នាយករដ្ឋមន្ត្រីស្តីទីថា ការជួលដីឲ្យប្រទេស ជិតខាងអាចនឹង បង្កផលលំបាកដល់ អ្នកជំនាន់ក្រោយ

ភ្នំពេញ៖ សម្តេច ស ខេង ប្រមុខរាជរដ្ឋាភិបាល ស្ដីទីបានថ្លែងថា ប្រជាពលរដ្ឋនៅតាមព្រំដែន ហើយបានជួលដី ឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះ អាចនឹងបង្កផល លំបាកទៅថ្ងៃក្រោយ ទាំងរាជរដ្ឋាភិបាល ទាំងមនុស្សជំនាន់ ក្រោយផងដែរ។

គេហទំព័រអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង បានចូលរួមបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៥ នៅខេត្តកណ្តាលថា “ករណីប្រជាពលរដ្ឋនៅតំបន់ខ្លះ ជួលដីឲ្យប្រជាពលរដ្ឋ ប្រទេសជិតខាងនោះ អាចបង្កផលលំបាក ទៅថ្ងៃក្រោយទាំង រដ្ឋាភិបាល ទាំងមនុស្សជំនាន់ក្រោយ ។ ហេតុនេះអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ករណីនេះ មិនឲ្យកើតមានជាដាច់ខាត” ។

នាយករដ្ឋមន្ត្រីស្តីទី ក៏បានណែនាំ និង ជំរុញ ឲ្យរដ្ឋបាលខេត្តកណ្តាល ត្រូវពង្រឹងការអនុវត្ត សារាចរណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងបង្កើនការចាត់ វិធានហាមប្រាមប្រជាពលរដ្ឋ ខ្មែរមិនឲ្យជួលដី, លក់ដីធ្លី, ស្រែចំការ ឬ ដីលំនៅដ្ឋានរបស់ខ្លួន នៅតំបន់ព្រំដែន ទៅឲ្យប្រជាជនប្រទេស ជាប់ព្រំដែនតទៅទៀត” ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ បន្តទៀតថា ទាក់ទងនឹងប្រជាជនខ្មែរ ខ្លះជួលដីទៅឲ្យប្រជាពលរដ្ឋ នៅប្រទេសជិតខាង ខុសច្បាប់នោះ បើរាជរដ្ឋាភិបាល មិនដោះស្រាយ និង ចាត់វិធានការទៅតាមច្បាប់ទេ ទៅថ្ងៃខាងមុខ កូនខ្មែរជំនាន់ក្រោយ អាចប្រឈមនឹងការលំបាក បើទោះនៅតំបន់ព្រំដែន មានការបោះ បង្គោលហើយក៏ដោយ ។

សម្ដេច ស ខេង បន្តថា កន្លងមករាជរដ្ឋាភិបាល បានចេញសារាចរណ៍ ណែនាំស្តីពីការហាមប្រជា ពលរដ្ឋខ្មែរមិនឲ្យជួលដី, លក់ដី ឬ ជួលដីស្រែ, ដីចំការ ឬ លំនៅដ្ឋាន នៅតាមតំបន់ព្រំដែន នោះ គឺត្រូវអនុវត្តនៅតាម តំបន់ព្រំដែនក្បែរខាង កម្ពុជាទាំងអស់ ៕

នាយករដ្ឋមន្ត្រីស្តីទីថា ការជួលដីឲ្យប្រទេស ជិតខាងអាចនឹង បង្កផលលំបាកដល់ អ្នកជំនាន់ក្រោយ

នាយករដ្ឋមន្ត្រីស្តីទីថា ការជួលដីឲ្យប្រទេស ជិតខាងអាចនឹង បង្កផលលំបាកដល់ អ្នកជំនាន់ក្រោយ