សាលាដំបូង សម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ

កំពង់ចាម៖  លោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ លាង ពៅ ពីបទៈ រំលោភសេពសន្ធវៈ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១៤និង៣០នាទី ប៉ុស្តិ៍នគរបាលតាំងក្រាំង បានទទួលពាក្យបណ្តឹងមួយច្បាប់ ពីឈ្មោះ ខឹម វន ភេទស្រី អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ២២និង២៥នាទី នៅចំណុចបន្ទប់ទឹកអាហារដ្ឋានរបស់ឈ្មោះ ងួន សុខ ស្ថិតក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ មានឈ្មោះ លាង ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិតាង៉ក់ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានលួងលោមកូនស្រី របស់ខ្លួនឈ្មោះ យ៉ាន់ ចិត្រា ភេទស្រី អាយុ ១៦ឆ្នាំ រំលោភសេពសន្ថវៈ រហូតបានសម្រេច អ្នកទាំងពីរ ស្នាក់នៅ បំរើការក្នុងអាហារដ្ឋានរបស់ឈ្មោះ ងួន សុខ ទាំងអស់គ្នា។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកអធិការនគរបាល ស្រុកបាធាយ បានសុំការអនុញ្ញាតិ និងក្រោមការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ បានបើកកិច្ចប្រតិបត្តិការ ចាត់កំលាំងជំនាញ ចុះកន្លែងកើតហេតុ ស្រាវជ្រាវ កោះហៅជនសង្ស័យឈ្មោះ លាង ពៅ មកកាន់អធិការដ្ឋានស្រុកបាធាយ ដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិត ជាបានរួមភេទជាមួយឈ្មោះ យ៉ាន់ ចិត្រា ពិតប្រាកដមែន។

បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមបញ្ញាតិមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១០ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ រួចរាល់ហើយ៕

សាលាដំបូង សម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ ពីបទរំលោភ សេពសន្ថវៈ