ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​កំពង់ឆ្នាំង ៖ ​មន្ត្រី​មន្ទីរ​អធិការកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោកសោ​ម សុជាតា ជា​ប្រធាន​មន្ទីរ កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​​​២០១៦ បាន​ចុះ​ទៅ​ស្រាវ​ជាវ និង​ធ្វើ​សវតា​ការ​កាន់កាប់​ដីធ្លី​របស់​ប្រជា​ពល​រដ្ឋ​៣៥គ្រួសារ ក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​បន្ទាប់​​ពី​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ មាន​ផ្ទៃដី​ទំនាស់​ចំនួន​៥​ហិ​កតា ជាមួយ​មន្ត្រី​សុរិយោដី​២​នាក់ ដែល​បាន​អះអាង​ថា ​ជា​ដី​កម្ម​សិទ្ធិ​​របស់​ខ្លួន​ ។ ​ជុំវិញ​ដី​ទំនាស់​ខាងលើ​នេះ កន្លង​ទៅ​ក៏​មាន​អាជ្ញា​ស្រុក​ខេត្ត បាន​ចុះ​ទៅ​សម្របសម្រួល និង​បាន​ដាក់​ផែនការ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សាជា​បន្តបន្ទាប់ តែដោះស្រាយ​មិនទាន់​ចេញ​រួច ។

​លោក​សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច​ឱ្យ​ដឹងថា​ មន្ត្រី​របស់​លោក​ចុះ​មក​ថ្ងៃនេះ គឺដើម្បី​​ស្រាវជ្រាវ​ធ្វើ​សាវតា​នៃ​ការ​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ​ថា ​តើ​ពួក​គាត់​បាន​កាន់កាប់​ដី​នោះ​ពី​ពេល​ណា មាន​ទំហំ​ប៉ុណ្ណា មាន​ព្រំប្រ​ទល់​នឹង​​នរណា ហើយ​អ្នក​ណា​​ជា​អ្នក​ចែក​ឱ្យ​ ។

ក្រោយ​ពី​យក​បាន​សាវតា​ដីធ្លី​នេះ​ហើយ ក្រុមការងារ​របស់​លោក​នឹង​ស្រាវជ្រាវ​ឯកសារពាក់​ព័ន្ធ​ និងអង្កេត​ដោយ​ផ្ទាល់​លើ​ដី​ពួក​គាត់​ដែល​បាន​កាន់កាប់ បន្ទាប់​មក​ទៀត ​ទើប​ឈាន​ដល់​ការ​ផ្ទៀងផ្ទាត់​ជាមួយមន្ត្រី​ជំនាញ​សុរិយោដី​ទៀត ទើប​យក​ល​ទ្ធ​​ផល​ដាក់​ជូន​ថ្នាក់​លើ​សម្រេច ។

ទោះ​យ៉ាងណា​​ក្តី ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ រស់​ក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ នៅ​តែ​សម្តែង​​ក្តី​ព្រួយបារម្ភថា ដី​ពួក​គាត់​ទាំង​៥​ហិ​កតា អាច​នឹង​ត្រូវ​ឈ្មោះ​ប៉ិល ច​ន្ថា និង​ឈ្មោះ​ស៊ីវ ច​ន្ថា​រី ជា​មន្ត្រី​សុ​រិយោ​ដី​រឹបអូស​យក ព្រោះ​ពួក​គេ​ទាំង​២​នាក់​ បាន​លួច​ធ្វើ​ប្លង់​កាន់កាប់ លើ​ដី​នោះ​បាន ។ ចំណែក​គាត់​មិនអាច​ធ្វើ​បាន ដោយសារ​ដី​នោះ​ស្ថិត​ក្នុង​ចំណុច​ខ្មៅ​ព្រ​លាន​យន្តហោះ ។