កម្ពុជា​នឹង​ប្រឈម​អាកាសធាតុ​ក្តៅ​ហួតហែង ស្ថាប័ន​ជំនាញ​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី​ម្តងទៀត អំពី​ស្ថានភាព​អាកាសធាតុ​ក្តៅ​ហួតហែង នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦​នេះ​។

​លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សេចក្តីជូនដំណឹង​នេះ គឺ​ដូច​ទៅនឹង​សេចក្តីជូនដំណឹង​លើក​មុន​ដែរ ហើយ​វា​ក៏​ជាការ​ក្រើនរំឭក​ទៅដល់​ប្រជាពលរដ្ឋ ឲ្យ​យកចិត្តទុកដាក់ និង​មានការ​ប្រុងប្រយ័ត្ន​ជាមុន​។

​បើតាម​សេចក្តីជូនដំណឹង បច្ចុប្បន្ននេះ បាតុភូត​ក្តៅ​(El Nino) បានចាប់ផ្តើម​ថយឥទ្ធិពល​បន្តិច​ម្តងៗ ។ បាតុភូត Dipole Model Index នឹង​ចូលមក​ជំនួស រហូតដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទើប​បាតុភូត​ត្រជាក់​(La Nila) ចាប់​មាន​ឥទ្ធិពល​វិញ​។

​បាតុភូតធម្មជាតិ​នេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុ​ជាមាន​ស្ថានភាព​ក្តៅ​ហួតហែង​ខ្លាំង នៅ​រដូវប្រាំង ពោល​ក្នុង​ខែ​មិនា និង​មេសា បរិមាណ​ទឹកភ្លៀង​កក់​ខែ​មាន​ចំនួន​តិចតួច  ហើយ​បាតុភូត​ផ្គរ រន្ទះ ខ្យល់ក​ន្ទ្រា​ក់​នឹង​កើតមាន​ច្រើន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ដែល​បន្តថា ស្ថានភាព​អាកា​ធាតុ​នៅ​ដើមរដូវ​វស្សា គឺ​ចាប់ពី​ខែឧសភា ដល់​ខែកក្កដា មាន​ភ្លៀង​តិច មាន​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់កើត​មាន​ច្រើន​។

​កូន​រដូវប្រាំង​នឹង​កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ដល់​ចុងខែ​កក្កដា រីឯ​របាយ​ទឹកភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​ច្រើន ហើយ​រាយប៉ាយ​បានល្អ ចាប់ពី​ពាក់កណ្តាល​រដូវវស្សា រហូតដល់​ចុងរដូវ​វស្សា គឺ​ចាប់ពី​សីហា ដល់​ចុងខែ​វិច្ឆិកា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​

​ទាក់ទង​នឹង​ស្ថានភាព​អាកាសធាតុ​ហួតហែង​នេះ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៥​កន្លងមក រាជរដ្ឋាភិបាល ក៏បាន​ចេញ​សារា​ចរណ៍​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ដែរ​។ រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាកសិករ គួរ​ធ្វើ​ស្រូវប្រាំង​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៦ ដោយ​មិនគួរ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​ទេ​។  ទឹក​តាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​ទឹកធម្មជាតិ​នៅ​កន្លែង​មួយចំនួន គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។​

​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​