អ្នកប្រដាល់ ៤រូបប្រជែង កៅអីជើងឯក TIFFYវគ្គ២ សង្វៀនTV5 Arena នាថ្ងៃអាទិត្យ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TIFFYវគ្គ២ ទម្ងន់៥៧គ.ក្រ ដំណាក់ទី២វគ្គ១៦នាក់ ចុងក្រោយនៅលើសង្វៀន TV5 Arena បានឈានដល់ការប្រកួត ជម្រុះលើកទី៣ នាថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
សម្រាប់ការប្រកួត លើកទី៣ វគ្គ១៦នាក់ មានអ្នកប្រដាល់ចំនួន៤នាក់ រួមមានអ្នកប្រដាល់ ចាន់ គង់រាជ ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ឆាយ ម៉េត ក្លិបសំរោងកោងខេត្តបាត់ដំបង ខណៈ អ្នកប្រដាល់ សេន កុសល ក្លិបមោងឫស្សី មរតកគុនខ្មែរមកពី ខេត្តបាត់ដំបងដែរ ជួបប្រកួតជាមួយ អ្នកប្រដាល់ ថន វាសនា ក្លិបនាគរាជមានជ័យ។
ចាន់ គង់រាជ និង ឆាយ ម៉េត ជាអ្នកប្រដាល់ខ្លាំងដូចគ្នា ប៉ុន្តែពួកគេទាំងពីរនេះ ពុំធ្លាប់ដែលជួបគ្នានោះទេ កន្លងមក។
ដូច្នេះក្នុងការជួបគ្នាលើកនេះ ពុំដឹងថា នរណាជាអ្នកឈ្នះនោះឡើយ។ ចាំមើលការជួបគ្នា លើកដំបូងនេះ តើ ចាន់ គង់រាជ ឈ្នះ ឬឆាយ ម៉េត ឈ្នះ ?។
រវាងអ្នកប្រដាល់ ទាំងពីរនាក់នេះ មិនដឹងថា អ្នកណាមានវាសនាបាននៅ អ្នកណាខ្ទាតចេញពី ការប្រកួតនេះនោះទេ ព្រោះថា សមត្ថភាពបច្ចេកទេស របស់ពួកគេទាំងពីរ ប្រហាក់ប្រហែលគ្នា។ សេន កុសល ប្រកួតលើកចុងក្រោយនេះ គេវាយឈ្នះ គុណ សំណង អ្នកប្រដាល់ក្លិប គីសែមានរិទ្ធដោយពិន្ទុ ឯការប្រកួតចុងក្រោយរបស់ ថន វាសនា គឺវាយឈ្នះពិន្ទុ សេង ស្រឿន អ្នកប្រដាល់ក្លិប មហិទ្ធរិទ្ធតាដំបងដែក។
ចំពោះការប្រកួត គូក្រៅពីគូដណ្ដើម ពានរង្វាន់នេះ ឈុន បញ្ញា អ្នកប្រដាល់ជើងថ្មី ក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវជួបប្រកួតជាមួយ សង់ គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយប្រកួតគ្នាក្នុង ទម្ងន់៥៤គីឡូក្រាម។ ពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ ឈុន បញ្ញា ជាអ្នកប្រដាល់ស្រករក្រោយ តែគេមានស្នៀតប្រដាល់ល្អ និងមានផ្លែល្អទៀតផង។ គេប្រកួតចុងក្រោយនេះ វាយឈ្នះ ជ័ សុផល អ្នកប្រដាល់ក្លិប បាគងមានរិទ្ធ ខេត្តសៀមរាបក្នុង ទឹកទី២ ខណៈដែលការប្រកួត ចុងក្រោយរបស់ សង់ គង់ គេប្រកួតចាញ់ រស់ វិបុល អ្នកប្រដាល់ក្លិប សាលវ័ន្តកីឡាដោយពិន្ទុ។ សូយ ចិន្តា អ្នកប្រដាល់ក្លិប ពោធិជ័យកីឡា ត្រូវគេផ្គូឲ្យជួប ប្រកួតជាមួយ យ៉ាម រ៉េត អ្នកប្រដាល់ក្លិប រស្មីកុមារកំព្រា ដោយប្រកួតក្នុង ទម្ងន់៦៧គីឡូក្រាម។ ពីរនាក់នេះ ជាអ្នកប្រដាល់ ចាស់វស្សាដូចគ្នា ដូច្នេះមិនដឹងថា នរណាជាអ្នកមាន សំណាងឡើយ៕

អ្នកប្រដាល់ ៤រូបប្រជែង កៅអីជើងឯក TIFFYវគ្គ២ សង្វៀនTV5 Arena នាថ្ងៃអាទិត្យ