សេវាកម្ម &raquo សប្បុរសធម៌

ថវិកា​៦.៦០០​ដុល្លារ គឺជា​ចំនួន​ពាក់កណ្ដាល​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ក្នុង​ព្រឹត្តិការណ៍​រត់​ជា​គូ «Couple Run» នេះ​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សាខា​វត្ត​ភ្នំ​ផ្ទាល់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ។

ដូច​បានដឹង​អំពី​ព្រឹត្តិការណ៍​ដំបូង​បង្អស់ «Couple Run» ថ្ងៃ​ទី​១៤ កុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​មានការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Ice Watch រួម​សហការ​ពី​សហព័ន្ធ​ខ្មែរ​អត្ត​ពលិកម្ម​ស្ម័គ្រចិត្ត និង​ក្រ​សូ​ង​អប់រំ យុវជន និង​កីឡា Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and make up ,Deluxe Chicken , Libresse, JM asia, Legend, Freeze, Cam-Idea និង​ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត​។ ជា​លទ្ធិ​ផល គឺ​ទទួល​បាន​ជោគជ័យ ដោយ​មាន​អ្នកចូលរួម​ទិញ​សំបុត្រ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក​។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ គឺ​មិនមែន​មាន​តែ​យុវវ័យ​ប៉ុណ្ណោះ​ទេ ក្នុង​នោះ​ក៏​មាន​មនុស្ស​វ័យ​ចំណាស់​ចូលរួម​រត់ ដើម្បី​សុខភាព និង​យក​ថវិកា​ជួយ​កុមារ​នៅ​ពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ​។ 

លោក សួង ស៊ី​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ice Watch បាន​ថ្លែង​ក្នុង​ពេល​ប្រគល់​ថវិកា​ជូន​ទៅ​ខាង​មន្ទីរពេទ្យ​ផង​ដែរ​ថា «​ការ​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជា​រឿង​ល្អ​មួយ ដើម្បី​ជួយ​ដល់​ក្មេង​ៗ និង​ប្រជាជន​ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ។ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មិន​អាច​អត់​ជំនួយ​បាន​ទេ មាន​តែ​បន្ថែម អ៊ីចឹង​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ទាំង អស់​ជួយ​សង្គម​យើង ជួយ​ប្រជាជន​យើង​។ ម្នាក់​ៗ​តែ​បន្តិច​ៗ ១​ពាន់​រៀល ៤​ពាន់​រៀល ១​ដុល្លារ គឺ​យើង​អាច​ជួយ​បាន​ហើយ​។ ប្រជាជន​យើង​មាន​ច្រើន​លាន​នាក់​ណាស់​។ ថវិកា​ប្រមូលផ្ដុំ​ឡើង​គឺ​ច្រើន​មែនទែន ដូច្នេះ​យើង​មាន​លទ្ធភាព​អាច​ជួយ​សង្គម​យើង​ហើយ​»​។ លោក​បញ្ជាក់​បន្ថែម​ថា​« Ice-watch នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិសេស​ផ្សេង​ៗ​ទៀត ដោយ​មួយ​ភាគ​នៃ​ថវិកា​នឹង​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល ជា​ពិសេស​នោះ​ក្រុមហ៊ុន​នឹង​នៅ​បន្ត​ក្នុង​ការ​ស្វែងរក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជា​បន្ត​ទៀត​»​។