អាជីវករ​លក់ដូរ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ក្រោយពី​មានការ​បញ្ជា​រុះរើ​តូប

អា​ជីករ​លក់ដូរ​នៅតាម​ឆ្នេរ​ព្រះសីហនុ បាននាំគ្នា​មក​តវ៉ា​នៅ​រដ្ឋសភា កាលពី​ព្រឹក​មិញ​នេះ ដើម្បី​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពួកគេ ដែល​ត្រូវបាន​អភិបាលខេត្ត​បញ្ជា​ឲ្យ​រុះរើ​តូប​លក់ដូរ​ចេញពី​តំបន់ឆ្នេរ ។ អភិបាលខេត្ត​ព្រះសីហនុ អះអាងថា ការបញ្ជា​ឲ្យ​រុះរើ​ទីតាំង​លក់ដូរ​នេះ គឺ​អនុ​ត​វត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រមាណ​ជា៥០នាក់ តំណាង​ឲ្យ​អាជីវករ​លក់ដូរ​នៅតាម​ឆ្នេរសមុទ្រ​ព្រះសីហនុ​ចំនួន២០៨តូប បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពួកគេ ដែល​ត្រូវបាន​អភិបាលខេត្ត​បញ្ជា​ឲ្យ​រុះរើ​តូប​លក់ដូរ​ចេញពី​តំបន់ឆ្នេរ​កាលពី​ថ្ងៃទី១៣ កុម្ភៈ កន្លងមកនេះ ដោយ​ទុកពេល​ឲ្យ​ពួកគេ​មួយខែ​ក្នុង​ការរុះរើ។

លោក ឯក វិធាន តំណាង​ឲ្យ​អា​ជីករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ពួកគេ​បាន​លក់ដូរ​នៅ​ទីតាំង​ឆ្នេរ​អូ​ត្រេះ​នោះ​តាំងពី​យូរណាស់​មកហើយ ដោយមាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​ផងដែរ។ តំណាង​អាជីវករ​រូបនេះ​អះអាងថា កន្លែង​ដែល​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ​នេះ គឺ​បាន​ចំណាយ​ប្រាក់​អស់​ជាច្រើន ដែល​ប្រាក់​ទាំងនោះ​គឺ​ពួកគេ​បាន​ខ្ចី​មកពី​ធនាគារ ដើម្បី​រៀបចំ​ទីតាំង​លក់ដូរ​ឲ្យ​មាន​ភាពស្រស់ស្អាត ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ។លោក​ថា បើ​អាជ្ញាធរខេត្ត​បញ្ជា​ឲ្យ​ពួកគេ​រុះរើ​ដូចនេះ ពួកគេ​ប្រាកដជា​គ្មាន​ប្រា​ក់បង់​សង់​ធនាគារ​វិញ​នោះទេ។

អាជីវករ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖«ពីមុន​រដ្ឋាភិបាល​ឲ្យ​យើង​ទៅរក​ស៊ីការ​ពី​មិនទាន់មាន​មនុស្ស ប៉ុន្ដែ​ដល់​យើង​ប្រមូល​មនុស្ស ធ្វើ​តូប​ធ្វើ​អ្វី​ហើយ មាន​ភ្ញៀវទេសចរ​ចូលមក​ច្រើន​ហើយ បែ​រដក​ពួកយើង​ចេញ​ដោយ​គ្មាន​សំណង។ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ក្នុងការ​បណ្ដេញ​ប្រជាជន​ចេញពី​តំបន់ឆ្នេរ​ព្រោះ​ពួក​ខ្ញុំ​នេះ​មិនមែនជា​អ្នកមាន​អ្វី​ទេ …»។
អ្នកស្រី ឆិល យឿន តំណាង​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​មុខ​ព្រះរាជដំណាក់​ចាស់ បាន​អំពាវនាវ​ថា បើ​រដ្ឋាភិបាល​រៀបចំ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ក៏ដោយ តែ​រដ្ឋាភិបាល​គួរតែរៀបចំ​កន្លែង​ស្ដង់ដារ​ណាមួយ​សម្រាប់​ឲ្យ​អ្នកស្រី និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​លក់ដូរ​នៅ​ទីនោះ ដើម្បី​អាច​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ«សូម​សម្ដេច​ជួយ​ឲ្យ​ពួក​ខ្ញុំ​បាន​លក់​នៅនឹងកន្លែង បាន​សម្ដេច​អភិវឌ្ឍ​កូនចៅ​អរ​ណាស់​បានរៀបចំ​ទីក្រុង​ស្អាត។ ហើយ​បើ​អភិវឌ្ឍន៍ រដ្ឋ​ធ្វើ​ស្ដង់ដារ​ខ្ញុំ​បង់​ចំណូល​ចូល​រដ្ឋ បើ​ប្រទេស​អភិវឌ្ឍ ពីមុន​គ្មានទេ»។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឆិល យឿន។

តំណាងរាស្រ្តគណបក្សប្រជាជនលោកស្រី ឡោក ខេង និងលោក ជា ប៉ូច តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញមកទទួលយកញត្តិពីក្រុមអាជីវករទាំងនោះ ដោយសន្យាថា នឹងយកញត្តិទៅត្រួតពិនិត្យ និងពិភាក្សាជាមួយរដ្ឋាភិបាលលើបញ្ហានេះ។

អាជីវករ​លក់​នៅ​តំបន់ឆ្នេរ ដែល​ត្រូវបាន​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ​តូប​ចេញ​នោះ​មាន​ចំនួន​ប្រមាណ២០៨តូប ក្នុងនោះ​មាន​តំបន់ឆ្នេរ​អូ​ត្រេះ ឆ្នេរ​អូ​ឈើទាល (អតីត​ដី​អា​រី​ស្ដុ​ន) និង​ឆ្នេរ​មុខ​ព្រះរាជដំណាក់​ចាស់ ។

ជុំវិញ​បញ្ហា​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អះអាងថា ការបញ្ជា​ឲ្យ​រុះរើ​ទីតាំង​លក់ដូរ​នេះ គឺ​អនុ​ត​វត្ត​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​រៀបចំ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ឲ្យ​បាន​ស្អាត ដើម្បី​សាក​សមនិង​ការជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក។ លោក​ថា តំបន់ឆ្នេរ​ទាំងនោះ​គឺជា​ដី​របស់​រដ្ឋ ដូចនេះ​រដ្ឋ​អាចមាន​សិទ្ធិ​ក្នុង​ដកហូត​មកវិញ ដើម្បី​រៀបចំ​ជា​សួនច្បារ​សំរាប់​ជា​ផ្នែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​បំរើ​ផល​ប្រ​យោ​ជ​ន៏​រួម​វិញ។ ត្រូវតែ​យ៉ាងណា​លោក យន្ត មីន បញ្ជាក់ថា លោក​ក៏បាន​បញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​និង​ការតវ៉ា និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ទាំងនោះ មក​ថ្នាក់លើ​ដើម្បី​ឲ្យ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​នេះដែរ។ ត្រូវបាន​កាន់កាប់​តាម​រូបភាព​មិនមាន​ច្បាប់​មួយចំនួន ក្នុងពេលដែល​ខេត្ត​យើង​ជា​ខេត្ត​មាន​សក្តានុពល​ទេសចរ​ណ៏​ដោយសារ​ឆ្នេរ។

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី អភិបាល​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​បាន​បញ្ជូន​របាយការណ៍​ទាក់ទង​នឹង​ការទាមទារ​សំណង​របស់​ប្រជាពលរដ្ឋ និង​ការស្នើសុំ​កន្លែង​រៀបចំ​ឲ្យ​ពួកគេ​លក់ដូរ​តាម​ស្ដង់​មក​រដ្ឋាភិបាល​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា​តើ​រដ្ឋាភិបាល​នឹង​រៀបចំ​បែបណា​ដល់​ពួកគេ​ទេ។ នេះ​គ្រាន់តែ​ខ្ញុំ​អាច​និយាយថា បញ្ហា​នេះ​កំពុងស្ថិត​ក្នុងពេល​ត្រូវ​ពិចារណា»។


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​