ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា​ប្រាក់​កម្ចី​ពី​ចិន​រួម​ចំណែក​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថា ប្រាក់​កម្ចី​ពី​ប្រទេស​ចិន រួម​ចំណែក​សំខាន់​ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​អត្រា ៧% ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ។ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​គ្រប់គ្រង​ថវិកា​ជាតិ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​កង្វះ​តម្លាភាព​នៃ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រក្សា​បាន​កំណើន​ជា​មធ្យម ៧% នេះ គឺ​ដោយសារ​ប្រាក់​កម្ចី​របស់​ចិន ដែល​មាន​អត្រា​ការប្រាក់​ទាប និង​មិន​មាន​លក្ខខណ្ឌ៖ «ខ្ចី​ចិន ធ្វើ​ធំៗ​បាន។ ខ្ញុំ​សូម​បញ្ជាក់​ថា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ត​ភ្ជាប់​ធំៗ​សព្វថ្ងៃ ដែល​យើង​ទទួល​ផល​បាន​នេះ ហើយ​ដែល​មាន​ការ​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ធ្វើ Survey របស់ Eurocham ចុង​ក្រោយ​នេះ ចុង​ក្រោយ​បំផុត​នេះ គឺ​វិស័យ​ឯកជន​បាន​ទទួល​ស្គាល់​ថា មាន​ការ​កែលំអ​ច្រើន​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្លូវ​ដឹក​ជញ្ជូន ទាំង​អគ្គិសនី ទាំង​អី​ទាំងអស់។ អត់​ចិន អត់​មាន​អា​ហ្នឹង​ទេ ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង។ អេ.ឌី.ប៊ី (ADB) គម្រោង​ធំ​បំផុត ២០​លាន​ដុល្លារ​អស់​ហើយ។ ទើប​តែ​ឃើញ​ចិន ឲ្យ​ខ្ចី​ច្រើន​ទេ ជប៉ុន ក៏​អ៊ីចឹង​ដែរ ទើប​ឃើញ​ចិន ឲ្យ ១០០​លាន​មួយ​គម្រោង ២០០​លាន​មួយ​គម្រោង ចាប់​ផ្ដើម​ឡើង​ដែរ។ ពី​មុន​អត់​ទេ ដប់​ម្ភៃ​លានៗ ហើយ​ដប់​ម្ភៃ​លាន​ទៅ​ធ្វើ​ស្អី​ចេញ»

ការ​លើក​ឡើង​ពី​ប្រយោជន៍​នៃ​ប្រាក់​កម្ចី​របស់​ចិន គឺ​នៅ​ខណៈ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ខ្ចី​ប្រាក់​ពី​បរទេស ដោយសារ​ទំហំ​ប្រាក់​ជំនួយ​ឥត​សំណង​ថយ​ចុះ​ជា​លំដាប់ នៅ​ពេល​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​កម្ពុជា អាច​ចាក​ចេញ​ពី​តំណែង​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​បំផុត ឆ្ពោះ​ទៅ​រក​តំណែង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៦។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ឲ្យ​ដឹង​ថា បំណុល​ដែល​កម្ពុជា ជំពាក់​ចិន ស្មើ​នឹង ៤៥% នៃ​ប្រាក់​កម្ចី​បរទេស​សរុប​ដែល​មាន​ចំនួន​ជាង ៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (.០២០​លាន​ដុល្លារ) នៅ​ឆ្នាំ​២០១៥។ ការ​ប៉ាន់​ប្រមាណ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា បំណុល​បរទេស​នឹង​អាច​កើន​ដល់ ៦.៤៦៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦ ស្មើ​នឹង ៣២,% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

ទាក់ទង​នឹង​ប្រាក់​កម្ចី​ពី​ប្រទេស​ចិន នេះ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា មិន​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ថា ការ​ខ្ចី​លុយ​ពី​ចិន រួម​ចំណែក​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​ឡើយ៖ «បើ​សិន​ណា​ជា​យើង​មាន​ការ​ខ្ចី​បុល​មាន​តម្លាភាព មាន​ការ​ដេញ​ថ្លៃ ប្រាក់​ដែល​យើង​យក​ពី​ចិន ឬ​ក៏​ប្រទេស​ណា​មួយ​មាន​ចំនួន​ជាង ១​ពាន់​លាន​ក្នុង​មួយ​ឆ្នាំ​ហ្នឹង យើង​អាច​យក​មក​សង់​ផលិតផល​បាន​ច្រើន​ជាង​អ្វី​ដែល​បាន​ធ្វើ​កន្លង​ទៅ ហើយ​មិន​ឆាប់​ខូច​ដូច​ដែល​ជា​សំណង់​ចិន ទេ បើ​សិន​ណា​ជា​មាន​ការ​ដេញ​ថ្លៃ មាន​ការ​ធានា​គុណភាព​អី​ជាដើម»

បន្ថែម​លើ​នេះ លោក សុន ឆ័យ អះអាង​ថា តួលេខ​របស់​រដ្ឋាភិបាល​ស្ដីពី​ប្រាក់​កម្ចី និង​ជំនួយ​ពី​ប្រទេស​ចិន មិន​គួរ​ឲ្យ​ជឿជាក់​បាន​ទេ៖ «រដ្ឋាភិបាល​ហាក់​ដូចជា​កុហក​ពលរដ្ឋ​ពី​រឿង​ការ​ខ្ចី​ពី​ចិន និង​អំណោយ​ពី​ចិន។ ឧទាហរណ៍​ដូចជា​ស្ពាន​ភ្លោះ​នៅ​ជ្រោយចង្វារ រដ្ឋាភិបាល​ថា​ជា​អំណោយ​ចិន តាម​ពិត​មិន​មែន​ទេ គឺ​លុយ​ខ្ចី​ពី​ចិន មក​សាងសង់»

ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង​បំណុល នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណរ៉ា លើក​ឡើង​ថា បច្ចុប្បន្ន​ព័ត៌មាន​ស្ដីពី​ការ​ប្រើប្រាស់​ថវិកា​រដ្ឋ​មាន​លក្ខណៈ​រឹតត្បិត និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ដល់​ថ្នាក់​មូលដ្ឋាន​បាន​គ្រប់គ្រាន់​នៅ​ឡើយ៖ «អ៊ីចឹង​បាន​យើង​ស្នើ​ឲ្យ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ឲ្យ​មាន​ការ​ចូលរួម​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​នីតិវិធី​នៃ​ការ​ប្រើប្រាស់ នីតិវិធី​នៃ​ការ​សង​ហ្នឹង ក៏​សាធារណជន​មិន​ទាន់​បាន​ជ្រួតជ្រាប​អំពី​នីតិវិធី​ច្បាស់លាស់​ផង​ដែរ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ​បម្រើ​ដល់​ប្រយោជន៍​របស់​សាធារណជន និង​មាន​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។