​ពេជ្រ​១​ដុំ​តម្លៃ​២០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​អង់​ហ្គោ​ឡា​

​ក្រុមហ៊ុន​អូស្ត្រាលី Lucapa Diamond Company បាន​រកឃើញ​ពេជ្រ​មួយ​ដុំ​ទំហំ​៤០៤​កា​រ៉ាត់​នៅក្នុង​ខេត្ត Lunda Norte ប្រទេស​អង់​ហ្គោ​ឡា ដែលមាន​តម្លៃ​ក្នុង​ខ្ទង់​២០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការផ្សាយ​របស់ Diamants-infos​។​

​ពេជ្រ​ដ៏​ធំ និង​មានតម្លៃ ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់​អាហ្វ្រិក​មួយ​នេះ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣៨​លើ​ពិភពលោក​សម្រាប់​ដុំ​ពេជ្រ​ដែល​ធំជាងគេ​។ វា​ក៏​ជា​គ្រាប់ពេជ្រ​ធម្មជាតិ​ដ៏​ជាងគេ​ផងដែរ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អង់​ហ្គោ​ឡា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Miles Kennedy ប្រធាន​ក្រុមហ៊ុន Lucapa​។​

​លោក Kennedy បាន​អះអាងថា ចាប់តាំងពី​បើក​ប្រតិបត្តិការ​ពី​អំឡុង​ឆ្នាំ​១៩៩០ មក នេះ​ជា​លើកដំបូង​ហើយ​របស់​ក្រុមហ៊ុន​អូស្ត្រាលី ដែល​រកឃើញ​ដុំ​ពេជ្រ​ទំហំ​ធំ​បែបនេះ​។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ ក្រុមហ៊ុន​បាន​រកឃើញ​ពេជ្រ​ទំហំ​ធម្មតា​ជាង​១០០​ដុំ​ផងដែរ​។​

​ដុំ​ពេជ្រ​ធម្មជាតិ​ជាច្រើន​ត្រូវបាន​រកឃើញ​នៅ​ទ្វីបអាហ្វ្រិក ដូចជា​អាហ្វ្រិក​ខាងត្បូង សេ​រ៉ា​ឡេ​អន កុង​ហ្គោ បុ​ត​ស្វា​ណា ឡេ​សូ​តូ និង​អាហ្វ្រិក​កណ្តាល ជាដើម​។ ក្រៅពីនោះ ឥណ្ឌា និង​ប្រេ​ស៊ី​ល គឺជា​ទីតាំង​នៃ​ប្រភព​ពេជ្រ​ដ៏​មានតម្លៃ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​