កាកបាទក្រហមកម្ពុជា មាន​អាយុ​៦១​ឆ្នាំ​ហើយ​ (​១៩៥៥-២០១៦​)

ភ្នំពេញ: កាកបាទក្រហមកម្ពុជា​ដែល​បាន បង្កើតឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​១៩៥៥ ដែល​មកដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​អាយុកាល​៦១​ឆ្នាំ​ហើយ​។ កាកបាទក្រហមកម្ពុជា ជា​អង្គការ​មនុស្សធម៌​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ស្ថាប័ន​មួយ​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល ថា​ជា​ជំនួយការ​អាជ្ញាធរ សាធារណៈ​ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​។​

​គណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម បានទទួល​ស្គាល់​កាកបាទក្រហមកម្ពុជា នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​១៩៦០ និង​ត្រូវ​បញ្ចូល​ជា​សមាជិក​សហព័ន្ធ​អន្ដរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​១៩៦០​។ យ៉ាងណាក៏ដោយ នៅក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) រាល់​សកម្មភាព​កាកបាទក្រហមកម្ពុជា ត្រូវ​ផ្អាក​ទាំងស្រុង ហើយ​អ​សនៈ​របស់​កាកបាទក្រហម​កម្ពុជា​នៅឯ​មហាសន្និបាត​សហព័ន្ធ​អន្ដរជាតិ ត្រូវ​ទុកឱ្យ នៅ​ទំនេរ​។

​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ និង​១៩៩៤ កាកបាទក្រហមកម្ពុជា​បាន​បាត់បង់​នូវ​ឯកភាព របស់ខ្លួន​ដោយ សារ​ការប្រកួតប្រជែង​បង្កើត សមាគម របស់​ក្រុម​នីមួយៗ នៅក្នុង​តំបន់​កាន់កាប់​របស់​ពួកគេ​។ យ៉ាងណាក៏ដោយ សមាគមជាតិ​ក៏បាន​បង្រួបបង្រួម ហើយ​សហព័ន្ធ​ក៏​ទទួលស្គាល់​កាកបាទក្រហមកម្ពុជា នៅក្នុង ចលនា​ឡើងវិញ​។​

​ចាប់តាំងពី​មានការ​បង្រួបបង្រួម​នៅ​ឆ្នាំ ១៩៩៤ កាកបាទក្រហមកម្ពុជា បាន​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​នៃ ការអភិវឌ្ឍ​ស្ថាប័ន និង​កំណែទម្រង់​។ មហាសន្និបាត​ចំនួន ៤ លើក បានរៀបចំ​ឡើង ដោយមាន​ការបោះឆ្នោត ជ្រើសរើស​គណៈកម្មាធិកា​រ​កណ្ដាល​សម្រាប់​អាណ​ត្ដិ​រយៈពេល ៤ ឆ្នាំ ដោយមាន​ព្រះមហាក្សត្រី ព្រះវររាជ​មាតា ជាតិខ្មែរ ន​រោ​ត្ដម មុនិនាថ សីហនុ គង់ប្រថាប់​ជា​ព្រះប្រធាន​កិ​ត្ដិ​យស តាំងពី​ឆ្នាំ ១៩៩៤​។​

​ថ្វីបើ​មាន​ឧបសគ្គ​នៃ​ផ្នែក​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​ក៏ដោយ ក៏​កាកបាទក្រហមកម្ពុជា ព្យាយាម​ប្រឹងប្រែង អភិវឌ្ឍ​ខ្លួនឯង ដោយមាន​ការគាំទ្រ​ពី​សំណាក់​សហព័ន្ធ​អន្ដរជាតិ អាយ​.​ស៊ី​.​អរ​.​ស៊ី​. ដៃគូ​សហ​ប្រតិ​ប​ត្ដិ​ការ និង សមាគមជាតិ​ជា​ដៃគូ នៅក្នុង​តំបន់ និង​ទូទាំង​ពិភពលោក​។

​កាកបាទក្រហមកម្ពុជា បាន​អនុវត្ដ​យ៉ាង​ជោគជ័យ​នូវ ផែនការ​យុទ្ធសាស្ដ្រ ៣ ឆ្នាំ (១៩៩៨-២០០០) របស់ខ្លួន​។ ផែនការ​អភិវឌ្ឍ​លើក​ទី ២ ដែលមាន​រយៈពេល ៥ ឆ្នាំ បាន​កសាងឡើង នៅ​ឆ្នាំ ២០០១ និង​បាន​កែសម្រួល​នៅ​ឆ្នាំ ២០០២​។ នៅក្នុង​ឆ្នាំ ២០០៣ កាកបាទក្រហមកម្ពុជា បាន​កសាង​យុទ្ធសាស្ដ្រ ២០០៣-២០១០​។ ព្រះមហាក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហនុ បាន​ឡាយ ព្រះហស្ដលេខា ព្រះរាជក្រឹត្យ​ចំនួន​ពីរ រួមមាន ព្រះរាជក្រឹត្យ ស្ដីពី​ការទទួលស្គាល់​កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រឹត្យ​ស្ដីពី​ការប្រើប្រាស់ និង​ការការពារ​បដិរូប​ស​ញ្ញា​កាកបាទក្រហម នៅក្នុង​ប្រទេស​កម្ពុជា​។​

​បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ផ្ដល់​កម្មវិធី​ជាច្រើន​ប្រភេទ រួមមាន ការងារ​ថែទាំ​សុខភាព​នៅតាម​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ ការឆ្លើយតប​គ្រោះមហន្ដរាយ​និង​ការត្រៀម​បង្ការ​គ្រោះ មហន្ដរាយ នៅ​ទូទាំងប្រទេស​។

​ការផ្ដល់​សេវាកម្ម​ទាំងនេះ បាន​ចូលទៅ​ដល់​សហគម​ន៍តា​មរយៈ​បណ្ដាញ​សាខា​ដ៏ ទូលំទូលាយ គ្របដណ្ដប់ ២៤ ខេត្ដ​-​រាជធានី ដោយមាន​សមាជិក​ចំនួន ១២៦.៣១៨ នាក់ អ្នក​ស្ម័គ្រចិត្ដ​ចំនួន ១០.៤៨៥ នាក់ និង​យុវជន​កាកបាទក្រហម ចំនួន ១៣.៥៤១ នាក់ ដែល​ពួកគេ​កំពុងផ្ដល់​សេវាកម្ម និង​អនុវត្ដ​គម្រោង​នានា ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​៕​

កាកបាទក្រហមកម្ពុជា មាន​អាយុ​៦១​ឆ្នាំ​ហើយ​ (​១៩៥៥-២០១៦​)