ក្រុមហ៊ុន Nike ផ្តាច់ទំនាក់ទំនងជាមួយ Pacquiao

ក្រុមហ៊ុនផ្គត់ផ្គង់ ឯកសណ្ឋាន និងសម្ភារៈកីឡាដ៏ធំ របស់ពិភពលោក NIKE បានប្រកាសផ្តាច់ទំនាក់ទំនង ជាមួយស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao ក្រោយពីម្ចាស់ខ្សែក្រវាត់ពិភពលោក ៦សម័យកាលរូបនេះ បានហៅអ្នកស្រលាញ់ភេទដូចគ្នាថា “អាក្រក់ជាងសត្វធាតុទៅទៀត”។

ទាក់ទងនឹងរឿងរ៉ាវខាងលើ កីឡាករវ័យ ៣៧ឆ្នាំដែលកំពុងឈរ ឈ្មោះក្នុងសភាហ្វីលីពីន បានបកស្រាយលើគណនី Instagram ថាខ្លួនមិនបានថ្កោលទោសចំពោះការស្រលាញ់ភេទដូចគ្នានោះទេ គ្រាន់តែនិយាយទៅតាមអ្វី ដែលមានចែងក្នុងគម្ពីរប៊ីប (Bible គម្ពីរសាសនាគ្រិស្ត) ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយក្រោយមក Pacquiao នៅតែសូមទោសជា សាធារណៈចំពោះពាក្យសម្ដីរបស់ខ្លួន។

ដោយឡែកសេចក្ដីថ្លែងការណ៍របស់ Nike បានសរសេរថា៖ “ពួកយើងមើលឃើញថា ការបញ្ចេញមតិរបស់ Pacquiao គឺបង្ហាញពីការរើសអើង។ ក្រុមហ៊ុន Nike ដែលមានប្រវត្តិគាំទ្រ និងការពារការស្រលាញ់ ភេទដូចគ្នាតាំងពីដើមមក សូមធ្វើការប្រឆាំងគ្រប់រូបភាព ដែលប៉ះពាល់ដល់សិទ្ធ សហគមន៍អ្នក ស្រលាញ់ភេទដូចគ្នា ដូច្នេះពួកយើងនឹងបញ្ចប់ការឧបត្ថម្ភ និងទំនាក់ទំនងជាមួយកីឡាករ Manny Pacquiao ត្រឹមនេះ”។

Pacquiao កាលពីខែឧសភាឆ្នាំមុន បានចាញ់ក្រោមថ្វីដៃអ្នក ប្រដាល់មិនដែលចាញ់ Floyd Mayweather ហើយប្រកួតបន្ទាប់ ជាប្រកួតចុងក្រោយរបស់គេ នឹងត្រូវប៉ះកីឡាករTimothy Bradley Jr នៅទីក្រុង Las Vegas ក្នុងខែមេសាខាងមុខ៕

ក្រុមហ៊ុន Nike ផ្តាច់ទំនាក់ទំនងជាមួយ Pacquiao

ប្រភព៖ សប្បាយ