លោក អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​ទៅ​គុយបា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ៨០​ឆ្នាំ​

​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​គុយបា​នៅ ខែក្រោយ​នេះ​។ បើសិនជា​មិនមាន​ការប្រែប្រួល​នៃ​គម្រោង​ទស្សនកិច្ច​នេះនោះ​ទេ លោក អូ​បា ម៉ា​នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ហើយ​ដែល​ឈាន​ជើង​ក្នុង​ទឹកដី​គុយបា​ក្នុង​រយៈពេល​៨០​ឆ្នាំ​ចុង​ក្រោយនេះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​នៅ​ខែមីនា ខាងមុខនេះ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ទស្សនកិច្ច​ទៅ​គុយបា ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​អាមេរិក​ក្នុង​រយៈពេល​៨០​ឆ្នាំ​ចុង​ក្រោយនេះ ។ ទស្ស ន​កិ​ច្ចនេះ នឹងធ្វើ​ឲ្យ​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី​១ ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​កោះ​ដែលជា​អតីត​គូសត្រូវ​ក្នុងសម័យ​សង្គ្រាមត្រជាក់ ចាប់តាំងពី​ឆ្នាំ​១៩២៨​មក​។

​មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​បាន​ថ្លែងប្រាប់​សារព័ត៌មាន NBC News ថា​ព័ត៌មាន​លម្អិត នៃ​ដំណើរ​ទស្សនកិច្ច​នេះ អាច​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​ជុំវិញ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​នេះដែរ គឺជា​សញ្ញា​ថ្មី​មួយទៀត​នៃ​ការសម្រួល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​ជួបប្រទះ​ភាព​ល្អក់កករ​ចាប់តាំងពី​បដិវត្ត​ន៏​ផ្ដួលរំលំ​រដ្ឋាភិបាល​រណប​អាមេរិក​នៅ​គុយបា​ក្នុង​ឆ្នាំ​១៩៥៩​។ ចាប់​ពីនេះ​នោះមក រដ្ឋាភិបាល​គុយបា​ដែល​ដឹកនាំ​ដោយ​លោក ហ្វី​ដែល កា​ស្ត្រូ បាន​ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​អាមេរិក​ដែល​បានដាក់​ទណ្ឌកម្ម​យ៉ាងច្រើន​លើ​គុយបា​។

​យ៉ាងណាមិញ​ក្នុង​ពាក់កណ្ដាល​អាណត្តិ​ទី​២ របស់លោក អូ​បា​ម៉ា សហរដ្ឋអាមេរិក​និង​គុយបា​បាន​សម្រួល​ទំនាក់ទំនង​ការទូត​ទ្វេភាគី​ឡើងវិញ​នៅ​ឆ្នាំ​២០១៤​។ ក្រោយៗ​មក ការចរចា​ជាច្រើន​រវាង​អាមេរិក និង​គុយបា​បានកើត​ឡើង ដែល​ឈានដល់​ការបើក​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ឡា​ហាវ៉ាន​នៅ​ឆ្នាំ​២០១៥​។ ជាពិសេស​នោះ ចរាចរណ៍​ផ្លូវអាកាស​រវាង​ប្រទេស​ទាំងពីរ​ក៏ត្រូវ​ស្ដារឡើងវិញ​ផងដែរ ក្រោយ​ការចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។

​យ៉ាងណាមិញ បើទោះជា​ទំនាក់ទំនង​ការទូត​ត្រូវបាន​ភ្ជាប់​ក៏ដោយ ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​គុយបា​នៅ​មិនទាន់​ដក​វិញ​នៅឡើយ​ទេ ដ្បិត​មានការ​ប្រឆាំង​ពី​ក្រុម​សភា​សាធារណរដ្ឋ​។ ចំណែក​ការហាមឃាត់​ជំនួញ​អាវុធ​នៅតែ​បន្ត ព្រោះ​អាមេរិក​ត្រូវការ​ពិនិត្យមើល​សកម្ម​ភាព​គុយបា​ជាមុនសិន​។ 

​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជា​ផ្នែក​នៃ​ដំណើរ​របស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​តំបន់​អាមេរិក​ឡាទីន​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែក្រោយ​។ លោក​អូ​បា​ម៉ា​ដែល​ជិត​ផុត​អាណត្តិ​ប្រធានាធិបតី​ទៅហើយនោះ កំពុង​ព្យាយាម​បន្សល់ទុក​ស្នាដៃ​ជាច្រើន​។ នៅ​ថ្ងៃ​ម្សិលមិញ សេត​វិមាន​និយាយថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា នឹងធ្វើ​ដំណើរ​ទៅកាន់​វៀតណាម​ជា​លើកដំបូង​ក្នុង​អាណត្តិ​របស់លោក​។​

​សូម​បញ្ជាក់ដែរថា ប្រធានាធិបតី​អាមេរិក​ចុងក្រោយ​ដែល​ធ្វើដំណើរ​ទៅកាន់​គុយបា​គឺ​លោក Calvin Coolidge នៅក្នុង​ឆ្នាំ​១៩២៨​។ ក្រោយៗ​មក ក៏មាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក ជី​មី កា​ទ័​រ បាន​ទៅ​គុយបា​តាម​ការអញ្ជើញ​របស់​អតីត​មេដឹកនាំ​មេដឹកនាំ​គុយបា​លោក ហ្វី​ដែល កា​ស្ត្រូ​ដែរ​៕
អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​