ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី និង​អគ្គនាយក​ស្ដីទី​នៃ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​សាល​ប្រជុំ​ទូរគមនាគមន៍​កម្ពុជា​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។

ឯកឧត្តម ប្រាក់ សុ​ខុន​មាន​ប្រសាសន៍​ថា​ការ​ផ្លាស់​ប្ដូរ​ថ្នាក់ដឹកនាំ​សហគ្រាស​សាធារណៈ​ពេល​នេះ​រួម​មាន​៖១.​លោក ខូ​វ មក​រា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​ជំនួស​លោក មាស ប៉ូ ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ២. លោក សន វី អគ្គនាយករង​នៃ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​បាន​ប្រគល់​ភារកិច្ច​ជា​អគ្គនាយក​ស្ដីទី នៃ​ទូរគមនាគមន៍​កម្ពុជា ជំនួស​លោក ឡាយ ម៉ា​រី​វ៉ូ ដែល​ត្រូវ​បញ្ចប់​មុខ​តំណែង​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរគមនាគមន៍​កម្ពុជា​។​

នៅ​ក្នុង​ដំណើរការ​នៃ​ការ​កែសម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​អង្គភាព​នេះ​សមាសភាព​ក្រុមប្រឹក្សាភិបាល​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​៥ រូប គឺ​៖ ១.​តំណែង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ១​រូប ជា​ប្រធាន  ២.​តំណែង​ទីស្ដីការគណៈរដ្ឋមន្ត្រី ១​រូប ជា​សមាជិក ៣.​តំណែង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ១​រូប​ជា​សមាជិក ៤.​អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ១​រូប​ជា​សមាជិក និង​៥.​តំណាង​និយោជិត​របស់​ទូរគមនាគមន៍​កម្ពុជា ១​រូប​ជា​សមាជិក​។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា​៖ ជាមួយនឹង​ការ​ប្រកាស​តែងតាំង​មុខ​តំណែង​ខាងលើ​នេះ អគ្គនាយករង​មួយ​រូប​និង​ត្រូវ​បាន​ជ្រើសរើស​យក​មក​ពី​វិស័យ​ឯកជន ដើម្បី​ជួយ​ស្ដារ​និង​ពង្រីក​បន្ថែម​ស្ថានភាព​អាជីវកម្ម និង​បង្កើត​ចំណូល​របស់​អង្គភាព​។ 

ការ​ផ្លាស់​ប្ដូរ​កែសម្រួល​រចនាសម្ព័ន្ធ​នៃ​ទូរគមនាគមន៍​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​នៃ​អធិការកិច្ច​រួម​មួយ​រវាង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រក​ឃើញ​ថា មានការ​ខ្វះខាត​ធ្ងន់ធ្ងរ​លើ​ការងារ​គ្រប់គ្រង ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ទូរគមនាគមន៍​កម្ពុជា​ដែល​នាំ​ឱ្យ មានការ​កិបកេង​លួច​បន្លំ​យក​ប្រាក់​ចំ​ណួ​ល​របស់​អង្គភាព​ចំនួន ២៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ហើយ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​មិន​បាន​ច្បាស់លាស់ គ្មាន​ប្រសិទ្ធិ​ភាព តម្លាភាព និង​គណនេយ្យ​ភាព ដែល​ធ្វើ​ឱ្យ​ចំណូល​មានការ​ធ្លាក់​ចុះ បំណុល​កើន​ឡើងជា​លំដាប់​និង​មាន​ចន្លោះ​ប្រហោង​ជា​ច្រើន​ដែល​ឈាន​ដល់​ការ​កិបកេង​និង​ការ​លុប​បំណុល​។

មិនតែប៉ុណ្ណោះ​ថែម​ទាំង​មិន​បាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​កិច្ច​បញ្ជី​ការ​គណនេយ្យ​និង​ឯកសារ​ពាក់ព័ន្ធ​ដែល​ឈាន​ដល់​ការ​បាត់បង់​ឯកសារ​ដ៏​មាន​សារសំខាន់​ដោយ​ចេតនា​។​នៅ​ក្នុង​ឱកាស​នោះ​លោក សន វី ដែល​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​ស្ដីទី នៃ​ទូរគមនាគមន៍​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​គ្រប់គ្រង ដឹកនាំ​ស្រប​តាម​លក្ខន្តិកៈ បទបញ្ជា​ផ្តៃ​ក្នុង​របស់​ទូរគមនាគមន៍​កម្ពុជា និង​តាម​ការ​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល និង​ក្រសួង​អាណាព្យាបាល​។

ពង្រឹង​វិន័យ សាមគ្គី​ផ្ទៃក្នុង លុប​បំបាត់​ការ​បែងចែក​បក្សពួក​និយម កែប្រែ​ឥរិយាបថ ប្រែ​ក្លាយជា​អ្នកបម្រើ​សេវា​ដ៏​ល្អ​នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​និង​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ពង្រីងគុណភាព​សេវាកម្ម​ជា​ពិសេស​សេវា​មាត់ច្រក​អន្តជាតិ​៕​