​សមាជិក​ថ្មី​ផ្សេងទៀត​ដែរ​។

​ថ្វីបើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​បើកទូលាយ​ទទួល​សមាជិក​ថ្មី​ជា​សមាជិក​អាស៊ាន​ដែល​មិនទាន់​ក្លាយជា​ភាគី​ក្តី កិច្ចព្រមព្រៀង​នេះ​ជា​គម្រោង​ពាណិជ្ជកម្ម​ស្តង់ដា​ខ្ពស់ និង​មាន​លក្ខខណ្ឌ​ច្រើន​ដែល​ត្រូវបំពេញ​។ ក្រៅពី​ថា សមាជិក​ត្រូវ​ដក​របាំង​ពន្ធគយ​ដើម្បី​ធានា​ឲ្យ​មាន​ពាណិជ្ជ​សេរី វា​ក៏​កំណត់​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​ការងារ ធានា​ការពារ​បរិស្ថាន ដោះស្រាយ​បញ្ហា​កុមារ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​ជាដើម​ផង​។ បញ្ហា​នេះហើយ​ទើប​ប្រទេស​មួយចំនួន​មិនទាន់មាន​លទ្ធភាព​បំពេញ​តាម​ស្តង់ដារ​តម្រូវ ព្រោះ​អាស៊ាន​នៅ​ជា​សហគមន៍​ដែលមាន​គម្លៀត​ខ្លាំង​នៅឡើយ​។ ដូច្នេះ​ដូច​ការរៀបរាប់​ខាងលើ​ស្រាប់ គំនិត​ផ្តួចផ្តើម​ថ្មី​នឹង​ជួយ​ឲ្យ​សមាជិក​អាស៊ាន​ដែល​មិនទាន់​គ្រប់​តម្រូវការ​រួមទាំង​កម្ពុជា​ផង​នោះ​អាច​ត្រៀមលក្ខណៈ​បាន​ស្រួល​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​