រដ្ឋមន្ត្រី​វប្បធម៌​ប្រាប់​យុវជន​ឲ្យ​សិក្សា​ពី​វប្បធម៌​ជាតិ និង​ប្រុងប្រយ័ត្ន​វប្បធម៌​បរទេស​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ផ្តាំផ្ញើ​ដល់​យុវជន​គ្រប់រូប ឲ្យ​ព្យាយាម​សិក្សា​ពី​វប្បធម៌​ជាតិ​ឲ្យ​បាន​ជ្រៅជ្រះ​។ ក្រៅពី​ជំរុញ​ឲ្យ​យកចិត្តទុកដាក់​លើ​វប្បធម៌​ខ្មែរ លោកស្រី ក៏បាន​ដាស់តឿន​យុវជន ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការទទួលយក​វប្បធម៌​បរទេស​ដោយ​ខ្លះ​ការពិចារណា ជាពិសេស​វប្បធម៌​នៃ​ប្រទេស​ទាំងឡាយ​ក្នុង​សហគមន៍​អាស៊ាន ដែល​កំពុងតែ​ជ្រោ​ម​ជ្រាម​លើ​គ្នា​ទៅវិញទៅមក​។

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​លើកឡើងថា គ្មាន​នរណា​អាច​ហាមឃាត់ ការហូរចូល​នូវ​វប្បធម៌​បរទេស​បានឡើយ ហើយ​ក្នុង​ភិ​ព​ព​លោក វប្បធម៌​នៃ​ជាតិ​សាសន៍​នីមួយៗ​តែង​ចម្លង​ពីគ្នា​ទៅវិញទៅមក ដោយ​ចៀស​មិន​រួច​។ លោកស្រី​បន្តថា ប្រសិនបើ​វប្បធម៌​ដទៃ​បាន​ហូរ​មកដល់​កម្ពុជា​ហើយ​នោះ យុវជន​គួរតែ​យកចិត្តទុកដាក់​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន ជាជាង​ការទទួលយក​ដោយ​ភ្លើតភ្លើន​។​

​រដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​វប្បធម៌​យើង​ហូរ​ទៅ​គេ ហើយ​វប្បធម៌​គេ​ហូរ​មក​យើង​។ អ៊ីចឹង​យើង​ត្រូវគោរព​វប្បធម៌​គេ ហើយ​គេ​ក៏ត្រូវ​គោរព​វប្បធម៌​យើង​ដែរ​។ ម្យ៉ាងទៀត វា​ជា​រឿង​ល្អ​សម្រាប់​យើង ដែល​យើង​ត្រូវ​សិក្សា​ពី​តម្លៃ​នៃ​វប្បធម៌​បរទេស​ទាំងនោះ​»​។

​សូម​ស្តាប់​ប្រសាសន៍​របស់លោក​ស្រី ភឿង ស​កុ​ណា​៖

​លោកស្រី​បាន​បន្ថែមទៀតថា នាពេល​បច្ចុប្បន្ន វប្បធម៌​និង​ប្រពៃណី នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន កំពុងតែ​ធ្វើ​ចលនា​នៅតាម​ប្រទេស​នីមួយៗ ហើយក៏​អាច​ជះឥទ្ធិពល​ខ្លាំង​លើ​គ្នា​ទៅវិញទៅមក នៅពេល​ខាងមុខ​។ ដូច្នេះ ដើម្បី​ឲ្យ​វប្បធម៌​ខ្មែរ​លេច​ត្រ​ដែន​ក្នុងចំណោម​វប្បធម៌​នៃ​ប្រជាជាតិ​ទាំងនោះ យុវជន​និង​និស្សិត​គ្រប់រូប ចាំបាច់​ត្រូវតែ​ការពារ ពង្រឹង លើក​ត​ម្កើ​ន និង​ស្វែងយល់​ពី​វប្បធម៌​របស់ខ្លួន​។
រដ្ឋមន្ត្រី​វប្បធម៌​ប្រាប់​យុវជន​ឲ្យ​សិក្សា​ពី​វប្បធម៌​ជាតិ និង​ប្រុងប្រយ័ត្ន​វប្បធម៌​បរទេស​

​ការ​ថ្លែង​របស់​លោកស្រី​ខាងលើ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្នុង​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​លើក​ទី​២ ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​សាលចតុមុខ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៩ ខែ​កម្ភៈ ឆ្នាំ​២០១៦ ។ កម្មវិធី​មហោស្រព​យុវជន​ទូទាំងប្រទេស​នេះ មានការ​ចូលរួម​ដោយ​ក្រុម​សិល្បៈ របស់​សិស្សានុសិស្ស ចាប់ពី​ថ្នាក់មធ្យមសិក្សា​នៅ​គ្រប់​រាជធានី​ខេត្ត រហូតដល់​ក្រុម​សិល្បៈ​របស់​និស្សិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា មកពី​សាកល​វិ​ទ្យ​ល័យ​ចំនួន​១១ ដើម្បី​ប្រឡងប្រជែង​យកពាន់​រង្វាន់​លេខ​១​។
រដ្ឋមន្ត្រី​វប្បធម៌​ប្រាប់​យុវជន​ឲ្យ​សិក្សា​ពី​វប្បធម៌​ជាតិ និង​ប្រុងប្រយ័ត្ន​វប្បធម៌​បរទេស​

​ទម្រង់​សិល្បៈ ដែល​លើក​មក​ប្រកួតប្រជែង​នេះ មាន​២​ទម្រង់​គឺ​សិល្បៈ​របាំ និង​ស្នាដៃ​ល្ខោន​អប់រំ​។ ការ​ប្រារព្ធ​កម្មវិធី​មហា​ស្រព​យុវជន​ទូទាំងប្រទេស​លើក​ទី​២​នេះ ក៏​ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មិនា លើក​ទី​១៨ ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​